ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមទាំងមន្រ្តីក្រោមឳវាទ ចូលរួមបុណ្យផ្កាសាមគ្គីកសាងសមិទ្ធផល សាលាវិទ្យាល័យកំពង់ធំ

0

កំពង់​ធំ៖  ឯកឧត្តមឧត្តមសេនីយ៍យទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីចង់ កាសាងនូវសមិទ្ធផលបន្ថែម នៅក្នុងសាលាវិទ្យាល័យកំពង់ធំ ដែលមានវ័យចំណាស់ជាងគេនៅក្នុងខេត្តកំពង់ធំ បានបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានចំណេះដឹងរាប់សែននាក់ បច្ចុប្បន្នកំពុងតែយកចិត្តទុកដាក់ រការកែលម្អអភិវឌ្ឍ ដើម្បីទទួលបណ្តុះបណ្តាលយុវជន យុវនារីតាមគោលនយោបាយកំណែទំរង់លើវិស័យអប់រំនិងការច្នៃប្រឌិតបន្ថែមស័ក្កសមនឹងយុគ្គសម័យរីកចម្រើននេះ ។

បុណ្យផ្កាសាមគ្គី ត្រូវបានផ្តួចផ្តើមឡើងដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន រកថវិកាសម្រាប់ជួសជុល សាងសង់សមិទ្ធផលនានាក្នុងសាលា ក្នុងនោះ ក៏បាននាំបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានថវិកាចំនួន ១,៨៣១,៥០០រៀល បានប្រគល់ជូនលោកស្រីនាយិកា​វិទ្យាល័យកំពង់ធំដើម្បីចាត់ចែងប្រើប្រាស់ទៅតាមតំម្រូវការក្នុងសាលា នារសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩។

ឯកឧត្តម ឧត្ដមសេនីយ៍​ទោ​សោម ស៊ុន បានថ្លែងអំណរគុណ នូវសទ្ធាជ្រះថ្លារបស់បងប្អូនយោធិនក្នុងបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបងប្អូន ប្រជាពលរដ្ឋជិតឆ្ងាយ បានរួមគ្នាប្រារព្ធពិធីបុណ្យផ្កាសាមគ្គីនេះ ដែលមានសារៈប្រយោជន៍ខ្លាំងណាស់ ទី១ ជាការសន្សំកុសលផលបុណ្យសម្រាប់បុគ្គលខ្លួនដែលកំពុងរស់រានមានជីវិត និងឧទ្ទិសជូនញ្ញាតិកា ញ្ញាតិមិត្ត ដែលបានចែកឋានទៅលោកខាងមុខ និងទី២ ជាការចូលរួមចំណែកកសាងសមិទ្ធផលក្នុងគ្រឹះស្ថានសិក្សាដែលជាថ្នាលបណ្តុះបណ្តាលធនធាន ។

ឯកឧត្តម សោម ស៊ុន បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដែលបានឃើញ កងកម្លាំង បងប្អូន ប្រជាពលរដ្ឋ ចូលរួមកសាង សមិទ្ធផលនានារបស់វិទ្យាល័យ  ដែលជាថ្នាលបណ្តុះ ធនធានមនុស្ស ឲ្យក្លាយជា បញ្ញាវន្តធនធាន ជាមន្រ្តី ជាថ្នាក់ដឹកនាំ ជាអជីវករ និងជាប្រជាពលរដ្ឋល្អ  ដែលបានរៀននៅវិទ្យាល័យកំពង់ធំនេះកន្លងមក ។

លោកស្រី កូយ គឹមហេង នាយិកាវិទ្យាល័យកំពង់ធំ លោកគ្រូ-អ្នកគ្រូ ជាសាស្ត្រាចារ្យ បុគ្គលិកវិទ្យាល័យបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍​ទោ​សោម ស៊ុន និងសហការី ដែលបានផ្តួចផ្តើម ឲ្យមានកម្មវិធីបុណ្យផ្កាសាមគ្គីកសាងសមិទ្ធផល ក្នុងសាលារៀន ដើម្បីបណ្តុះបណ្តាលកូនចៅជំនាន់ក្រោយ បន្តទៀត។

ដោយ  ប៊ុន  រដ្ឋា