ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​​ បានប្រារព្ធ​ទិវា​ជាតិ​ បង្ការ​និង​ពន្លត់​អគ្គីភ័យ​ លើក​ទី​៣​ នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ ព្រៃ​ទទឹង​

0

កំពង់ចាមៈ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចូល​រួម​ប្រារព្ធទិវាជាតិ បង្ការ​ និងពន្លត់អគ្គីភ័យលើកទី៣​ សំរាប់ខេត្តកំពង់ចាម​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ នាព្រឹក​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ ព្រៃ​ទទឹង​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទទឹង​ ឃុំ​ជ្រៃវៀន​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ដោយ​មានការ​អញ្ជើញ​ចូលរួមពី​ លោក​ លោកស្រី​​ ​អភិបាលរងខេត្ត មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ និង​បងប្អូន​ប្រជាពលរដ្ឋ​ ​លោក​គ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​ជាច្រើន​នាក់​ផង​ដែរ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានធ្វេីសេចក្តីីរាយការណ៍ អំពីសភាពការណ៍គ្រោះអគ្គីភ័យ ដែលកើតមានឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុង​ឆ្នាំ២០១៨ មាន​ចំនួន​៣៤លេីក បណ្តាលឲ្យឆេះផ្ទះ២៨ខ្នង​ និង​ស្លាប់​មនុស្ស​ម្នាក់​ បេី​ប្រៀបធៀបទៅ​នឹង​ឆ្នាំ​២០១៧ កេីន​ឡើង​ចំនួន​១៧លេីក​។
ដោយឡែកក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ គ្រោះអគ្គីភ័យ បានកេីតមានឡេីងចំនួន១១លេីក បណ្តាលឲ្យឆេះផ្ទះ​២៨ខ្នង​ កុដិ​លោក​១ខ្នង​ និង​របួស​ស្រាល​មនុស្ស​២នាក់។ ​ លោកស្នងការបានបញ្ជាក់ថា បច្ចុប្បន្នយេីងមាន រថយន្តពន្លត់អគ្គីភ័យសរុបចំនួន១៥​គ្រឿង​ ក្នុងនោះរថយន្តកែច្នៃ០១គ្រឿង ដេីម្បី​ធានា​ក្នុង​កិច្ច​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​ ពេល​ដែលមាន​គ្រោះ​អគ្គីភ័យ​កេីត​ឡើងនោះ​ យើង​បានធ្វេីការបែងចែក​រថយន្ត​ពន្លត់​អគ្គីភ័យ​ ទៅ​តាម​បណ្ដា​ស្រុក​ចំនួន​៩​ ដែល​មាន​រថយន្ត​ចំនួន​១២គ្រឿង​ ទុកនៅស្នងការដ្ឋាន​០៣គ្រឿង។
ក្នុង​នោះ​ក៏មានការបង្ហាញពីសកម្មភាពជួយ អន្តរាគមន៍ពន្លត់អគ្គីភ័យមានលក្ខណៈសាមញ្ញ ដោយប្រើប្រាស់ភួយជ្រលក់ទឹក បាល​ប្រភេទ​ពន្លត់​អគ្គីភ័យ​ បំពង់ពន្លត់អគ្គីភ័យ ដែលជាវិធី​សាស្ត្រ​សង្គ្រោះបឋមក្នុងពេលមានគ្រោះអគ្គីភ័យ និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យកេីតឡេីងផងដែរ​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​កោតសរសើរ ដល់កងកម្លាំងនគរបាលដែលកន្លងមក បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់​ ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ​ ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេល​ដែលមានគ្រោះអគ្គីភ័យកើតឡើងម្តងៗ ។
ជាមួយគ្នានោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បានអំពាវនាវដល់គ្រប់គ្រឹះស្ថានទាំងរដ្ឋ និងឯកជន អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករណីគ្រោះ​អគ្គីភ័យ​កើតឡើង ជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះ​អគ្គីភ័យ​ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះ ជាដើម។
ហើយ​ឯកឧត្តម​ក៏​សំណូមពរ​ដល់​​​​ បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​​តាម​ដាន​មើល​ ខ្សែ​បណ្ដាញ​អគ្គិសនី​​ផង​ ព្រោះ​ពេល​ដែល​ត​ភ្ជាប់​បណ្ដាញ​ តំរូវការ​ប្រេីប្រាស់​ក្នុង​ផ្ទះយេីង​វា​មាន​កំរិត​ទាប​ ដោយ​បច្ចុប្បន្ន​នេះ​ប្រទេស​ជាតិ​យើង​ មាន​សុខសន្តិភាព​ និង​មាន​ការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ ហើយ​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ​ ក្នុង​ផ្ទះ​យើងក៏​សម្បូរ​បែប​ ចំពោះ​​ខ្សែ​បណ្ដាញ​អគ្គិសនី​ចាស់​ៗ​ វាមិន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​នោះទេ ដែល​អាច​ទុស្សេ​ បង្ក​ជា​គ្រោះ​អគ្គីភ័យ​ទៀតផង​ ដូច្នេះបេី​ចាំបាច់យេីង​ត្រូវ​ផ្លាស់ប្ដូរ​ខ្សែ​ភ្លេីង​ថ្មី​ ដែល​មាន​គុណភាព​ខ្ពស់​​ផងដែរ​ ៕ ​ ​