មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា២០១៨-២០១៩

0

តាកែវ៖ នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានរៀបចំអោយមានការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តតាកែវ ដោយមាន ៤ប្រភេទកីឡា ក្នុងនោះរួមមានវិញ្ជាសារបាល់ទាត់យុវជន យុវនារី បាល់ទះយុវជន យុវនារី បាល់បោះយុវជន យុវនារី និងការប្រកួតកីឡាប៉េតង់ ប៊ូល ០៣ទល់០៣ យុវជន យុវនារី ដោយមានក្រុមចូលរួមប្រកួតចំនួន ៦២ក្រុម លើគ្រប់វិញ្ញាសារទាំងអស់ ដែលមានកីឡាករ កីឡាការិនីចំនួន ៧១៤នាក់ ស្រី ៣៣៣នាក់ ដោយធ្វើការប្រកួតរយៈពេល ៤ថ្ងៃ គឺគិតចាប់ពីថ្ងៃទី ១៨ ខែមីនា នេះដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ ។
ថ្លែងនៅក្នុងពិធីបើកអោយមានការប្រកួតកិឡាសិស្សមធ្យមសិក្សានេះដែរឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានជំរុញក៏ដូជាការលើកទឹកចិត្តដល់យុវជន យុវនារីទាំងអស់ដែលជាកីឡាករ ត្រូវតែខិតខំប្រឹងប្រែងយកជ័យលីភី ទៅផ្តល់អោយសាលារបស់ខ្លួនវិញ ជាពិសេសឆ្លងកាត់ការប្រកួតនេះដែរ ក្មួយៗត្រូវចេះដកស្រង់បទពិសោធន៏ពីគ្នាទៅវិញទៅមក នៅលើបច្ចេកទេសនៃការលេង សម្រាប់ជាមេរៀនដល់យើងទៅថ្ងៃខាងមុខបន្តទៀត ។ ហើយបន្ទាប់ពីបញ្ចប់ការប្រកួតកីឡានេះទៅ ក្មួយៗទាំងអស់ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវជៀសអោយឆ្ងាយពីអំពើឧបាយមុខ និងគ្រឿងញៀន ។
ទន្ទឹមគ្នានេះដែរឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៏បន្តថា ការងារអប់រំកាយ និងកីឡា គឺមានតួនាទីសំខាន់ណាស់ក្នុងការ បណ្តុះបណ្តាលធនធានមនុស្សអោយមានកាយសម្បទាមាំមួន មានបញ្ញាភ្លឺថ្លា និងមានសីលធម៍ល្អ ចេះគោរពវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយបានក្លាយជាសេវាសុខភាព មានតម្លៃដូចសេវាសុខាភិបាលសាធារណៈដូច្នេះដែរ ។ កីឡាករ និងកីឡាការិនី មានតួនាទីធ្វើជាគំរូល្អ ជាទូតនៃសន្តិភាព និងអាចដណ្តើមបាននូវកិត្យានុភាពជូនជាតិផងដែរ មិនតែប៉ុណ្ណោះក្មួយៗ កីឡាករ ជាសិស្សដែលអនវុត្តលេងកីឡាជាប្រចាំ អាចជៀសផុតពីការប្រព្រឹត្តិអំពើងបាយមុខ ផ្សេងៗ ដូជាការប្រើអំពើហឹង្សា ការសេពគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗ ព្រោះកីឡានាំអោយមានវិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរ ។
ជាមួយគ្នានេះដែរឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានស្នើរអោយបណ្តាលមន្ទីរ អង្គភាព ស្ថាប័ន នានាទាំងអស់នៅក្នុងខេត្ត ចូលរួមទាំងអស់គ្នាលើការជួយឧបត្ភម្ត និងលើទឹកចិត្ត នាំគ្នាលេងកីឡា នៅក្នុងខេត្តតាកែវ អោយកាន់តែមានភាពផុលផុសឡើង ព្រោះនៅក្នុងពេលបច្ចុប្បន្ននេះ កីឡាបានជួយច្រើន ទៅលើការងារមួយចំនួនដែលយើងមិននឹកស្មានដល់ ដូច្នេះដើម្បីអោយមានការលេងកីឡាកាន់តែច្រើនឡើងនោះ គឺទាន់តែយើងទាំងអស់គ្នា ជាពិសេសមន្ទីរអប់រំយុវជននិងកីឡាផ្ទល់ ដែលជាអ្នកជំរុញ និងគៀងគររកការជួយឧបត្ភម្ត ពីមន្ទីរ ស្ថាប័ននានា អង្គភាព និងក្រុមហ៊ុនដែលមានក្នុងខេត្តជួយបន្ថែម បង្កើតការប្រកួតកីឡានៅក្នុងខេត្តអោយបានច្រើនថែមទៀត ទើបសម្រេចបាន ។ តាកែវ