កិច្ចប្រជុំការពង្រឹងតួនាទីភារកិច្ចក្រុមការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ

0

កំពង់ធំ៖ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ ដើម្បីពង្រឹងតួនាទីភារកិច្ចក្រុមការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ កន្ថារិទ្ធជំនួយការផ្ទាល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម ទទួលបន្ទុកអតីតយុទ្ធជន និងជនពិការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានៅព្រឹកថ្ងៃទី ២០ខែមីនាឆ្នាំ ២០១៩។

ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ កន្ថារិទ្ធ បានដឹកនាំសហការី បើកកិច្ចប្រជុំ ក្នុងឳកាសនេះ គឺក្នុងគោលបំណង បង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងអតីតយុទ្ធជននិងការដោះស្រាយនូវបញ្ហាផ្សេងៗជូនបងប្អូនអតីតយុទ្ធជនឲ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីបម្រើអតីតយុទ្ធជន នៅខេត្តកំពង់ធំឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។

សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ត្រូវបាន កោតសរសើរ ពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ចំពោះការខិតខំបំពេញភារកិច្ច បម្រើអតីតយុទ្ធជន នៅខេត្តកំពង់ធំ ដូចជាការបើប្រាក់ បេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសព ការចុះសួរសុខទុក្ខដល់បងប្អូនអតីតយុទ្ធជននៅតាមខ្នងផ្ទះ និងដោះស្រាយនូវគ្រឿងឧបភោគបរិភោគ​ និង​ ថវិកា​ ជូនដល់បងប្អូនអតីតយុទ្ឋជនដែលមានជីវភាពលំបាកខ្វះខាត រួមទាំងបានសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ឲ្យរស់នៅបានសមរម្យបានចំនួន ១១៤ ខ្នងផ្ទះ​រួចហើយ  ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត  បានប្ដេជ្ញាចិត្ត៖ ទី១- ខិតខំបន្តបម្រើអតីតយុទ្ធជននៅខេត្តកំពង់ធំ ដោយស្មោះ ទី២- បន្តស្វែងយល់ពីសុខទុក្ខនិងដោះស្រាយការលំបាកខ្វះខាតជូនអតីតយុទ្ធជនយើងនៅតាមមូលដ្ឋានថែមទៀត ទី៣- បន្តពិនិត្យជម្រកស្នាក់នៅ​ពិត​ប្រាកដ​ ដើម្បី​សាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនយើងដែលមានជម្រកស្នាក់នៅមិនសមរម្យឬមានដីហើយតែគ្មានផ្ទះ​ បន្តទៀត ។

៤- សហការជាមួយអាជ្ញាធរដែនដីស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំដីសម្បទានសង្គមកិច្ចជូនបងប្អូនអតីតយុទ្ធជនយើងដើម្បីសាងសង់ជាភូមិឋាននិងដីធ្លីសម្រាប់បង្កបង្កើនផលជូនបងប្អូន  តាមប្រសាសន៍ណែនាំ​របស់​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍​គន់​ គីម​ អគ្គលេខាធិការ​ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា។៥- ទាក់ទងក្រុមគ្រូពេទ្យស្ម័គ្រចិត្តដើម្បីព្យាបាលជំងឺជូនបងប្អូនអតីតយុទ្ធជនយើងនឹងបញ្ជូនបងប្អូនអតីតយុទ្ធជនទៅកាន់មន្ទីរពេទ្យរដ្ឋនានាក្នុងពេលដែលបងប្អូនមានជំងឺត្រូវការព្យាបាល ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ កន្ថារិទ្ធ បានថ្លែងអំណរគុណនិងលើកទឹកចិត្ត ដល់ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីបន្តខិតខំអនវត្តឲ្យបានជោគជ័យតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការគ្រប់គ្រងដោះស្រាយ និងបម្រើអតីតយុទ្ធជនយើង ។  ដោយ ប៊ុន  រដ្ឋា