ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បន្តចុះសាងសង់លំនៅដ្ឋាន ជូនគ្រួសារអតីតយុទ្ធជន គ្រាពួកគាត់កំពុងខ្វះទីជម្រករស់នៅសមរម្យប្រចាំថ្ងៃ

0

ដោយ៖ឡុង សំបូរ  ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជនថ្នាក់ខេត្ត ស្រុក និងឃុំ មកពីគ្រប់សមាសភាព នៃកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការជុំវិញខេត្ត និងស្រុក ដោយមានការចូលរួមពី អភិបាលស្រុកឆែប លោកសុខ សាន្តដារ៉ា និងក្រុមស ស យ ក ប្រមាណជិត៧០នាក់ ដើម្បីជួយសាងសង់លំនៅដ្ឋាន ជូនគ្រួសារអតីតយុទ្ធជន នាថ្ងៃទី១៥មិនា២០១៩នេះ ស្ថិតនៅក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ ពាំនាំការនឹករលឹកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ខេត្តព្រះវិហារ គ្រប់លំដាប់ថ្នាក់ ចំពោះអតីតយុទ្ធជនទាំងអស់ ដោយគ្រប់កាលៈទេសៈ ថ្នាក់ដឹកនាំនៅតែគិតគូពីជីវភាពរស់នៅ របស់អតីតយុទ្ធជន និងគ្រួសារពលី ពិការជានិច្ច ព្រោះការបាត់បង់ជីវិត របួសពិការមកដល់សព្វថ្ងៃនេះ ក៏ដោយសារសង្គ្រាម ហើយបងប្អូនយុទ្ធជន បានលះបង់សាច់ស្រស់ ឈាមស្រស់ តស៊ូការពារទឹកដី ក្នុងបុព្វហេតុស្នេហាជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ មានប្រសាសន៍ទៀតថា ការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបាននេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សម្តេចបានបង្កើតសមាគមអតីតយុទ្ធជននេះឡើង ដើម្បីគិតគូ ទ្រទ្រង់ពីភាពសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន នៅគ្រប់មូលដ្ឋានទាំងអស់ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។ ហើយការសង់ផ្ទះជូននៅពេលនេះ នៅពេលកន្លងមក និងនៅចំពោះមុខនេះទៀត ផ្ទះទាំងនោះ គឺជាអំណោយដ៏ថ្លាំថ្លា របស់សម្តេចនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយផ្ទះដែលបានសង់ឡើងនៅក្នុងថ្ងៃនេះ គឺជាការសង់លើកទី១៦ហើយ នៅក្នុងឆ្នាំ២០១៩នេះ។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា បងប្អូនដែលពុំទាន់ទទួលបានផ្ទះ ហើយគ្មានដីធ្លី និងផ្ទះសម្បែងពិតប្រាកដ សមាគមអតីតយុទ្ធជនខេត្ត នឹងបន្តរកដី និងសាងសង់ផ្ទះជូនឲ្យបានគ្រប់ៗគ្នា ទៅតាមគោលការ រាជរដ្ឋាភិបាល ដែលបានកំណត់ទុក។
មេបញ្ជាការផ្នែកសឹករងឆែប លោកវរៈសេនីយ៍ត្រី ឡុង សុធឿន បានប្រាប់ឲ្យដឹងថា ផ្ទះដែលត្រូវសាងសង់ជូនអឌិតយុទ្ធជន ឈ្មោះ យ៉ែម សុខុម ភេទប្រុស អាយុ៤៨ឆ្នាំ ជានិវត្តន៍ជន និងមានប្រពន្ធឈ្មោះ ចក អឿន អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើនោះ ផ្ទះ១ខ្នងនេះសង់ក្នុងទំហំទទឹង៦ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ សង់ពីឈើ ជញ្ជាំងបាំងក្តារ និងដំបូលប្រក់ស័ង្កសី ដែលត្រូវចំណាយថវិកា ចំនួន១០,៣៥០,០០០រៀល ស្មើនឹងជាង១០លានរៀល។ លោកថា ក្រោយពីទទួលបានផ្ទះថ្មី១ខ្នង ម្ចាស់ផ្ទះក៏នៅទទួលបានប្រាក់ ១០០ដុល្លារ អង្ករ៥០គីឡូក្រាម មី៣កេះ ទឹកត្រី២យួ ទឹកស៊ីអ៊ីវ២យួ និងត្រីខកំប៉ុង២យួ បន្ថែមទៀត ពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ។ លោកឡុង សុធឿន បានបន្តទៀតថា នៅក្នុងពេលសាងសង់ផ្ទះជូនអតីតយុទ្ធជននេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានចែកគ្រឿងបរិភោគ និងថវិកា ដល់ជនពិកា ដូន និងតាចាស់ជរា ដែលជាគ្រួសារអតីតយុទ្ធជន ២០នាក់បន្ថែមទៀត ដោយក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល និងសារ៉ុង១ ដែលគ្រឿងបរិភោគ និងថវិកាទាំងនេះ បានមកពីការចូលរួមបរិច្ចាគ របស់មន្ត្រីគ្រប់ស្ថាប័ន នៅក្នុងស្រុកឆែប។
គ្រួសារអតីតយុទ្ធជន បានសម្តែងការអរគុណ និងដឹងគុណ ចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ខេត្តព្រះវិហារ ដែលមានអភិបាលខេត្ត លោក អ៊ុន ចាន់ដា ជាប្រធានកិត្តិយសសមាគមខេត្ត ជាពិសេស អរគុណ និងដឹងគុណ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងបានយកហរទ័យគិតគូពីភាពសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ តាំងពីដើមរៀងមក រហូតមកដល់គ្រាបច្ចុប្បន្ន ៕