ពិធីកាត់ខ្សែរបូនិងកាត់ឬសសីមាវត្តជោរេនចេស្តា ហៅវត្តកណ្តាល ភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប

0

សៀមរាប៖ ព្រះវិហារថ្មីនិងសមិទ្ធិផលនានា ក្នុងវត្តជោរេនចេស្តា (ហៅវត្តកណ្តាល) ស្ថិតក្នុងភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រារពពិធីសម្ពោធ និង កាត់ឬសសីមាដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ទៅតាមពុទ្ធានុញ្ញាត ថ្វាយប្រគេនព្រះសង្ឃ និង ពុទ្ធបរិស័ទ ប្រជាពលរដ្ឋគោរពបូជា ទៅតាមគន្លងប្រពៃណីសាសនា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។ ដោយមានវត្តមានឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប តំណាងសម្តេចពិជ័យសេនា ទៀ ប៉ាញ់ ឧបនាយករដ្ឋមន្ទ្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ព្រះសង្ឃ ព្រមទាំងអស់លោក លោកស្រីជាសមាជិកក្រុមការងារខេត្ត លោកគ្រូអ្នកគ្រូ និង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
យោងតាមរបាយការណ៍របស់គណៈកម្មការវត្តជោរេនចេស្តា (ហៅវត្តកណ្តាល) បានអោយដឹងថា៖ វត្តជោរេនចេស្តា (ហៅវត្តកណ្តាល)នេះ ក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ក្រោយការរំដោះពីប្រទេសជាតិនៃរបបខ្មែរក្រហម ក្រោមការដឹកនាំរបស់គណ:បក្សប្រជាជនកម្ពុជា ដែលមានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំក្នុងឆ្នាំ១៩៨២នោះ ហើយពុទ្ធបរិស័ទក៏បានដង្ហែរលោកគ្រូធម្មាចារ្យ វ៉ា អឿន យកទៅបំបួសក្នុងសំណាក់ព្រះគ្រូ កង ហេង ឧប្បសម្បទាក្នុងវត្តស្វាយខេត្តសៀមរាប ដើម្បីធ្វើជាព្រះគ្រូចៅអធិការវត្តនេះបន្តទៀត។ បច្ចុប្បន្ន ទីវត្តនេះត្រូវបានអាជ្ញាធរ និង ពុទ្ធបរិស័ទបានធ្វើការរៀបចំឡើងវិញ ដើមី្បជាទីកន្លែងទីសក្ការៈបូជារបស់ប្រជាពុទ្ធបរិស័ទ បានចាប់ផ្តើមសាងសង់ព្រះវិហារថ្មីនេះតាំងពីឆ្នាំ២០១២ រហូតដល់ ឆ្នាំ២០១៩ ត្រូវចំណាយអស់ថវិកាសរុបចំនួន ៥៧ម៉ឺន ៨រយ ២៨ដុល្លា។ ព្រះវិហារថ្មីនេះ កើតចេញពីមហាកម្លាំងសាមគ្គីជាធ្លុងមួយ ទាំងព្រះសង្ឃ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ និង សប្បុរសជន ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ ដែលបានចូលរួមផងដែរ។
ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពុទ្ធបរិស័ទនៅស្រុកជីក្រែង ដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ខ្ពស់ អំពីជីវភាពរស់នៅរបស់បងប្អូន ។ ឯកឧត្តម បានលើឡើងថា ប្រជាជនកម្ពុជា មានសេរីភាពពេញលេញ ក្រោមគោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និង មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ។ ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យយើង ធានាបានការសាងសង់ព្រះវិហារ ដ៏ស្កឹមស្កៃនៅចំពោះមុខនេះ ។ ម៉្យាងទៀតពីមួយឆ្នាំទៅមួយឆ្នាំ វិស័យព្រះពុទ្ធសាសនា បានកំពុងមានការអភិវឌ្ឍន៍រីកចម្រើន ហើយត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និង លើកកម្ពស់សម្រាប់ប្រជាពលរដ្ឋខ្មែរយើង គោរពប្រតិបត្តិ ស្របទៅតាមទំនៀមទំលាប់ប្រពៃណីជាតិតទៅថ្ងៃអនាគត ។ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ក៏បានធ្វើការកោតសរសើរ ចំពោះបងប្អូនប្រជាពុទ្ធបរិស័ទ និង សប្បុរសជនទាំងអស់ ដែលជាកម្លាំងមហាសាមគ្គីមួយដ៏រឹងមាំ បានបរិចាកនូវទ្រព្យធន់ផ្ទាល់ខ្លួន ដើមី្បលើកស្ទួយវិស័យពុទ្ធសាសនា ឲ្យមានការអភិវឌ្ឍន៍រីកចម្រើន ទុកជាផលប្រយោជន៍រួមសម្រាប់ភិក្ខុសង្ឃ ប្រជាពុទ្ធបរិស័ទ ធ្វើបុណ្យធ្វើទាន ក្នុងផ្លូវព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ នៅក្នុងឱកាសបុណ្យនោះដែរ ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានបរិចាគថវិការផ្ទាល់ខ្លួនរួមជាមួយថវិការសម្តេច ពិជ័យសេនា ទៀ បាញ់ ចូលរួមកសាងវត្តនេះ នូវបច្ច័យចំនួន ១ម៉ឺនដុល្លា និងគណៈអភិបាលខេត្តសៀមរាប ២លានរៀល សម្រាប់ប្រើប្រាសទៅតាមការគួរ៕