យុទ្ធនាការអនាម័យសម្អាតបរិស្ថាននៅតំបន់ឆ្នេរក្រុងកែប

0

ខេត្តកែប ព្រឹកថ្ងៃសៅ​រ៍​ ទី៣០មីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប ដោយមានមន្ទីរបរិស្ថានខេត្ត​ ជាសេនាធិការ​ ក្រោមការគាំទ្រសម្ភារ​ និងថិវកា​ ដោយក្រុមហ៊ុន​ ជិបម៉ុង​ គ្រុប​ បានរៀបចំពិធីយុទ្ធនាការ សម្អាតអនាម័យបរិស្ថាននៅតំបន់ឆ្នេរ និងសួនច្បារមុខសាលាខេត្ត ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពីណីជាតិខ្មែរដែលឈានមកដល់នាពេលខាងមុខ ពិធីនេះដឹកនាំផ្ទាល់​ ដោយ​ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត​ រួមទាំងថ្នាក់ដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីអង្គភាព លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ៥០០នាក់។

នាឱកាសនោះការសម្អាតអនាម័យនៅតាមឆ្នេរ សួនច្បារនាៗ​ ដែលជាសារមួយក្នុងការភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិ។ ក្នុងនោះផងដែរឯកឧត្ដម អភិបាលខេត្ត បានលើកឡើងពីសារ:សំខាន់នៃវិស័យបរិស្ថានក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម​ ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់លើការវេចខ្ចប់សំរាមឲ្យបានល្អ ដើម្បីជួយដល់បរិស្ថាន​ និងជីវិតមនុស្សលើភពផែនដី៕