សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨និងផ្សព្វផ្សាយទិសដៅ ឆ្នាំ២០១៩

0

កំពត នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពតកាលពីព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ ២០១៩មានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ
២០១៨និងផ្សព្វផ្សាយលើកទិសដៅអនុវត្ត បន្តឆ្នាំ២០១៩របស់សមាគមអតីតយុទ្ធជនកម្ពុជាហៅថា(ស.អ.ក)ដែលកិច្ចប្រជុំនេះមានរយៈពេលមួយព្រឹកក្រោមកិច្ចដឹកនាំប្រជុំឯកឧត្ដម ឧត្តមសេនីយ៍ទោយឹម ប៊ុនធឿនប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។
តាមរយៈរបាយការណ៍លទ្ធផលការងារក្នុងកិច្ចប្រជុំ នៅឆ្នាំ២០១៨កន្លងទៅ នៅក្នុងគ្រប់ក្រុង ស្រុកទូទាំងខេត្តកំពតមានសមាជិក(ស.អ.ក)សរុបចំនួន៤០៩៧នាក់ ចែកចេញជាមុខសញ្ញា៥គឺ មុខសញ្ញាជនពិការ មុខសញ្ញានិវត្តជន មុខសញ្ញាជនបាត់បង់ មុខសញ្ញាគ្រួសារពលី និងមុខសញ្ញា គ្រួសារមរណៈ ហើយនៅក្នុងនោះមានសមាជិកសមាគមដែលបានទទួលមរណភាពសរុបចំនួន ១០៣សព និងបានប្រគល់ថវិកាសមាគមជូនដល់គ្រួសារសពបានមួយរយភាគរយ ស្មើថវិកាសរុបចំនួនបួនរយដប់ពីរលានរៀលនិងបានចូលរួមចុះជាមួយក្រសួងសង្គមកិច្ចបើប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារអតិតយុទ្ធជនមានចំនួន៤៧គ្រួសារស្មើថវិកាជាង៣៣៤លានរៀល។ ដោយឡែកក្រៅពីការងារចាត់តាំងគ្រប់គ្រង(ស.អ.ក)ខេត្តកំពត បានសាងសង់ផ្ទះជូនដល់សមាជិកដែលមានជីវភាពក្រខ្វះខាតបានចំនួន២០គ្រួសារស្មើ២០ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិនប៊ុន រ៉ានីហ៊ុន សែននិងបានប្រគល់ប័ណ្ណបេឡាសន្តិសុខសង្គមហៅថា(ប.ស.ស)ជូនដល់អតីតយុទ្ធជន កម្ពុជាខេត្តកំពត មានបីមុខសញ្ញា គឺជនពិការ និវត្តជន និងជនបាត់បង់ សរុបមានចំនួន២៤៧១នាក់។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដម ឧត្តមសេនីយ៍ទោយឹម ប៊ុនធឿនប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត ដែលតែងតែបានយកចិត្តទុកដាក់ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ តាមតួនាទី ភារកិច្ចចាប់ពីថ្នាក់ខេត្តរហូតដល់ ថ្នាក់ក្រុង ស្រុកនិងឃុំសង្កាត់ ដោយសហការគ្នាបានល្អកន្លងមក ដើម្បីធ្វើយ៉ាងណាអោយបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋានមានជំនឿទុកចិត្ត ផ្ដល់ភាពងាយស្រួលសព្វបែបយ៉ាងដែលបងប្អូនជួបការលំបាកលើជីវភាពរស់នៅរបស់បងប្អូន។ ឯកឧត្ត យឹម ប៊ុនធឿនជំរុញផ្ដាំផ្ញើដល់សមាជិកគណៈកម្មាធិការគ្រប់ថ្នាក់ទាំងអស់ពិសេសប្រធានសាខា(ស.អ.ក)តាមបណ្ដាឃុំ សង្កាត់ទូទាំងខេត្តត្រូវបន្តចុះពិនិត្យជាក់ស្ដែងសមាជិក(ស.អ.ក) ក្នុង ឃុំ សង្កាត់របស់ខ្លួនដែលទីទ័លក្របំផុតមានដីហើយគ្មានផ្ទះស្នាក់នៅបានសមរម្យត្រូវរាយការណ៍ ស្នើឡើងមក(ស.អ.ក)ថ្នាក់ខេត្តដើម្បីរៀបចំឯកសារស្នើទៅថ្នាក់កណ្ដាលបន្តទៀត។
កិច្ចប្រជុំក៏បានឯកភាពដាក់ចេញនូវទិសដៅសំខាន់ៗដើម្បីអនុវត្តបន្ត រួមមានការពង្រឹងរចនាសម្ព័ន្ធនិងកែសម្រួលសមាសភាពថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមបណ្ដាស្រុក ក្រុង ឃុំ សង្កាត់ឡើងវិញ ដើម្បីទទួលបានព័ត៌មានមរណៈភាពទាន់ពេលវេលា និងបន្តធ្វើបច្ចុប្បន្នភាព តាមមុខសញ្ញានីមួយៗរបស់សមាជិកដើម្បីគ្រប់គ្រងបានជាក់លាក់នៃស្ថានភាពកម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូននិងមានវិធានការឧបត្ថម្ភគាំទ្រតាមលទ្ធភាពជាក់ស្ដែងព្រមទាំងបន្តចុះស្រាវជ្រាវធ្វើបច្ចុប្បន្នភាព អតីតយុទ្ធជនដែលបានរំសាយសាកល្បងនិងរំសាយទ្រង់ទ្រាយធំលើកទី១បន្ថែមទៀតផងដែរ។