ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បាននាំយកអំណោយ ទៅចែកជូនដល់ពលរដ្ឋក្រីក្រគ្រួសារចាស់ជរាចំនួន៧៥គ្រួសារ នៅក្នុងស្រុកសំបូរ

0

ក្រចេះ :ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា និងឯកឧត្តម ហឿ ស៊ីយ៉ែម អនុប្រធានគណៈកម្មាធិការសាខា រួមនិង សមាជិក សមាជិការ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តក្រចេះ ទៅចែកជូនដល់គ្រួសារក្រីក្រគ្រួសារចាស់ជរាចំនួន៧៥គ្រួសារ នៅភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នេះ ។

នៅក្នុងឱកាសជួបសំណេះសំណាលជា មួយនឹងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមក៏បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា សម្តេចបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ត្រូវមើលថែទាំ ក្មេងៗនិងចាស់ជរា អោយបានល្អ ជាពិសេសត្រូវរក្សាទុកដាក់ទឹកប្រើប្រាស់អោយបាន ត្រឹមត្រូវ ព្រោះរដូវក្តៅនិងខិតចូលមកដល់ខាងមុខនេះ ដូចនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីការថែរក្សានិងទុកដាក់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។

អំណោយដែលចែកជូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន អង្ករ២៥គ.ក្រ, មី១កេះ, ត្រីខ១០ កំប៉ុង, ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ, មុងចិន១, និង ថវិកា ៣០០០០ រៀល ៕