ឯកឧត្តម សុខ លូ អញ្ជើញបញ្ជុះខណ្ទសីមា សម្ពោធឆ្លងសមិទ្ធិផល វត្តបុព្វវ័ននៅស្រុកប្រាសាទបល្ល័ង្គ

0

កំពង់ធំ៖  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព បញ្ជុះខណ្ទសីមា អភិសេក និងសម្ពោធឆ្លង សមិទ្ធិផលនានា ក្នុងវត្តបុព្វវ័ន ( ហៅវត្តខ្មាក់ )  ដែលមានការអញ្ជើញចូលរួម ព្រះសត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណ ខេត្តកំពង់ធំ ព្រមទាំងប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំង៣ប្រភេទ សិស្សា​នុសិស្ស ប្រជាពលរដ្ឋចូលរួមក្នុងពិធី កាត់ឬសខណ្ឬស៊ីមា ជាង១០០០នាក់នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩ ស្ថិតភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្គ បានអានរបាយការណ៍ស្តីពី ភូមិសាស្រ្ត គឺស្រុកជាប់ ផ្លូវជាតិ៦២ ដែលលាតសន្ធឹងពីខេត្តកំពង់ធំ ឆ្ពោះទៅខេត្តព្រះវិហារ មានផ្ទៃដីសរុប ១៧៦,៦៨៩ហត , ផ្ទៃដី បង្ករបង្កើនផល ៤៧.៧៤៦ហត ,ប្រជាពលរដ្ឋសរុប ៦១.៨២៣នាក់ ស្រុកបានយកចិត្តទុកដាក់ សហការជា មួយនិងសមត្ថកិច្ចជំនាញ ដើម្បីពង្រឹកនិងការពារ ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ បានផ្សព្វផ្សាយ ការចូលរួមអនុត្តគោលនយោបាយ ភូមិឃុំ មានសុវត្តិភាពទាំង៩ចំនុច ការពារទប់ស្កាត់បទល្មើសកើតឡើងនៅក្នុង មូលដ្ឋាន ។

លោក វណ្ណៈ សោភានិត បានបន្តថា វត្តបុព្វវ័ន ( ហៅវត្តខ្មាក់ ) គឺជាវត្តដែលមានវ័យចំណាស់មួយ ដែលបាន កសាងឡើងនៅឆ្នាំ ១៩៥៩ នៅសម័យប៉ុលពត ត្រូវបានវាយកំទេចចោល ឆ្នាំ ១៩៩៥  មានព្រះគ្រូចៅអធិការ  គុយ យិន បានដឹកនាំ ប្រជាពលរដ្ឋ ភូមិខ្មាក់, ភូមិ លាល្ពាក់, ភូមិដងអន្ទាក់,និងភូមិចំណារ មកក៏សាងឡើង វិញ បានឆ្លងកាត់ព្រះគ្រូចៅអធិការ៦អង្គ រហូតមកដល់ឆ្នាំ ២០១៩នេះ ទទួលបានព្រះវិហារថ្មី ដ៏ស្រស់ស្អាត ដែលបានកសាងចាប់តាំងពីឆ្នាំ ២០០៧មកម្លេះ ក្នុងរយះពេល១២ឆ្នាំ ទើបមានសមិទ្ធផលនានាក្នុងវត្តទទួល បានការីកចម្រើន។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ស្រុកយើងមានសន្តិភាពពេញលេញ គឺ២០ឆ្នាំ បានកសាងប្រទេស និងការអភិវឌ្ឍន៍គ្រប់វិស័យ តែមិនអាចយកទៅប្រៀបធៀបនឹង ប្រទេសអាមេរិក អូស្រ្តាលី កាណាដា, ដែលគេមានសន្តិភាពមកជាង២០០ឆ្នាំមកហើយ ដោយឡែកប្រទេសខ្មែរ មានប្រវត្តជាង ៥០០ឆ្នាំមកហើយ ដែលមានសង្គ្រាមជម្លោះ បានផ្លាស់ប្តូរថ្នាក់ដឹកនាំរហូត នេះគឺចង់បង្ហាញឲ្យឃើញថា មកពីប្រទេសគ្មានសន្តិភាព ទើបមានសង្រ្គាមមិនចេះឈប់ ដូច្នេះបងប្អូនពូមីង ត្រូវនាំគ្នាថែរក្សាសន្តិភាព  យើងមានសន្តិភាព គឺមានការអភិវឌ្ឍន៍ មានភាពរីកចម្រើន នៅឆ្នាំ២០៣០ប្រទេសយើងនឹងមានចំណូលមធ្យមកម្រឹតខ្ពស់ ហើយនៅឆ្នាំ២០៥០ នឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់ពោលគឺប្រទេសអភិវឌ្ឍន៍ ។

ឯកឧត្តម សុខ លូ បានអំពាវនាដល់បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្ស ទាំងអស់ចូលរួមគ្នាទប់ស្កាត់ កុំឲ្យ មានការពាក់ព័ន្ឋនឹងគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអាត្រាគ្រោះ ថ្នាក់ចរាចរណ៍កើតឡើង និងត្រូវបង្ករបង្កើនផលដាំដំណាំបន្លែបង្កានៅតាមផ្ទះ ដើម្បីកាត់បន្ថយការចំណាយ និងរកចំណូលផ្គត់ផ្គងជីវភាពគ្រួសារ។  ដោយ  ប៊ុន  រដ្ឋា