លោក ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យរំលឹកដល់កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនទាំង៤ បង្កើនការពារបូរណភាពទឹកដីឱ្យបានល្អប្រសើរ

0

ខេត្តបន្ទាយមានជ័យ៖ លោក ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យរំលឹកដល់កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនទាំង៤ ត្រូវការពារបូរណភាពទឹកដីឱ្យបានល្អប្រសើរ ថ្លែងដូចចនេះក្នុងឱកាសសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន ផ្តល់ជូនអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ អង្គភាពវរៈសេនាតូច៨១៥,វរៈសេនាតូច៨៩១,អង្គភាពវរៈសេនាតូច៩១១និងអង្គភាពវរៈសេនាតូច៨០៧ ដែលជាកងកម្លាំងជួរមុខមានតួនាទីភារកិច្ចការពារបូរណភាពទឹកដីកម្ពុជាក្នុងភូមិសាសខេត្តបន្ទាយមានជ័យឈមនិងប្រទេសថៃ ។ នៅទីបញ្ជាការដ្ឋានវរៈសេនាតូច៨១៥ ស្ថិតនៅស្រុកម៉ាឡៃ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម តំណាងដ៏ខ្ពង់ខ្ពស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន បាន រំលឹកដល់កងកម្លាំងអង្គភាពវរសេនាតូចការពារព្រំដែនគោកទាំង៤ ត្រូវការពារបូរណភាពទឹកដីកម្ពុជាឱ្យបានគត់មុតនិងបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិដោយទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាពីប្រទេសជិតខាងដែលមានគំនិតអាក្រក់ប៉ុនប៉ងចង់រំលោភយកទឹកដីកម្ពុជា។មិនតែប៉ុណ្ណោះកងកម្លាំងនគរបាលជាតិត្រូវប្រកាន់គោលជំហរច្បាស់លាស់ ស្មោះត្រង់ការពារ រដ្ឋធម្មនុញ ព្រះមហាក្សត្រនិងការពាររាជរដ្ឋាភិបាលស្របច្បាប់។
ជុំវិញការងារការពារបូរណភាពទឹកដីនោះដែរស្នងការនគរបាលខេត្តបន្ទាយមានជ័យឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានជម្រុញឱ្យកម្លាំងនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវបន្តយកចិត្តទុកដាក់ការដើរល្បាតត្រួតពិនិត្យតាម បន្ទាត់ព្រំដែនជាប្រចាំដើម្បីក្តាប់សភាពការណ៍ប្រែប្រួលនៅតាមបន្ទាត់ព្រំដែនក៏និងរក្សារៀបចំទុកដាក់ត្រួតពិនិត្យគ្រឿងសព្វាវុធក៏ដូចជាកសាងស្តាលានដ្ឋានឱ្យបានល្អនិងរឹងមាំ។មិនតែប៉ុណ្ណោះត្រូវត្រៀមកម្លាំងប្រយុទ្ធជាប្រចាំដើម្បីដោះស្រាយសភាពការណ៍ដែលកើតឡើងដោយប្រការមួយនោះ។
លោកឧត្តមសេនីយ៍ស្នងការក៏បានណែនាំដល់អង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ក៏បន្តសហការជាមួយអង្គភាពយោធានិងអាជ្ញាធរដែនដីឱ្យបានល្អ និងជាពិសេសបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ឈរលើស្មារតីយោគយល់គ្នា ដោយប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានណែនាំដល់អង្គភាពវរៈសេនាតូចការពារព្រំដែនគោកទាំង៤ សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ ត្រូវសម្រួលដល់ការធ្វើដំណើររបស់ពលករខ្មែរធ្វើការងារនៅប្រទេសថៃឱ្យពួកគាត់ឆ្លងដែនចូលមកលេងស្រុកកំណើតឱ្យមានសុវត្ថិភាពនិងកុំប៉ះពាល់យកលុយកាក់ពីពលកខ្មែរ។
លោកឧត្តមសេនីយ៍ទោ ក៏បានលើកឡើងពាំនាំនូវការសាកសួរសុខទុក្ខក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពីសំណាក់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន តែងតែគិតគូយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅរបស់កងកម្លាំងនគរបាលការពារព្រំដែនជួរមុខ ដែលបានលះបង់សព្វបែបយ៉ាងក្នុងបុព្វហេតុជាតិមាតុភូមិ។
អំណោយដែលផ្តល់ជូនទៅអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤និងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃរួមានៈអង្ក៦តោន ថវិកា៥លាន៣សែនរៀល, ត្រីខកេសធំ១៤កេស,មី១២កេ ធំ,ទឹកត្រី២០យួរ,ទឹកស៊ីអ៊ីវ២០យួរ,ខ្ទឹមស១០គីឡូក្រាម, ប៊ីចេង១០គីឡូក្រាម ,ស្ករស១០គីឡូក្រាម៕ដោយ៖ឃិន គន្ធា