គ្រួសារអតីតយុទ្ធជនពលី ឈ្មោះពៅ  សុខនី បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី១១៧

0

កំពង់ធំ៖  សម្ដេចតេជោ ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជា បានផ្តល់ផ្ទះមួយខ្នង ដែលជាអំណោយខ្នងផ្ទះលើកទី ១១៧ សម្រាប់គ្រួសារអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ តាមរយះ ឯកឧត្តម ទេសរដ្ឋមន្រ្តីគន់  គីម  អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងបានចុះប្រគល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។

ពិធីប្រគល់ផ្ទះថ្មីនេះ គឺត្រូវបានប្រគល់ជូន ម្តាយរបស់អតីយុទ្ធជនពលី ដែលជាចាស់ជរាអាយុ៧៥ឆ្នាំ គណៈ ពេលដែលពិធីប្រគល់ លោកយាយពុំបានអញ្ជើញមកទទួលដោយផ្ទាល់នោះទេ ដោយសារតែមានជម្ងឺប្រចាំកាយ តែបានពឹងឳពុកមាមកទទួលជំនួស ពិធីប្រគល់នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីកម្លាំងប៉ូលិស ប៉េអ៊ឹម និងអាជ្ញាធរ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ នៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ  ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ  នៅរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩  ។

លោកយាយ កូយ  លី អាយុ៧៥ឆ្នំា ត្រូវជាម្តាយ លោកពៅ  សុខនី ជាអតីតយុទ្ធជនពលី អតីតមាន ឋានន្តរសក្ដិពលបាលឯក  នៅអង្គភាពកងពលតូចលេខ៩១១  មានម្ដាយឈ្មោះ កូយ  លី មានជម្ងឺប្រចាំកាយ មាន សមាជិក៤ នាក់ រស់នៅជ្រកកោនជាមួយបងប្អូន  នៅក្នុងខ្ទមស្លឹកតូចចង្អៀត តែមាននេះបានទទួលអំណោ​យខ្នងផ្ទះថ្មី ពីសម្តេចតេជោ ហ៊ុន សែន ដែលជាការតបស្នងសងគុណ ចំពោះវីរភាពអង់អាចក្លាហាន និងមានគុណបំណាច់លើប្រទេសជាតិ។

 

ឯកឧត្តម  ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មីដែលបានសាងសង់រួច និងបានប្រគល់ជូន មានទំហំ៤ម x ៦ ម សាងសង់ពីឈើ ខ្ពស់ផុតពីដី  រនាបនិងជញ្ជាំងក្តារ  ប្រក់ស័ង្កសី  ដែលបានចំណាយ ទឹកប្រាក់ក្នុងការសាងសង់អស់ ៦,៨៩៥,០០០ រៀល ក្នុងឳកាសនេះ ផងដែរ  ក្រុមការងារបាន​ ឧបត្ថម្ភជូន អង្ករ៥០គ​​ក មីយើង២កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ មុងជ្រលក់ថ្នាំចំនួន៣  និងថវិកា២២០,០០០ រៀល។

 

អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ បានសម្តែងនូវសេចក្តីត្រេតអរយ៉ាងខ្លាំង និងអបអរសាទរ ចំពោះគ្រួសារ អតីតយុទ្ធជនពលី  ដែលកន្លងមកពុំមានលំនៅដ្ឋានពិតប្រាកដ រស់នៅក្នុងខ្ទមកំសត់ នាពេលនេះ គ្រួសារ ទីទ័លក្រនេះ បានទទួលផ្ទះថ្មី ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែ ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ជួបការលំបាក និងបានដោះស្រាយជូនដល់ គ្រួសារអតីតយុទ្ធជន បានទាន់ពេលវេលា នៅគ្រប់ទីកន្លែង និងបានប្តេជ្ញាគាំទ្រឲ្យសម្តេចតេជោ ដឹកនាំនាវាសន្តិភាពបន្តទៀត។

ដោយ ប៊ុន រដ្ឋា