មន្ទីរព័ត៌មានអញ្ជើញក្រុមរបាំត្រុដិ សំដែងសុំសេចក្តីសុខ និងអបអរឆ្នាំថ្មី!

0

( កំពង់ធំ)នៅព្រឹកថ្ងៃទី១៤រោចខែផល្គុនឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែមេសាឆ្នាំ ២០១៩ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកំពង់ធំនិងមន្ត្រីរាជការក្រោមចំណុះទាំងអស់បានអញ្ជើញក្រុមរបាំត្រុដិមកសំដែង
ដើម្បីលើករាសីសិរីសួស្ដីជ័យមង្គលអបអរឆ្នាំថ្មីដែលខិតជិតចូលមកដល់ឆាប់ៗខាងមុខនេះ។

របាំត្រុដិគឺជារបាំដែលមានប្រជាប្រិយភាពហើយតាមជំនឿគេលេងរបាំត្រុដិគឺដើម្បីបណ្ដេញឧបទ្រពចង្រៃទាំង ឡាយផងទាំងពួងដែលកើតមាននៅក្នុងឆ្នាំចាស់នឹងនាំផ្លាស់មកនូវភាពសម្បូរសប្បាយប្រកបដោយសុខសុភមង្គលសម្រាប់ឆ្នាំថ្មី។ ជាទូទៅការសំដែងរបាំត្រុដិនេះគេតែងធ្វើឡើង នៅពេលចូលឆ្នាំខ្មែរ ហើយអ្វីដែលជាជំនឿក្នុងការសំដែងរបាំត្រុដិនេះគឺ ប្រសិនបើយើងមិនបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឬមិនបានចូលរួមអបអរក្នុងការសំដែងរបាំនេះដោយប្រការណាមួយនោះអាចនាំមកនូវទុក្ខសោកជាក់ជាមិនខាន ហើយរបាំត្រុដិនេះនៅក្នុងមួយឆ្នាំសម្ដែងបានតែម្ដងទេគឺនៅពេលចូលឆ្នាំខ្មែរ ដើម្បីបញ្ជាក់ពីជំនឿប្រពៃណីរបស់ខ្មែរយើងតាំងពីបុរាណកាលមកដែលបានបន្សល់ទុករហូតមកឲ្យកូនចៅបន្តថែរក្សា វប្បធម៌ ប្រពៃណីមិនឲ្យបាត់បង់។

លោកស្រីង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន បានបញ្ជាក់ថាការអញ្ជើញរបាំត្រុដិមកសំដែងនៅក្នុងមន្ទីរព័ត៌មាននាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺចង់ចូលរួមចំណែក អបអរ សាទរទេវតាឆ្នាំថ្មីនិងដើម្បីបួងសួងសុំសេចក្ដីសុខ សេចក្ដីម្រើន និងជ័យជំនះគ្រប់ភារកិច្ចរបស់មន្ទីរព័ត៌មានខេត្តកំពង់ធំផងដែរ។