មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំចុះសំណេះសំណាលកងកម្លាំងវរសេនាតូចលេខ២និងអាជ្ញាធរ

0

កំពង់ធំ៖   ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ ចំពោះកងកម្លាំងគ្រប់វរសេនាតូចទាំង២ និងផ្នែកសឹករង ស្រុកក្រុងទាំង៨ ចំណុះឲ្យ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ក្រោមការចង្អុលបង្ហាញ ណែនាំពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិតហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក  ឲ្យថ្នាក់ដឹកនាំ បន្តពង្រឹងភាពជិតសិទ្ធិ​ជាមួយកងកម្លាំងមន្រ្តីក្រោមឳវាទ ។

ជាក់ស្តែង ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំ ថ្នាក់ដឹកនាំ នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះសំណេះសំណាល សួរសុខទុក្ខ និងក្តោបក្តាប់សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅឈរ ជើងរបស់វរសេនាតូចលេខ២ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិ​  ស្ថិតនៅ​ឃុំ​ក្រយា ស្រុកប្រាសាទបល្ល័ង្ក​ ខេត្តកំពង់ធំ​  នាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសរសើរលោក មេបញ្ជាការកងឯកភាពអាជ្ញាធរដែនដី ដែលបានសហការ គ្រប់គ្រង់សភាពការណ៍ សន្តិសុខបានល្អ ក្នុងការខិតខំបម្រើដល់កងកម្លាំងក្រោមឱវាទ​ និង​ប្រជាពលរដ្ឋ រួមទាំងបាន អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 9 ចំណុច របស់​រាជរដ្ឋាភិបាល​ ។

​ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីបទបញ្ជាទាំង ១០ ចំណុច និងអភិក្រម ទាំង ៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ឆ្លុះកញ្ចក់ ,ងូតទឹក ,ដុះក្អែល ,ព្យាបាល និងវះកាត់ ជូនដល់អាជ្ញាធរដែនដី និងកងកម្លាំងទាំងអស់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពផងដែរ  ចុងក្រោយ ឯកឧត្តម សោម ស៊ុន  បានជួយដោះស្រាយស៊ីម៉ង់ត៍ ០១ តោន និងថវិកាមួយចំនួន ជូនក្រុមប្រឹក្សាឃុំ ក្នុងការចូលរួមកសាងសាលាឆទាន ០១ ខ្នង ខណៈពេលដែលកំពុងសាងសង់ សម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋ ​  ។

ដោយ ប៊ុន រដ្ឋា