អាជ្ញាធរខេត្តព្រះវិហារជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធ សហការ អនុវត្តបន្តឲ្យបានម៉ឺងម៉ាត់ ក្នុងការបង្ក្រាបករណីចែកចាយប្រើប្រាស់ថ្នាំញៀន តាមមូលដ្ឋាន ដើម្បីភូមិ-ឃុំមានសុវត្ថិភាព!

0

(ព្រះវិហារ): អភិបាលខេត្តព្រះវិហារ បានធ្វើការជម្រុញឲ្យអង្គភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ក្នុងខេត្តព្រះវិហារ បន្តអនុវត្តឲ្យបានម៉ឹងម៉ាត់ ចំពោះបទល្មើសគ្រឿងញៀន និងក្រុមអ្នកញៀនថ្នាំ នៅតាមមូលដ្ឋានឲ្យអស់សំដៅធានា សំដៅលើកកម្ពស់ភូមិ-ឃុំមានសុវត្ថិភាព។

ការជម្រុញរបស់ឯកឧត្តម អ៊ុន ចាន់ដា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តព្រះវិហារ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមនិងថវិកា ព្រមទាំងពូជកូនឈើហូបផ្លែ មកឧបត្ថម្ភជូនកងកំលាំងប្រដាប់អាវុធដែលកំពុងបំពេញភារៈកិច្ចឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ កម្ពុជា-ថៃ ក្នុងទិសទី១ប្រាសាទព្រះវិហារ ក្នុងដំណើរចុះសាកសួរសុខទុក្ខ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃសៅរ៍ទី០៦ ខែមេសា ឆ្នាំ២០១៩។ ពិធីនេះបានប្រារព្ធធ្វើឡើងចំនួន២អង្គភាព ទី១ធ្វើឡើងក្នុងបរិវេណទីបញ្ជាការវរសេនាតូចលេខ១ ចំណុះប្រតិបត្តិការសឹករងខេត្តព្រះវិហារក្រោមកិច្ចទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងទី២ធ្វើឡើងនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្រោមកិច្ចទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹកមេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

ឯកឧត្តមបញ្ជាក់ថា គ្រឿងញៀនកំពង់ធ្វើសកម្មភាពចរាចរណ៍យ៉ាងខ្លាំង ហើយសព្វថ្ងៃគ្រឿងញៀនត្រូវរាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាយ៉ាងតឹងរឹង ក្នុងការទប់ស្កាត់បង្ក្រាប់ឲ្យខានតែបាន។ ចំពោះបញ្ហាមួយចំនួនដែលកើតមាន នៅតាមមូលដ្ឋានដូចជា ចោរលួច ចោរឆក់ ចោរប្លន់ ក្រុមក្មេងទំនើងទាំងអស់នេះ គឺសុទ្ធតែកើតចេញពីក្រុមញៀនថ្នាំនេះតែម្តង។

អភិបាលខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ដើម្បីលុបបំបាត់អំពើនេះបាន យើងទាំងអស់គ្នាទាំងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ពិសេសប្រជាពលរដ្ឋ ត្រូវចូលរួមសហការលុបបំបាត់ ការចរាចរណ៍គ្រឿងញៀន និងក្រុមអ្នកញៀនថ្នាំឲ្យអស់ចេញពីមូលដ្ឋាន។ បន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជាប់ព្រំដែន ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនឲ្យមានប្រសិទ្ធិភាព។

ជាមួយគ្នានោះ ឯកឧត្តមបានប្រកាស់ផ្តល់រង្វាន់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងតាមបណ្តាអង្កភាពនីមួយៗ ដែលបង្ក្រាប់បានបទល្មើសគ្រឿងញៀន ក្នុងមួយករណីទទួលបានថវិកា១លានរៀល៕សួនលីណា