រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកកម្លាំងកងទ័ព គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រៅពីកិច្ចការងារការពារជាតិ

0

ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានមានប្រសាសន៍បែបនេះ គឺនៅគ្រាដែលលោករដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមកឧត្ថម្ភដល់ យុទ្ធជន យុទ្ធនារី នាយទាហាន និងនាយទាហានរង ជាច្រើនរយនាក់ នៅក្នុងអង្គភាពយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃទី២៨មិនា២០១៩។
នៅក្នុងដំណើរឆ្ពោះមកកាន់យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង របស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាននោះទៀត ត្រូវគេដឹងថា ក្រៅពីការនាំយកអំណោយ ស្បៀងអាហារ ម៉ូតូ៤គ្រឿង និងថវិកាមួយចំនួន សម្រាប់ជួយទ្រទ្រង់បន្ថែម លើមធ្យោបាយ ជីវភាពរស់នៅ និងការកសាងអង្គភាពនោះ ក៏ដើម្បីបន្តពង្រឹង និងផ្សារភ្ជាប់ នូវចំណងសម្ព័ន្ធមេត្រីភាព រវាងក្រសួងបរិស្ថា និងកងទ័ព នៃអង្គភាពយោធភូមិភាគទី១ ផងនោះទៀត។
លោករដ្ឋមន្ត្រី សាយ សំអាល់ លោកបានថ្លែងក្រើនរំលឹក ដល់កម្លាំងកងទ័ពទាំងអស់ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ក្នុងពេលចុះធ្វើកិច្ចសហប្រតិបត្តិការ ជាមួយមន្ត្រីឧទ្យានុរក្ស នៃក្រសួនបរិស្ថាន និងកងកម្លាំងពាក់ព័ន្ធនានាទៀតនោះ ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រោះកិច្ចការងារនេះអាចប្រឈម នឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង រហូតដល់ពលីអាយុជីវិត ជាមួយនឹងក្រុមឧក្រិដ្ឋជន បំផ្លាញធនធានធម្មជាតិ។ លោកថា ក្រសួងបរិស្ថាន នៅក្នុងគ្រាបច្ចុប្បន្ន មានភារកិច្ចទទួលបន្ទុកការពារ និងគ្រប់គ្រងព្រៃឈើ នៅទូទាំងប្រទេស មានវិសាលភាពលាតសន្ធឹងលើផ្ទៃដី សរុបប្រមាណ៧លាន ហិចតាកន្លះ ខណៈដែលមន្ត្រីឧទ្យានុរក្ស មានត្រឹមតែ១ពាន់ ២០០នាក់ ដូច្នេះ មន្ត្រីឧទ្យានុរក្សតិច តែការទទួលខុសត្រូវខ្ពស់ តែងតែជូបនូវឧបសគ្គ និងបញ្ហាប្រឈមនានាជាច្រើនជំពូក ដែលត្រូវដោះស្រាយ។ ជាក់ស្តែង នៅពេលថ្មីៗកន្លងមកនេះ មន្ត្រីឧទ្យានុរក្សម្នាក់ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបានក្រុមកាប់ទន្ទ្រានព្រៃឈើ ធ្វើការកាប់ប្រហារចំនួន៥កាប់បិត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ គ្រាចុះបំពេញភារកិច្ចការពារព្រៃអង់តែន នៅពេលដែលក្រុមជនដៃដល់បាន និងកំពុងកាប់ទន្ទ្រានព្រៃនេះយកជាកម្មសិទ្ធិ ប៉ុន្តែ មន្ត្រីឧទ្យានុរក្សដែលរងរបួសធ្ងន់នោះ ត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា ដោយសារមានកិច្ចអន្តរាគមន៍ ពីកម្លាំងពាក់ព័ន្ធនានា នៅក្នុងមូលដ្ឋាននោះ។ លោករដ្ឋមន្ត្រី បានបន្តថា ដោយឡែក នៅក្នុងខេត្តស្ទឹងត្រែងនេះវិញ រាល់ការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ គឺតែងមានកម្លាំងកងទ័ព នៃយោធភូមិភាគទី១ សហការជាមួយមន្ត្រីបរិស្ថានខេត្តជាប់ជានិច្ច។ លោករដ្ឋមន្ត្រីបរិស្ថាន បានថ្លែងកោតសរសើរ និងអរគុណ ចំពោះកម្លាំងយោធាភូមិភាគ១ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ហួត ឈាង ក្នុងការបញ្ជាអន្តរាគមន៍ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងខេត្តស្ទឹងត្រែង នាពេលកន្លងមកនេះ។ ដូច្នេះ បើទោះបីជាលោករដ្ឋមន្ត្រី ស្ថិតនៅទីណា ឬខេត្តណាក៏ដោយ ក៏ការចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងបរិស្ថាន ជាមួយកម្លាំងកងទ័ព នៃយោធភូមិភាគទី១នេះ នៅតែផ្សារភ្ជាប់គ្នាជារៀងរហូត ហើយសន្យា ពេលមានបុណ្យទានធំៗ ជាពិសេស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គណៈប្រតិភូក្រសួងបរិស្ថាន នឹងបន្តចុះជួបសួរសុខទុក្ខ និងមានភ្ជាប់ដោយអំណោយ ជាគ្រឿងបរិភោគ គ្រឿងបរិក្ខា និងថវិកាមួយចំនួន ផ្តល់ជូនកងទ័ពទាំងនៅសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសម្តេចបានផ្តួចផ្តើមគំនិតនេះឡើង តម្រូវឲ្យអង្គភាពកងទ័ព និងស្ថាប័នស៊ីវិល ចងសម្ព័ន្ធមេត្រីភាពរវាងគ្នា ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគ្រាមានការលំបាក៕