ដើម្បីបរិស្ថាន និង សុខមាលភាពប្រជាពលរដ្ឋយុវជនខ្មែរស្រឡាញ់ខ្មែរ១៥០នាក់បានរួមគ្នាដើររើសសំរាមតាមដងផ្លូវក្នុងក្រុងកំពង់ឆ្នាំង

0

កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ក្រុមយុវជនខ្មែរស្រឡាញ់ខ្មែរចំនួន១៥០នាក់នៃសាលាព្រះគុណ ដឹកនាំដោយលោកស្រីជួន វិចិត្រ និង លោកម៉ក់ សុលីន នាយករងរដ្ឋបាលក្រុងកំពង់ឆ្នាំង បានរួមគ្នា ដើររើសសម្រាមដើម្បីបរិស្ថានគ្មានសំរាមនិងសុខមាលភាពប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្នុងក្រុងកំពង់ឆ្នាំង ។

លោកស្រី ជួន វិចិត្រ ជាគ្រូបង្រៀននៅសាលាព្រះគុណបានអោយដឹងថា នេះជាលើកទី៤ហើយ ដែលក្រុមយុវជនខ្មែរស្រឡាញ់ខ្មែរបានចូលរួមក្នុងកិច្ចការសង្គម ដោយផ្តោតលើកិច្ចការងារសំអាតបរិស្ថាននៅក្នុងភូមិសាស្រ្តនៃក្រុងកំពង់ឆ្នាំង ។ កាលពីលើកទី១យុវជនដែលបានចូលរួមគឺមានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលសកម្មភាពបានធ្វើជាបន្តបន្ទាប់ កម្លាំងយុវជនបានចូលកាន់តែច្រើនឡើងៗ ដែលនៅលើកទី៤នេះ គឺមានយុវជនរហូត ១៥០នាក់ បានដើររើសំរាម ដោចែកចេញជា៥ក្រុម ដែលរើសសំរាមតាមគោលដៅ តាមផ្លូវកៅស៊ូពីចំណុចផ្ទះលោកតាបារាំង ផ្លូវស្រែ១០០ តាមផ្លូវជាតិលេខ៥ និង តាមផ្លូវទៅផ្សារក្រោម ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ម៉ក់ សុលីនបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត របស់ក្រុមយុវជន ខ្មែរស្រលាញ់ខ្មែរ ដែលកន្លងមកនេះបានចូលយ៉ាងសកម្មជាមួយ និង កិច្ចការងារសង្គម ក្នុងការថែរក្សាបរិស្ថានអោយស្រស់ស្អាតនៅក្នុងក្រុងកំពង់ឆ្នាំង ធ្វើយ៉ាងណាអោយក្រុងមួយនេះ ក្លាយជាក្រុងដែលគ្មានសំរាម គ្មានថង់ប្លាស្ទីកនៅលើដងផ្លូវ ។

លោកម៉ក់ សុលីន បានអោយដឹងទៀតថា កន្លងមកនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានដាក់កម្លាំងជាច្រើនផងដែរ ដើម្បីប្រមូលសម្រាមនៅក្នុងក្រុងកំពង់ឆ្នាំងប៉ុន្តែដោយបរិមាណសំរាមកាន់តែច្រើនឡើងៗ ក្រុមប្រមូលសំរាម ក៏នៅខ្វះចន្លោះផងដែរ។ កិច្ចការសំអាតបរិស្ថាន គឺត្រូវចូលរួមទាំងអស់គ្នា ទើបក្រុងរបស់យើងក្លាយជាក្រុងដែលគ្មានសំរាម ។
ក្រុមយុវជនដែលធ្វើសកម្មភាពរើសសំរាមគឺធ្វើឡើងគោលបំណង លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅទូទាំងខេត្ត និងជាការលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងនៅលើភពផែនដី ដោយតម្រូវឲ្យយើងទាំងអស់គ្នា រួមគ្នាចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដោះស្រាយបញ្ហានេះឲ្យបានប្រសើរឡើង។
ការចូលរួមរបស់មហាជនក្នុងការធ្វើ អនាម័យ បរិស្ថាន ការទុកដាក់សំណល់គ្រប់ប្រភេទ តាមលក្ខណៈបច្ចេកទេសបរិស្ថានបានល្អត្រឹមត្រូវ គឺជាការចូលរួមលើកស្ទួយកែលម្អគុណភាពបរិស្ថាន សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន ឲ្យស្រស់ស្អាតផូរផង់ និងបៃតង ជានិច្ច រួមចំណែក លើកស្ទួយកិត្យានុភាពជាតិ និងសុខុមាលភាពប្រជាពលរដ្ឋយើងឲ្យបានប្រសើរឡើង៕