អភិបាលខេត្ត​កំពង់ចាម​ ជំរុញ​ឲ្យ​ មន្ត្រី​សុខាភិបាល​ សហការ​ជាមួយ​​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​បញ្ចប់​សកម្មភាពការ​​ដើរ​ចាក់ថ្នាំដោយ​ខុស​ច្បាប់​

0

កំពង់ចាម​:​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ឲ្យ​ មន្ត្រី​សុខាភិបាល​ ត្រូវ​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​ចូលរួម​ក្នុង​ការ​​ទប់ស្កាត់​ការ​ដើរ​ចាក់ថ្នាំដោយ​ខុស​ច្បាប់​ ពីសំណាក់​ក្រុម​គ្រូពេទ្យ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ ឬជំនាញ​ច្បាស់លាស់​ ។

ការ​ថ្លែង​បែប​នេះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ក្នុង​ពិធីបិទ​អង្គ​សន្និបាតបូកសរុបការងារសុខាភិបាល​ ខេត្តកំពង់ចាម​ លេីក​ទី​២២ ឆ្នាំ២០១៨​ និងទិសដៅភារកិច្ច​ ឆ្នាំ២០១៩​ របស់មន្ទីរសុខាភិបាល​ខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​សាលប្រជុំ​ មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ ។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្ដម​អភិបាលខេត្ត​ បាន​លើក​ឡើង​​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​ មន្ត្រី​សុខាភិបាល​ ត្រូវ​សហការ​ជាមួយ​នឹងអាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​ ចំពោះ​ការ​ទទួល​សេវា​ចាក់ថ្នាំ​ដោយ​ខុស​ច្បាប់​ គឺ​សូម​ឲ្យ​ក្រុម​គ្រូពេទ្យ​ នៅ​តាម​ភូមិ​នានា​ ដែល​បេីក​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​ទម្លាប់​ ឬ​ជំនាញ​ច្បាស់លាស់​នោះ​ គឺត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​ ។ ឯកឧត្ដម​អភិបាលខេត្ត​ ក៏បាន​សង្កត់​ធ្ងន់ថា​ ​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​មិថុនា​ ឆ្នាំ​២០១៩​នេះ​តទៅ​ គឺ​សូម​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ ក្រុង-ស្រុក​ ត្រូវ​អនុវត្តន៍​វិធានការ​ទប់ស្កាត់​ ជាមួយ​នឹង​ការ​ដើរ​ចាក់ថ្នាំ​ដោយ​ខុសច្បាប់​ ដោយ​ជំហាន​ដំបូង​ត្រូវ​​អនុវត្តន៍​វិធានការ​រដ្ឋបាល​ គឺ​ត្រូវ​ធ្វើការ​អប់រំ​ណែនាំ​ ប៉ុន្តែ​បេី​ក្រុម​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ទាំង​នោះ​ មិន​ព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ទេនោះ​ គឺ​ត្រូវ​អនុវត្តន៍​វិធានការតាម​ផ្លូវ​ច្បាប់​តែ​ម្តង​ ពោល​គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដើរ​ចាក់ថ្នាំ​ដោយ​ខុសច្បាប់​ តទៅ​ទៀត​ទេ​ ដែល​វា​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​ ។

លោក​ វេជ្ជបណ្ឌិត​ គឹម​សួរ​ ​ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ បច្ចុប្បន្ន​នេះ​ មន្ត្រី​សុខាភិបាល​ ដែលកំពុង​បម្រើ​ការងារ​ទូទាំង​ខេត្ត​កំពង់ចាម​ មាន​ចំនួន​សរុប​១,០៧៧នាក់​ ក្នុង​នោះ​ស្រុក​ប្រតិបត្តិ​មាន​ចំនួន០​៩​ មន្ទីរ​ពេទ្យ​ខេត្តមាន​០១​ (កំរិត​៣)​ មន្ទីរ​ពេទ្យ​បង្អែក​ថ្នាក់​ស្រុក​ មានចំនួន​០៤(កំរិត​២)​ មន្ទីរ​ពេទ្យ​បង្អែក​ថ្នាក់​ស្រុក​ មាន​ចំនួន​០៤(កំរិត​១)​ មណ្ឌល​សុខភាព​ ​មានចំនួន​សរុប​​៨៩កន្លែង​ ចំពោះ​ការ​ប្រើប្រាស់​សេវា​សុខាភិបាល​ ក្នុង​ឆ្នាំ​២០១៨​ បាន​ពីគ្រោះ​ជម្ងឺ​របស់​ប្រជាពលរដ្ឋ​ទាំង​២​ភេទ​ និង​គ្រប់​វ័យ​ទូទាំង​ខេត្ត​ ​មាន​ចំនួន​សរុប​ ៧៤០.០៧៨​ ករណី​ ​ក្នុង​នោះ​ជម្ងឺ​ចូល​សម្រាក​ព្យាបាលនៅតាមមូលដ្ឋាន សុខាភិបាល​សាធារណៈ​ទូទាំង​ខេត្ត​ មាន​ចំនួន​សរុប​ ៤៨.៩៥៤​ ករណី​ ពិនិត្យ​ ពីគ្រោះ​ និង​វះកាត់​ភ្នែក​ ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ចំនួន​៣លេីក​ សរុប​១៣៣៩នាក់​។ សូចនាករសំខានៗ​ នៃ​កម្មវិធី​សុខភាព​បន្ត​ពូជ​ មាតា-ទារក​ និង​កុមារ​ ប្រយុទ្ធ​ជម្ងឺ​ឆ្លង​ ជម្ងឺ​មិន​ឆ្លង​ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ កំពុង​បន្ត​សកម្មភាព​។ កត្តា​គន្លឹះ​នាំ​ឲ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ទាំង​នេះ​ គឺ​ដោយ​មាន​ការ​គាំទ្រ​ដ៏​រឹងមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ធមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាន​ការ​គាំទ្រ​ពី​ក្រសួង​សុខាភិបាល​ ជា​ពិសេស​ ឯកឧត្ដម​ អភិបាលខេត្ត​កំពង់ចាម​ ផង​ដែរ​ ៕