ពិធីផ្សព្វផ្សាយការចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុចដល់ពលរដ្ឋសង្កាត់ព្រៃតាហ៊ូ

0

កំពង់ធំ៖  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះផ្សព្វ​ផ្សាយ ស្តីពីការចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ជូនដល់ ប្រជាពលរដ្ឋ  ដែលរស់នៅក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

ពិធីផ្សព្វផ្សាយ នេះបានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋ ចូលរួមយ៉ាអធឹកអធ័ម ក្នុងគោលបំណង ជម្រុញឲ្យ កងកម្លាំង មន្រ្តីរាជការ អាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមទាំងស្កាត់នូវ បទល្មើសនានា នៅក្នុងមូលដ្ឋាន ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ធ្វើឲ្យមូលដ្ឋានមានសន្តិសុខសណ្តាប់ធ្នាប់ល្អ បម្រើសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ។

នៅក្នុងពិធីផ្សព្វផ្សាយនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាង​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់​ធំ​បានបំពាក់ឯកសណ្ឋានជូនប្រជាការពារ សង្កាត់ព្រៃតាហ៊ូ ចំនួន ២០ សម្រាប់ផងដែរ  ដើម្បីជាការលើកទឹកចិត្តដល់ប្រជាការពារ ក្នុងការចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន រួមទាំងបាន កោតសរសើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ដឹកនាំប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាពតែមួយ និង​បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាពនេះ ឲ្យបានគង់វង្ស បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ។

ក្នុងនោះប្រជាការពារសង្កាត់ព្រៃតាហ៊ូ បានប្តេជ្ញាចិត្តបម្រើប្រជាជន ការពារសន្តិសុខ ទ្រព្យសម្បត្តិ និងសេចក្តីសុខសាន្តជូនប្រជាជននិងបានសូមថ្លែងអំណរគុណ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពាក់នូវសម្លៀកបំពាក់ជូនដល់ប្រជាការពារនាពេលនេះផងដែរ ។

ដោយ  ប៊ុន  រដ្ឋា