ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តកន្លងនិងលើកទិសដៅបន្តអនុវត្តការងារឆ្នាំ២០១៩

0

កំពង់ធំ៖  ឯកឧត្តម បណ្ឌិត ថោង ខុន  រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជា ប្រធានគណៈអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ អនុវត្តឆ្នាំ២០១៨ និងលើកទិសដៅបន្តអនុវត្តបន្តការងារឆ្នាំ២០១៩  ដែលបានប្រារព្វធ្វើឡើង ចាប់ពីថ្ងៃទី៦ ដល់ទី៧ ខែមិនា ឆ្នាំ ២០១៩ក្នុងរយះពេលពីរថ្ងៃនៅសាលប្រជុំសាលាខេត្តកំពង់ធំ ។

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ដែលបានអនុវត្តឆ្នាំ២០១៨នេះ ត្រូវបានចូលរួម ឯកឧត្តម បណ្ឌិត ថោង ខុន រួមទាំងប្រតិភូមិអមដំណើរ និង ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ  រួមទាំងប្រធានមន្ទីរ អង្គភាព កងកម្លាំង មន្រ្តីរាជការ ចូលរួមជាង៣០០នាក់ ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអានរបាយការណ៍ ស្តីពីលទ្ធផលនូវកិច្ច ប្រជុំសន្និបាតរយះពេល២ថ្ងៃ ដែលសម្រេចបាន  គឺ ឆ្នាំ២០១៨កន្លងទីនេះ រដ្ឋបាលខេត្តកំពង់ធំ បានអនុវត្តកម្មវិធី នយោបាយ និង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣  របស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៥ ជាលទ្ធផលបានធ្វើឲ្យរដ្ឋបាលខេត្ត មន្ទីរអង្គភាពនានា កាន់តែមានប្រសិទ្ធភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ទទឹមនេះ អាជ្ញារ កងកម្លាំង សមត្ថកិច្ច បានខិតខំប្រឹងប្រែង ធានាការពារដល់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានិតិកាលទី៤  និងការបោះឆ្នោតតំណាងរាស្រ្តនិតិកាលទី៦ ឲ្យប្រកបដោយសុវត្តិភាព គ្មានអំពើហឹង្សា និងគ្មានការគំរាមគំហែង ។

ឯកឧត្តម សុខ លូ បានបន្តថា ដោយឡែកការបង្រ្កាបបទល្មើសនានា ដូចជា បទល្មើសនេសាទ បទល្មើស ព្រៃឈើ មានការថយចុះជាបន្តបន្ទាប់ ចំពោះបញ្ហាទំនាស់ដីធ្លី មានលក្ខណៈទ្រង់ទ្រាយធំ ក៏បានខិតខំទប់ ស្កាត់ មិនឲ្យមានការកើតឡើងថ្មី ហើយបន្តខិតខំដោះស្រាយនានាដែលនៅសេសសល់ រដ្ឋបាលខេត្តបាន បំផុសចលនា ចូលរួមពីមូលដ្ឋាន ភូមិ ឃុំមានសុវត្តិភាព ដើម្បីរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈបានល្អ ដូចជាបទល្មើសព្រហ្មទណ្ទ គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ បានថយចុះដែលបានផ្តើម ចេញពីចំនុច អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្តិភាព ដ៏ល្អប្រសើរ រហូតឃុំសង្កាត់ទាំង៨១ ជាប់ចំណាត់ថ្នាក់ល្អ។

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍  បានមានប្រសាសន៍ថា និងជម្រុញឲ្យមានការវិនិយោគ របស់បរទេសឲ្យបានច្រើន ដូចជា រោងចក្រកែច្នៃកសិផល ការធ្វើគ្រឿងបន្លាស់​នានា ដើម្បីនាំចេញទៅទីផ្សាលើសកលលោក ក៏ ជាការបង្កើតការងារដល់ប្រជាពលរដ្ឋ ជារឿងដែលត្រូវបានយកចិត្តទុកដាក់  ជាពិសេសវិស័យ ទេសចរណ៍ និងកសិកម្មកែច្នៃ ខេត្តកំពង់ធំ មានពោលទេសចរណ៍ដ៏ធំ និងត្រូវធ្វើយ៉ាងណា ឲ្យខេត្ត យើងទាក់ទាញភ្ញៀវទេសចរណ៍មកចូលទស្សនាឲ្យបានច្រើន ជម្រុញឲ្យមានការវិនិយោគលើវិស័យ កសិកម្ម   ខេត្តកំពង់ធំគឺមានសក្តានុពលធំ អំពីវិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលជាគោលដៅចាប់អារម្មណ៍ សំខាន់ក្នុងការវិនិយោគរបស់ប្រទេសកូរ៉េ  ។

ឯកឧត្តម បណ្ឌិត ថោង ខុន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះគណៈអភិបាលខេត្តកំពង់ធំ មន្ទីរ អង្គភាព មន្រ្តីរាជការ កងកម្លាំង ទាំងអស់ ដែលបានខិតខំប្រឹងប្រែង ដោះស្រាយរាល់បញ្ហាបទល្មើសព្រៃឈើ បទល្មើសនេសាទ និងទំនាស់ដីធ្លី  រួមទាំងការដោះស្រាយបញ្ហានានា ទទួលបានលទ្ធផលជោគជ័យដោយអហឹង្សា ដែលជាការទទួលយកនូវការអប់រំបានល្អ ពីថ្នាក់ដឹកនាំ។

ដោយ ប៊ុន រដ្ឋា