ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយចុះសួរសុខទុក្ខ កម្លាំងប្រដាប់អាវុធសម្ព័ន្ធមេត្រីភាពទិសទី១ប្រាសាទព្រះវិហារ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ!

0

ព្រះវិហារ៖ ឯកឧត្តម ទូច ស៊ុនណារី អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា សិល្បៈចែករំលែករវាងសមរភូមិមុខ និងសមរភូមិក្រោយគឺជាការរួមចំណែក ជួយពង្រឹងខឿនការពារជាតិ ក៏ដូចជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខដែលកំពុងឈរជើងការពារទឹកដី។ ក្រោមគំនិតផ្ដួចផ្ដើមដោយសម្ដេចទាំងទ្វេរ គោលបំណងរួមគ្នាពង្រឹង ខឿនការពារជាតិឲ្យបានកាន់តែរឹងមាំ រវាងស្ថាប័នស៊ីវិល និងស្ថាប័នកម្លាំងប្រដាប់អាវុធ។

ប្រសាសន៍ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា មកចែករំលែកជូនដល់ កងកំលាំងប្រដាប់អាវុធសម្ព័ន្ធមេត្រីភាព ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ទិសទី១ប្រាសាទព្រះវិហារ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ពិធីនេះប្រារពធ្វើឡើង ក្នុងបរិវេណអាគារមហោស្រពទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

ថ្លែងទៅកាន់គណៈអធិបតី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ូ ណារិន្ទ មេបញ្ជាការរង នាយសេនាធិការកងពលធំអន្តរាគមន៍លេខ៣ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មានប្រសាសន៍លើកឡើងថា ចាប់តាំងពីឆ្នាំ ២០១២ រហូតមកដល់ឆ្នាំ២០១៨ អង្គភាពប្រឆាំងអំពើពុករលួយ បានជួយឧបត្ថម្ភសំភារៈបរិក្ខា គ្រឿងឧបភោគបរិភោគ ថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អង្គភាពទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។ ពិសេសតែងបានយកចិត្តទុកដាក់រួមសុខរួមទុក្ខ ទាំងស្មារតីជួយគិតគូរដល់ប្រភពធនធានមនុស្ស សម្រាប់ពេលអនាគតតាមរយៈការផ្ដល់ នូវអាហារូបករណ៍ដល់កូនៗក្មួយៗ របស់គ្រួសារកងទ័ពទីទាល់ក្រលំបាក ឲ្យបានទៅរៀនបន្ត នៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា។

ឯកឧត្តម មានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា ដើម្បីជាការតបស្នងសងគុណដ៏ធំធេងនេះ បងប្អូនទាំងអស់នៅទីនេះប្ដេជ្ញាការពារឲ្យបានដាច់ខាត នូវបូរណភាពទឹកដីជាតិមាតុភូមិ រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រការពារឲ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំ។ ជារួមរហូតមកដល់ពេលនេះ យើងអនុវត្តបានយុទ្ធសាស្ត្រ៣ សកម្មភាព១០ បទបញ្ជា១១ចំណុច នឹង ១០ចំណុច របស់សម្ដេចតេជោ ដែលបានដាក់ចេញនាពេលកន្លងមក។

ជាមួយគ្នានោះ ឯកឧត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានថ្លែងការកោតសរសើរ ដល់នាយ ពលទាហានក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ទាំងអស់ ដែលកំពុងបំពេញភារកិច្ចឈរជើងការពារទឹកដី ទិសជួរមុខតំបន់ប្រាសាទព្រះវិហារ ពិសេសការលះបង់ សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ក្រៅពីកាតព្វកិច្ចកាពារជាតិមាតុភូមិ នាយ ពលទាហាន បានឆ្លៀតចូលរួមអភិវឌ្ឍន៍ លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នានា បានរីកចម្រើនពី១ឆ្នាំទៅ១ឆ្នាំឥតឈប់ឈរ ក្រោមម្លប់សន្តិភាព ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីប្រសាសន៍សំណេះសំណាលចប់គណៈអធិបតីបានប្រគល់ថវិកា ដល់នាយ ពលទាហាន និងបានអញ្ជើញជាអធិបតីសម្ភោធបើកការដ្ឋានសាងសងផ្លូវបេតុ១ខ្សែរប្រវែង ៣១០ម៉ែត្រ ដោយចំណាយអស់ថវិកាចំនួន(៣០០១៥)បីមឺុនដប់ប្រាំដុល្លាអាមេរិច ជាអំណោយរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕សួនលីណា