អភិបាល​ខេត្តកំពង់ចាម​ បាន​ណែនាំ​ មន្ត្រី​សាលា​ស្រុក​កំពង់​សៀម​ ​ឲ្យ​យក​ចិត្ត​ទុកដាក់​ ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​

0

កំពង់ចាម​:​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សា​ខេត្ត​ បាន​អញ្ជើញ​ចុះទៅ​ធ្វើការ​ណែនាំដល់​ មន្ត្រី​រាជការ​ ក្នុង​ស្រុកកំពង់សៀម​ ឲ្យ​យកចិត្តទុកដាក់​ ក្នុង​ការ​បម្រើ​សេវា​សាធារណ:​ ជូនប្រជាពលរដ្ឋ​ ឲ្យ​កាន់តែល្អ​ប្រសើរ​ឡើង​ថែមទៀត​។​ ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​នាព្រឹក​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​សាលប្រជុំ​សាលា​ស្រុក​កំពង់​សៀម​ ដោយ​មាន​ការ​ចូលរួម​ពី​ មេប៉ុស្តិ​ មេឃុំ​ ស្មៀនឃុំ​ មន្ត្រីជំនាញ​ និង​ថ្នាក់ដឹកនាំ​សាលា​ស្រុក​កំពង់សៀម​ ផង​ដែរ​។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បានថ្លែងថា ការចុះមកបំពេញបេសកកម្មរបស់ថ្នាក់ដឹកនាំខេត្ត នាពេលនេះ គឺដើម្បីស្ដាប់នូវចំណុចខ្វះខាត នឹងធ្វើការណែនាំ អប់រំ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របទៅតាមនីតិវិធីច្បាប់ និងគោលការណ៍ណែនាំនានា ដោយជៀសវាងការអនុវត្តភារកិច្ច ទៅតាមទម្លាប់ ក៏ដូចជា ការអនុវត្ត ដោយរំលោភអំណាច និងដែនសមត្ថកិច្ចគ្នា ។
ឯកឧត្ដម​អភិបាលខេត្ត​ បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តគោលនយោបាយកំណែទម្រង់លើគ្រប់ផ្នែកគ្រប់វិស័យ ចាប់តាំងពីឆ្នាំ២០០២ មកម៉្លេះ និងមានរយៈពេល ១៧ឆ្នាំ កន្លងទៅហើយ ។ ដោយឡែក ក្នុងអាណត្តិ ទី៦នេះ រាជរដ្ឋាភិបាល កំពុងផ្ដោតទៅលើ ការអនុវត្តនូវអភិក្រមទាំង ៥ មានដូចជា ៖ ងូតទឹក ដូសក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់ ។ ហើយយើងម្នាក់ៗ សុទ្ធតែបានដឹង និងបានលឺ ផងដែរ ។ យ៉ាងណាម៉ិញ មកដល់ពេលនេះ គ្មាននរណាម្នាក់ អាចគេចផុត ពីការអនុវត្តលើកំណែទម្រង់ស៊ីជម្រៅ ជាពិសេស លើការអនុវត្តនូវអភិក្រម ទី៥ ដែលអាចនិយាយបានថា មិនត្រឹមតែមន្ត្រីរាជការ ប៉ុណ្ណោះទេ សូម្បី វិស័យឯកជនក៏ត្រូវបានអនុវត្ត រួចមកហើយដែរ ពោលគឺ ជនណាដែលបានប្រព្រឹត្តខុសច្បាប់ ត្រូវមកទទួលទោស ទៅតាមផ្លូវច្បាប់ ។ ដូច្នេះហើយ ថ្នាក់ដឹកនាំខេត្ត មិនចង់ឃើញមន្ត្រីយើងមានកំហុស រហូតដល់ត្រូវអនុវត្តអភិក្រមទី៥ នោះទេ ទើបពេលនេះ យើងធ្វើការណែនាំ អប់រំ ក្នុងគោលបំណង ឲ្យមន្រ្តីមានសមត្ថភាព និងចំណេះដឹង ហើយផ្លាស់ប្ដូរនូវឥរិយាបទ ខិតខំអនុវត្តតួនាទី ភារកិច្ចស្នូល ដើម្បី បម្រើ​សេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អ ប្រសើរឡើងថែមទៀត ។
ជា​មួយ​គ្នា​នោះ​ ឯកឧត្ដម​អភិបាល​ខេត្ត​ ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ស្រុក​កំពង់​សៀម​​ ឲ្យ​ទៅកាន់​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ របស់​សាលា​ស្រុកកំពង់សៀម​ ដើម្បី​ឲ្យ​មន្ត្រី​របស់​យេីង​ បាន​បម្រើ​សេវារដ្ឋបាលជូន​ ហើយ​បើនៅមានបញ្ហា​អ្វី​ប្រឈម​ មន្ត្រី​យេីង​នឹងខិតខំ​ធ្វើការ​ដោះស្រាយជូន​ ជាក់​ជា​មិនខាន​។​ ហយឯកឧត្ដម​អភិបាល​ខេត្ត​ ក៏​បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ នៅក្នុង​ស្រុក​កំពង់​សៀម​ ត្រូវ​ខិតខំ​អភិវឌ្ឍ​ន៍​សមត្ថភាព​របស់​ខ្លួន​ ឲ្យ​កាន់​តែ​មាន​ចំណេះដឹង​ខ្ពស់​បន្ថែម​ទៀត​ ក្នុង​ការ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ ឲ្យ​កាន់តែ​មាន​ភាព​​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​​។
ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ធមន្រ្តី​នៃ​ព្រះរាជាណាចក្រ​ បាន​ដំឡើង​ប្រាក់​បៀវត្ស​ ជូន​មន្ត្រី​រាជការ​យេីង​ ជាបន្តបន្ទាប់​ ដូច្នេះ​យើង​ក៏​ត្រូវ​ខិតខំប្រឹងប្រែង​ បំពេញ​ភារកិច្ច​ បម្រើ​ប្រជាពលរដ្ឋ​ ឲ្យ​កាន់តែ​ខ្ជាប់ខ្ជួន​ឡើង​បន្ថែម​ទៀត​​ផង​ដែរ​ ៕