ស្នងការនគរបាលខេត្តតាកែវក្រើនរំលឹនគរបាលបង្កើនការប្រុងប្រយ័ត្នសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នៅបុណ្យចូលឆ្នាំថ្មីជាតិខ្មែរ

0

តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង បានណែនាំ និងក្រើនរំលឹកទៅដល់មន្រ្តីនគរបាលទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងការការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ខាងមុខនេះ ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចសហប្រតិបត្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែមីនា និងលើកទិសដៅសម្រាប់ខែមេសា និងពិធីចែកអាវកាក់ចំណាំងជិត៥០០អាវ ជូនដល់មន្រ្តីនគរបាលទូទាំងក្រុងស្រុក នៅឯស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បន្តថា ខណៈពេលដែលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខិតចូលមកដល់ខាងមុខ បងប្អូនប្រជាពលរដ្ឋពួកគាត់នឹងវិលមកស្រុកកំណើត មកជួបជុំបងប្អូនសប្បាយរីករាយ ដូច្នោះសូមឲ្យមន្រ្តីនគរបាលទាំងលោកស្នងការរងទទួលផែនសណ្តាប់ធ្នាប់ អធិការ មេប៉ុស្តិ៍ ទាំង១០០ឃុំសង្កាត់ ត្រូវរួមសហការគ្នាធានាបាននូវសុខសុវត្ថិភាពជូនពួកគាត់ឲ្យបានល្អប្រសើរ ។
ស្នងការនគរបាលខេត្តតាកែវរូបនេះ បន្ថែមទៀតថា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងមានបងប្អូនប្រជាពលរដ្ឋ រៀបចំនូវកម្មវិធីរាំលេងសប្បាយ ហើយនៅវត្តអារាម ឬតាមទីសាធារណៈផ្សេង ក៏រៀបចំលេងល្បែងប្រជាប្រិយខ្មែរជាច្រើនផងដែរ សូមឲ្យអស់លោកដែលជាមន្រ្តីនគរបាល ត្រូវរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពនេះឲ្យបានច្បាស់លាស់ ពោលត្រូវធានាបានថា នឹងការពារសុវត្ថិភាព ក៏ដូចជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឲ្យល្អ ពិសេសគឺការសម្រួលចរាចរណ៍ដល់ពួកគាត់ធ្វើដំណើរ ឲ្យមានលក្ខណៈងាយស្រួល និងសុវត្ថិភាព ។
បើតាមឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ក្រៅតែពីការការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោកស្នងការក៏បានណែនាំដល់មន្រ្តីនគរបាលទាំងអស់ ត្រូវធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះអគ្គីភ័យគ្រប់ពេល ដោយមុននឹងចាកចេញទៅដំណើរកម្សាន្តនៅទីជិតឬឆ្ងាយ ត្រូវមើលភ្លើងទានធុប និងបិទភ្លើងអគ្គិសនី ឲ្យបានរៀបរយ ជៀសវាងបញ្ហាអគ្គីភ័យកើតមានឡើង នាំឲ្យបាត់បង់ទ្រព្យសម្បត្តិខ្លួនឯង និងអ្នកជិតម្ខាងផងដែរ ៕