សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

0

កំពង់ធំ៖ ឯកឧត្តម សុខ លូ ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ អមដោយ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន  រួមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាកំពង់ធំ បានចុះចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១០៩គ្រួសារ នៅក្នុងបរិវេណសាលាក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩។

ប្រជាពលរដ្ឋ ដែលអញ្ជើញមក ទទួលអំណោយ របស់សាខាកាកបាតក្រហមកម្ពុជា គឺសុទ្ធសឹងតែជា ប្រជា ពលរដ្ឋ ដែលមានវ័យចំណាស់ និងចាស់ជរា ដែលមានជីវភាពខ្វះខាត រស់នៅក្នុងក្រុងស្ទឹងសែន និងបាន ទទួលអំណោយក្នុងមួយ អង្ករ៥០គ.ក. មីយើងមួយកេស . ត្រីខ១០កំប៉ុង . និងភួយ មុងមួយកញ្ចប់  ក្នុងនោះ ក៏បានផ្តល់អំណោយពិសេសមានមុងកូនក្មេង និងសម្ភារៈមួយចំនួន ផ្តល់ជូនស្រ្តីកូនខ្ចីផងដែរ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយបានពាំនាំនូវការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ តែងតែគិតគូរនិងព្រួយ បារម្ភណ៍នូវការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសមន្រ្តីរាជការ កងកម្លាំង ដែលបានចូលនិវត្តន៍ក៏ដោយ សម្តេចមិនបានព្រងើយកន្តើយនិងបោះបង់បងប្អូនចោលនោះឡើយ ព្រមទាំងបាន បង្កើតសាខាកាកបាទក្រហមខេត្តក្រុង រួមទាំងជម្រុញឲ្យបងប្អូន អ្នកស្ម័គ្រចិត្តកាកបាតក្រហម តាមភូមិ ឃុំ សង្កាត់ ដើម្បីចាំជួយដល់បងប្អូន រាល់ពេលដែល ជួបនូវគ្រោះមហន្តរាយ និងមានជីវភាពខ្វះខាត ដើម្បីជួយបានទាន់ពេលវេលា។

ឯកឧត្តម សុខ លូ ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ  ក៏បានបញ្ជាក់ថា សូមឲ្យពូមីងបងប្អូនទាំងអស់ ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ  ហ៊ុន សែន ដែលបានដឹកនាំនាវាសន្តិភាព រហូតមកដល់ពេលនេះ៤០ឆ្នាំ បានធ្វើឲ្យប្រទេសជាមានសន្តិភាពពេញលេញ ២០ឆ្នាំនេះ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប្រទេសជាតិមានការរីកចម្រើនស្ទើរគ្រប់វិស័យ តែមិនអាចប្រៀនធៀប ភាពជឿនលឿន ស្មើរនិងប្រទេសអាមេរិក . អូស្រ្តាលី នោះទេ ដោយសារតែប្រទេសទាំងនោះ មានសន្តិភាពជាង២០០ឆ្នាំមកហើយ មិនដែលមានសង្រ្កាមនោះទេ  ដូច្នេះយើងត្រូវតែរួមគ្នា ថែរក្សាសន្តិភាពឲ្យបានយូរអង្វែង បើមានសន្តិភាពគឺមានការអភិវឌ្ឍន៍  នៅឆ្នាំ២០៣០ប្រទេសយើងនឹនមានចំណូលមធ្យមកម្រឹតខ្ពស់ ហើយនៅឆ្នាំ២០៥០ នឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់ពោលគឺប្រទេសអភិវឌ្ឍន៍  ប្រជាពលរដ្ឋចំណូលជីវភាពខ្ពស់  ពេលនោះអ្វីក៏រីកចម្រើនដូចប្រទេសជឿនលឿនមួយចំនួនផងដែរ។

ដោយ ប៊ុន  រដ្ឋា