ខ្នងផ្ទះទី១១៨អំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ បានសាងសង់ជូនអតីតយុទ្ធជនពិការចាន់ មុន្នីក្នុងខេត្តកំពង់ធំ 

0

ខេត្តកំពង់ធំ៖ សមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ បានបន្តដឹកជញ្ជូន ឈើគ្រឿងផ្ទះ ដើម្បីយកទៅសាងសង់ ជូន អតីតយុទ្ធជន ចាន់ មុន្នី ដែលជាខ្នងផ្ទះលើកទី១១៨ និងជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ជូនអតីតយុទ្ធជនពិការ ដែលមានជីវភាព ក្រីក្រមានដី  តែមានផ្ទះមិនសមរម្យ រស់នៅភូមិជាំត្រាច ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្ត កំពង់ធំ ព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៧  ខែមេសា  ឆ្នាំ ២០១៩  ។

លោក ចាន់ មុន្នី ជាអតីតយុទ្ធជន ធ្លាប់បានបម្រើកងទ័ពនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ ១៩៩២ នៅអង្គភាពផ្នែកសឹករងក្រុងស្ទឹងសែន មានឋានន្តរសក្កិព្រឹន្ទបាលទោ មុខងារជំនួយការជីវពល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៨ គាត់បានរងរបួសឆ្អឹងជំនីខាងឆ្វេង ភ្លៅនិងកជើងខាងស្ដាំ នៅសមរភូមិបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ក្នុងពេលប្រយុទ្ធគ្នាជាមួយខ្នាំងសត្រូវ ។

អតីតយុទ្ធជនឈ្មោះ ចាន់ មុន្នី កើតនៅឆ្នាំ១៩៦០ មានភរិយាឈ្មោះប្រាក់ រីម អាយុ ៤៦ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន ០៣នាក់ បានចូលនិវត្តន៍នៅថ្ងៃទី១ ខែមីនាឆ្នាំ២០១១ ដែលបច្ចុប្បន្នគាត់ទទួលបានប្រាក់បៀវត្សប្រចាំខែចំនួន៥៧០,០០០ម៉ឺនរៀល  ក្រៅពីប្រាក់បៀវត្ស គាត់បានប្រកបរបរជាកម្មករសំណង់ដើម្បីដោះស្រាយជីវភាពគ្រួសារ។

លោកចាន់ មុន្នី ត្រូវបានយកចិត្តទុកដាក់ ពីគណៈកម្មាធិការសមាគមអតីតយុទ្ឋជនខេត្តកំពង់ធំ បានសាងសង់ផ្ទះជូន ដែលបានដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ  ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ  ជានិច្ចកាលបានចុះជាប់ដឹកនាំសាងសង់ផ្ទះ ជូនអតីតយុទ្ធជន គ្រប់ស្រុក ក្រុងនៅខេត្តកំពង់ធំ និងប្រគល់ជូនគ្រួសារអតីតយុទ្ធជន មកហើយចំនួន ១១៨ខ្នងផ្ទះ ។

ប្រជាពលរដ្ឋ មន្រ្តីរាជការ អាជ្ញាធរ រហូតដល់ថ្នាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏សុទ្ធតែបាន កោតសរសើរដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធ  ដែលមាន ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន ជាមេបញ្ជាការ បានដឹកនាំ នាយទាហាន និងពលទាហាន ទទួលបានជោគជ័យគ្រប់ភារកិច្ច ទាំងផ្នែកយុទ្ធសាស្រ្តយោធា ទាំងការកសាងបន្ទាយ ការគ្រប់គ្រង់ចិត្តសាស្រ្តរបស់យោធិន សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្តិភាពជូនប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ ឧត្ដមសេនីយ៍ទោ សោម  ស៊ុន បានយកចិត្តទុកដាក់បំផុតលើការងារមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងអន្តរជាតិ និងបានជម្រុញឲ្យ គណៈកម្មាធិការសមាគមអតីតយុទ្ឋជនខេត្តកំពង់ធំ បន្តគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជននៅគ្រប់ទីកន្លែង ដែលមានជីវភាពខ្វះខាត នឹងបន្តគាំទ្រសម្ដេចតេជោ ជានាយករដ្ឋមន្ត្រីរហូត ដើម្បីប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍។ ដោយ  ប៊ុន  រដ្ឋា