កិច្ចប្រជុំពិភាក្សាត្រៀមផែនការ និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត

0

សៀមរាប= នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បាន ធ្វើការដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀបផែនការ និង ដោះស្រាយបញ្ហាគ្រោះរាំងស្ងួត នៅពេលចំពោះមុខនេះ ដោយមានការចូលរួមពី សំណាក់អស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ក្នុងជួរគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ ។
បន្ទាប់ពីមានប្រសាសន៍បើកកិច្ចប្រជុំ របស់ឯកឧត្តម ទៀ សីហា រួចមក គ្រប់បណ្តាគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ ក្រុង ស្រុកទាំង១២ នៃខេត្តសៀមរាប និង មន្ទីរ អង្គភាពក្នុងខេត្ត បានធ្វើសេចក្តីរាយការណ៍ ស្តីពីផែនការត្រៀមបម្រុង ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការបំពាក់នូវឧបករណ៍ មធ្យោបាយក្នុងការចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ នៅតាមតំបន់ដែលរងគ្រោះ ខ្វះខាតទឹកប្រើប្រាស់ និង លើកនូវសំណូមពរមួយចំនួនដល់អង្គប្រជុំផងដែរ ។ ក្នុងនោះដែរមន្ទីរធនធានទឹក និង ឧតុនិយម ក៏បានឲ្យ ដឹងផងដែរថា បញ្ហារងការប៉ះពាល់ធ្វើឲ្យប្រទេសកម្ពុជាជួបនិងគ្រោះសីតុណ្ហភាពកម្តៅអែលនីញ៉ូ តែ៦០%ប៉ុណ្ណោះ ដែលបណ្តាលឲ្យតំបន់មួយចំនួនខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ។
ឆ្លងតាមកិច្ចពិភាក្សា ផ្លាស់ប្តូរនូវមតិយោបល់ និង លើកយកនូវបទពិសោធន៍នាពេលកន្លងមក នៅតាមបណ្តាភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដែលជួបរងនូវគ្រោះរីងស្ងួត ខ្វះខាតទឹកប្រើប្រាស់ ដោយមានការធ្វើអន្តរាគមន៍ពីអាជ្ញាធរខេត្ត ក្រុង ស្រុក ដោយមានការ ចូលរួមសហការពីបណ្តា អង្គការដៃគូមួយចំនួនផងដែរ ។ មានប្រសាសន៍បូកសរុបនូវកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការ លើកឡើងនូវចំណុចមួយចំនួន ដែលមានពាក់ព័ន្ធទៅនឹងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចំពោះបញ្ហាទឹកនេះ ។ ឯកឧត្តមក៏បានបញ្ជាក់ ថា ឆ្លងតាមការផ្សព្វផ្សាយ នៃការប៉ះពាលនូវ( អែលនីញ៉ូ ) ដែលធ្វើឲ្យមានការខ្វះខាតទឹក ព្រមទាំងនិងកើតនូវបញ្ហាផ្សេងៗ ដោយ គ្រោះមហន្តរាយនៅតាមបណ្តាក្រុង ស្រុក នាពេលកន្លងមក តែងតែជួបនូវខ្យល់កន្ទ្រាក់ និង រន្ទះបាញ់ ។ ក្នុងកិច្ចប្រជុំនេះ ក៏មានធ្វើ ការផ្លាស់ប្តូរនូវសមាសភាព គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ដោយមានសមាសភាពមួយចំនួន បានផ្លាស់ប្តូរភារកិច្ច និង ចូលនិវត្តន៍ ។ ក្នុងនោះដែរឯកឧត្តមប្រធានអង្គប្រជុំ សូមឲ្យគ្រប់បណ្តាក្រុង ស្រុក ត្រូវមានរបាយការណ៍ជូនមកថ្នាក់ខេត្ត ចំពោះតាមបណ្តាភូមិ ឃុំ ដែលមានជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ ។ ឯកឧត្តមក៏បានធ្វើការកោតសរសើរដល់អាជ្ញាធរក្រុង ស្រុក ដែលបានខិតខំព្យាយាម រក្សានូវប្រភពទឹក ដើមី្បសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ ។ ឯកឧត្តមក៏បានធ្វើការថ្លែងនូវអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទ , ធនធានទឹក និង ឧតុនិយម និង សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងបងប្អូនសប្បុរសជន ដែលបានផ្តល់នូវអណ្តូងទឹកស្អាត ស្រះទឹក សម្រាប់ប្រជាពលរដ្ឋបានប្រើបាស់ ។ ឯកឧត្តម ទៀ សីហា ក៏ បានឲ្យមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត បន្តធ្វើការស្រាវជ្រាវពីប្រភពទឹកបន្ថែមទៀត ដែលយើងត្រូវការធ្វើការជីកអណ្តូងទឹកបន្ថែម ទៀត ។ ម៉្យាងទៀតចំពោះបញ្ហាគ្រោះមហន្តរាយ ដែលតែងបានឆក់យកជីវិតប្រជាពលរដ្ឋ នៅតាមបណ្តាក្រុង ស្រុក គឺដោយរន្ទះបាញ់ និង គ្រោះថ្នាក់ចរាចរណ៍ ។ ក្នុងនោះឯកឧត្តមបានសង្កត់ធ្ងន់ចំពោះមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ សំខាន់មន្ទីរធនធានទឹកនិងឧតុនិយម អភិវឌ្ឍន៍ជនបទ ,បរិស្ថាន ត្រូវធ្វើការសិក្សាស្រាវជ្រាវស្វែងរកប្រភពទឹកផ្គត់ផ្គង់ និង អង្គភាពរដ្ឋាករទឹក , ស្នងការនគរបាលខេត្ត ,កងរាជអាវុធហត្ថខេត្ត ,កងកម្លាំងប្រតិបត្តិការសឹករង រួមទាំងស្នងការបេតិកភណ្ឌ និង អាជ្ញាធរជាតិអប្សរា សាធារណការ និងវិស័យឯកជន គឺត្រៀមលក្ខណៈនូវគ្រប់វិនាទី ក្នុងការបញ្ចេញរថយន្តដឹកទឹក ចុះជួយប្រជាពលរដ្ឋនៅតាមតំបន់ខ្វះខាតទឹកប្រើប្រាស់នៅពេលខាងមុខនេះ ។ កត្តាចាំបាច់ផងដែរ មន្ទីរសុខាភិបាលខេត្ត ក៏ដូចមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ក្នុងការអន្តរាគមន៍លើផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងពេលរដូវក្តៅនេះ សំខាន់ចាស់ជរា និង កុមារតូចៗ ។
ក្នុងកិច្ចប្រជុំនេះដែរ គ្រប់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាព ក៏បានលើកនូវវិធានការរបស់ខ្លួន ក្នុងការត្រៀមលក្ខណៈការចុះជួយ អន្តរាគមន៍សង្គ្រោះ បងប្អូននៅគ្រប់ពេលវេលាដែលមានកើតឡើងផងដែរ ៕ប៊ុនរិទ្ធី