មីនតោន​ត្របាក់​ម៉ាស៊ីន​ច្រូតស្រូវ របួសធ្ងន់​ដង្ហើមចង្រិត​៣​នាក់​

0

​ ​ខេត្ត​ប៉ៃលិន ៖ យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​សន្លប់​នៅ​និង​កន្លែង បន្ទាប់ពី​បើក​ម៉ាស៊ីន​ច្រូតស្រូវ​ក្នុង​ស្រែ​ប៉ះ​លើ​មីនតោន​ផ្ទុះ​កក្រើក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២ កក្កដា ២០១៤ នៅ​ចំណុច​ក្នុង​ស្រែ ខាងលិច​ភ្នំ​កុយ ចម្ងាយ​ពី​ផ្លូវជាតិ​

លេខ​៥៩ ប្រវែង​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​ ​ជនរងគ្រោះ​ទី​១-​ឈ្មោះ សឹង ពិសី ភេទ​ប្រុស អាយុ ១៧​ឆ្នាំមាន ទីលំនៅ​ភូមិ​កោះ​ខ្សាច់ ឃុំ​បឹង​ខ្នា ស្រុក​ប៉ា​កាន ខេត្ត​ពោធិ​សាធន៍ សព្វថ្ងៃ​មក​ស្នាក់នៅ​ជាមួយ​ពូ​នៅ​ចំណុច​ភូមិ​កើតហេតុ ខាងលើ​ជា​អ្នក បើក​ម៉ាស៊ីន​ច្រូតស្រូវ ទី​២-​ឈ្មោះ មឿ​ន តុលា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​៣-​ឈ្មោះ មឿ​ន ចិន អាយុ​១១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​រងរបួស​ធ្ងន់​ទាំង​៣ នាក់ ។​ ​

ប្រ​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំងបី​នាក់​បាន​ជិះ​លើ​ម៉ាស៊ីន​ច្រូត ស្រូវ​ដោយ​ដឹកស្រូវ​៩​កា​រ៉ុង​ទៅ​ដា​ក់លើ​គោយន្ត​ដែល​ចត​នៅលើ​ទំនប់ ដោយ​បើក​កាត់​វាលស្រែ​ដែលមាន​ទឹក​តិចៗ​មកដល់​ចំណុចកើតហេតុ ម៉ាស៊ីន​ច្រូតស្រូវ​គឺ​បាន​បើក​កិន​ពីលើ​មីនតោន​ដែល​កប់​នៅក្នុង​ដី ស្រែ​នោះ​ផ្ទុះ​កក្រើក​ធរណី​និង​បាន​ផ្លោង​ខ្ទាត​ទាំង​ម៉ាស៊ីន​ច្រូត ស្រូវ និង​មនុស្ស​ប្រហែលជា​១០​ម៉ែត្រ​ពីរ​ណ្តៅ​គ្រាប់មីន​ដែល​ផ្ទុះ​នោះ​បណ្តាល ឱ្យ​អ្នកជិះ​របួសធ្ងន់​សន្លប់​ទាំងបី​នាក់ ចំណែក​ម៉ាស៊ីន​ច្រូតស្រូវ​ដាច់​បី​កំណាត់ ។​ ​

លោក សេង ឡី ជា​មេភូមិ​ភ្នំ​កុយ បាន​ឲ្យ​ដឹងថា​៖​គ្រាប់មីន​ដែល​ផ្ទុះ​បណ្តាល​ឲ្យ​របួស​មនុស្ស​ទាំង​៣ នោះ​គឺជា ប្រភេទ​មីនតោន​ដែល​សល់​ពី​សម័យ​សង្គ្រាម ។​ហើយ​ដីស្រែ​នោះ​គឺ​ប្រជាពលរដ្ឋ​ធ្វើស្រែ​តាំងពី​ឆ្នាំ​២០០៤ មក​ម្លេះ មិនដែល​មាន​ករណី ផ្ទុះ​គ្រាប់មីន​ទេ ទើបតែ​ពេលនេះ​ខណៈ​ជនរងគ្រោះ​បើក​ម៉ា​ស៊ី​ច្រូតស្រូវ​ប៉ះចំ​មីនតោន​ផ្ទុះ បណ្តាល​ឲ្យ​រងរបួស និង​ខូច ខាត​ម៉ា​ស៊ី​ច្រូតស្រូវ​តែម្តង ។​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។​ហើយ​មកដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ​ជនរងគ្រោះ​ទាំង​៣​នាក់​បាន ដឹងខ្លួន​ឡើងវិញ​ហើយ ។​ ​

លោក កែ សុ​ផេង អាយុ ៣២​ឆ្នាំ​ត្រូវជា​បង​ប្អួ​ន​ជីដូនមួយ​ជន​រង​ឈ្មោះ សឹង ពិសី បាន​ឲ្យ​ដឹងថា​ដីស្រែ​នោះ​គាត់ បានធ្វើ​ជាច្រើន​ឆ្នាំ​មកហើយ​មិនដែល​មាន​បញ្ហា​អី​ទេ​ទើបតែ​ពេលនេះ​ខណៈ ក្មួយ​គាត់​កំពុងបើក​ម៉ាស៊ីន​ច្រូតស្រូវ​ក៏​ប៉ះចំ​មីនតោន​ផ្ទុះ តែ​សំណាងល្អ​ដែល​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ៕download (1) download (2) download (3) download (4) download