ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ និងយ៉ាម៉ាជាង៤០០០គ្រាប់នៅជាយដែនម៉ាឡៃ បញ្ជូនទៅតុលាការ

0

បន្ទាយមានជ័យ៖ ជនសង្ស័យប្រុស.ស្រី៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀនជិត៤,០០០គ្រាប់ និងខេទឹកកកនៅថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៩ នៅស្រុកម៉ាឡៃ។នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ង៉េង សុជា បានឲ្យដឹងថា កម្លាំងជំនាញបានសហការជាមួយកម្លាំងអធិការនគរបាលស្រុកម៉ាឡៃ បើកការស្រាវជ្រាវទើបឈានដល់ការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយនេះ។

លោកបន្តថា ជាលទ្ធផល សមត្ថកិច្ចយើង ប្រើពេលពីរថ្ងៃគឺថ្ងៃទី២៧ ២៨ ខែមិនា ឃាត់បានប្រុសស្រីបន្តបន្ទាប់៤នាក់ដកហូតបានវត្ថុតាងវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ ច្រកក្នុងថង់ពណ៌ស រុំស្គុតនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន៣,៩៦៧ ក្នុងនោះ ថ្នាំពណ៌លឿងចំនួន៣៩គ្រាប់ និងដកហូតសម្ភារៈមាន ទូរស័ព្ទដៃរ ចំនួន៣ គ្រឿង ម៉ាក oppo ២គ្រឿង Nokia ១គ្រឿង។

ជនសង្ស័យ៤នាក់ មានឈ្មោះ១/-. ឈ្មោះ តាំង ចន្ធូ ភេទ ស្រី អាយុ ៣៩ឆ្នាំ មុខរបរ កម្មករ រស់នៅ សង្កាត់់ ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២/- ឈ្មោះ សោម ច័ន្ទចំប៉ា ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ថ្មរមាល ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ។៣/- ឈ្មោះ ទេស រ៉ូស្សា ហៅ មុំ ភេទ ស្រី អាយុ២៥ ឆ្នាំ មុខរបរ រៀន សំអាងការ រស់នៅភូមិ ថ្នល់បត់ ឃុំ ភ្នំតូច ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។៤/ឈ្មោះ កែ រិន ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា សំណុំរឿងករណីជួញដូរថ្នាំញៀននេះ ជនសង្ស័យប្រុសស្រីទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនគឺជាមុខសញ្ញាជនសង្ស័យដែលទើបចេញពីពន្ធនាគារថ្មីៗនេះ ហើយបានទៅធ្វើសកម្មភាពជួញដូរគ្រឿងញៀនសាជាថ្មី ទើបត្រូវចាប់ខ្លួនម្តងទៀត។បច្ចុប្បន្នក្រោយសួរនាំ ជនសង្ស័យប្រុសស្រីទាំងនេះ រួមជាមួយវត្ថុតាង នឹងត្រូវបញ្ជូនទៅតុលារដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕