សមិទ្ធផល​នានា​ នៅវត្តគិរីសត្ថារាម​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

0

កំពង់ចាម​:​ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធិផលនានា នៅវត្តគិរីសត្ថារាម (ហៅវត្តតាំងស្រែ) ស្ថិតនៅ​ក្នុង​ភូមិត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នារសៀល​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៩ ដោយមានការចូលរួមពី​ លោក លោកស្រី អភិបាល​រង​ខេត្ត​ មន្ទីរ អង្គភាព ពាក់ព័ន្ធ​ជុំវិញខេត្ត​ ព្រមទាំង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋជាច្រើនផងដែរ។

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​លេីក​ឡើង​អំពី​បញ្ហា​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​ ដោយ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​​​ ចូលរួម​តាម​ដានជាមួយនឹង​ព្រឹត្តិការណ៍​នេះ​​ ជាពិសេស​ការ​ចូលរួម​ថែទាំ​ គ្រប់គ្រង​ទឹក​របស់​យេីង​ ទុកសម្រាប់​​ត្រៀម​បង្ការ​​ក្នុង​ការ​ប្រើប្រាស់​​ ព្រោះ​បេី​តាម​ទិន្នន័យ​ដែល​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បាន​បន្ត​ការ​ជូន​ដំណឹង​ជា​បន្តបន្ទាប់​មកនោះ​ ឃើញ​ថា​ស្ថានភាព​គ្រោះ​រាំងស្ងួត​ហួតហែង​នេះ​ នឹង​នៅ​បន្ត​អូស​បន្លាយ​ពេល​វេលា​ ត​ទៅ​មុខ​វែងឆ្ងាយ​ទៀត​ ហេីយ​ក៏សូម​ឲ្យ​មន្ត្រី​របស់​យើង​ ត្រូវ​ចុះ​ពិនិត្យ​ ជួយ​ជួសជុល​អណ្តូង​ចាស់​ និង​បន្ត​ជីក​អណ្តូង​ថ្មី​ ឬ​ស្រះ​ទឹក​បន្ថែម​​ទៀត​ ជូន​​ប្រជាពលរដ្ឋ​យេីង​ ​យក​ទឹក​ទុក​សម្រាប់​​ប្រេីប្រាស់​​។ ពាក់ព័ន្ធ​ជាមួយ​នឹង​គ្រោះ​ស្ងួត​ហួតហែង​ ដែល​ងាយ​បង្ក​ជា​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​​នេះ​ដែរ​ ឯកឧត្ដម​អភិបាល​ខេត្ត​ ក៏​បាន​អំពាវនាវ​ដល់​ បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​​តាម​ដាន​មើល​ ខ្សែ​បណ្ដាញ​អគ្គិសនី​​ផង​ ព្រោះ​ពេល​ដែល​ត​ភ្ជាប់​បណ្ដាញ​ តំរូវការ​ប្រេីប្រាស់​ក្នុង​ផ្ទះយេីង​វា​មាន​កំរិត​ទាប​ ដោយ​បច្ចុប្បន្ន​នេះ​ប្រទេស​ជាតិ​យើង​ មាន​សុខសន្តិភាព​ និង​មាន​ការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ ហើយ​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ​ ក្នុង​ផ្ទះ​យើងក៏​សម្បូរ​បែប​ ចំពោះ​​ខ្សែ​បណ្ដាញ​អគ្គិសនី​ចាស់​ៗ​ វាមិន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទេ​ ដែល​អាច​ទុស្សេ​ បង្ក​ជា​គ្រោះ​អគ្គីភ័យ​ទៀតផង​ ដូច្នេះ​ចាំបាច់យេីង​ត្រូវ​ផ្លាស់ប្ដូរ​ខ្សែ​ភ្លេីង​ថ្មី​ ដែល​មាន​គុណភាព​ខ្ពស់​​ផងដែរ​។ ​
ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏បាន​លើក​ឡើង​ផង​ដែរ​​ថា​ ដោយ​ឆ្លើយ​តប​ទៅ​នឹង​ក្តី​ព្រួយបារម្ភ​ របស់​បងប្អូនប្រជាពលរដ្ធ​ ចំពោះ​បញ្ហា​ជំងឺ​ឆ្កែ​ឆ្កួត​នោះ​ គឺមាន​ក្រុមគ្រូពេទ្យនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចុះបេសកកម្មផ្ដល់សេវាវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅមន្ទីរពេទ្យ ខេត្តកំពង់ចាមយេីងហេីយ ។ ដូច្នេះ បើបងប្អូនណាម្នាក់ ដែលរងរបួសដោយសារបញ្ហា សត្វខាំ ឬខ្វាច សូមប្រញាប់ប្រញ៉ាល ទៅកាន់មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ ដើម្បី ឲ្យគ្រូពេទ្យជំនាញ បានពិនិត្យ ព្យាបាល និងចាក់វ៉ាក់សាំងបង្ការ ទាន់ពេលវេលា ។ ប៉ុន្តែ អ្វីដែលសំខាន់នោះ វ៉ាក់សាំងនេះ បានផ្ដល់អាទិភាព ចំពោះ តែប្រជាពលរដ្ឋណា ដែលរងរបួសដោយសារ​សត្វ​ចិញ្ចឹម​ ដូច​ជា​ត្រូវ​ឆ្កែខាំ ឆ្មាខាំ ឬខ្វាច​ តែប៉ុណ្ណោះ​ ដូច្នេះ​សូមបងប្អូនមក​ទទួល​សេវានេះ ឲ្យបានគ្រប់ៗគ្នា​ ៕