អភិបាលខេត្តកំពង់ធំអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជីករុករកអដ្ឋិធាតុk72ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 

0

ខេត្តកំពង់ធំ៖  ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងអ្នកមុខអ្នកការ មន្រ្តីរាជការចូលរួម សួរសុខទុក្ខ កម្លាំងជីករុករកអដ្ឋិធាតុk72 នៃបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក សាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកងកំពង់ធំ នាព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩។

កម្លាំងជីករុករកអដ្ឋិធាតុk72 គឺជាកម្លាំងចំណុះឲ្យ បញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក បានសហការជាមួយ​នឹងកងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងគោលដៅ ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្រ្គាមកន្លង ហើយសាកសពត្រូវបានកប់នៅតាមភូមិ ឃុំ និង ក្នុងព្រៃនានា ក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំ និងបានជីករកឃើញជាង១,១០៧អដិ្ឋធាតុ និងបានធ្វើមាតុភូមិ និវត្តន៍ទៅប្រទេសកំណើតដើម្បីប្រារព្វពិធីតាមសាសនា ។

នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ  បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនក្រុមk72 ដែលមានស្រាបៀរចំនួន៤៦កេស ទឹកសុទ្ធចំនួន២០ កេស សាច់ជ្រូក២០ គីឡូក្រាម  សាច់គោ២០គីឡូក្រាម  ត្រីស្រស់១០គ.ក  មីចំនួន១០កេស និងបន្លែគ្រប់មុខមួយចំនួន ដើម្បីឲ្យកងកម្លាំង K72 បានចូលរួមអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ឲ្យកងកម្លាំងទាំងពី បន្តឹរឹតបន្តឹងចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ ទាំងការជីករុករកអដ្ឋិធាតុ ទាំងផ្នែកយោធា ការសាង់សង់ និងផ្នែកមនុស្សធម៌ ដើម្បីប្រជាជនប្រទេសទាំង២រស់នៅបានសុខសាន្ត ក្នុងនោះឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណ ចំពោះ គណៈបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក ដែលតែងតែគាំទ្រ ឧបត្ថម្ភ ទាំងសម្ភារៈ ថវិការ  ដើម្បីឲ្យ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានលទ្ធភាពកសាងបន្ទាយ សម្រាប់ជាជម្រកស្នាក់នៅ និងជាកន្លែងធ្វើការរបស់ កងយោធពលខេមរៈភូមិន្ទ។

ឯកឧត្តម បានបញ្ជាក់ថា ត្រង់ចំនុចនេះ បានបញ្ជាក់ឲ្យឃើញពីកត្តាដែលធ្វើឲ្យសន្តិភាព ដែលគឺមានការអភិវឌ្ឍន៍ រីកចម្រើន ក្រោមនយោបាយឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានកសាងប្រទេសចាប់តាំងពីបាតដៃទទេ រហូតមកដល់ពេលនេះ គឺមានភាព រីកចម្រើនស្ទើរគ្រប់វិស័យ គឺដោយសារតែប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយ ។

ដោយ ប៊ុន រដ្ឋា