ពលរដ្ឋរស់នៅឃុំយាង ឈប់ក្លាយជាកោះដាច់ស្រយាលទៀតហើយនៅឆ្នាំ២០២០ ខណៈឆ្នាំ២០១៩នេះទទួលបានផ្លូវលំគ្រួសក្រហមប្រវែង៧Km

0

ព្រះវិហារ: ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍លើកឡើងថា នៅឆ្នាំ២០១៩«ឃុំយាង ស្រុកជាំក្សាន្ត នៅតែបន្តស្ថាបនា ផ្លូវលំគ្រួសក្រហមប្រវែង៧គីឡូម៉ែត្រទៀត និងនៅឆ្នាំ២០២០ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំយាង ឈប់ក្លាយជាកោះដាច់ស្រយាលតទៅទៀតហើយ ព្រោះថាផ្លូវទាំងអស់ និងត្រូវបានតភ្ជាប់រួចរាល់ជាស្ថាពរ ដល់ផ្លូវលំគ្រួសក្រហម ដែលកសាងឡើងដោយកងវិស្វកម្មរបស់ឯកឧត្តមខេង សុមេធ» ឋិតក្នុងភូមិកំប្រាក់។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តម រួមនិងឯកឧត្តម ឡុង សុវណ្ណ អនុប្រធាន បានដឹកនាំបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាខេត្ត/ក្រុង/ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩ ចុះជួបសំណេះសំណាល ជាមួយអ្នកបោះឆ្នោត នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ។

លោក ម៉ប់ ធីរិត ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានបញ្ជាក់ថា ផ្លូវដែលក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើកន្លងមកនេះ គឺជាផែនការពហុឆ្នាំ ឬជាផែនការអន្តរៈឆ្នាំ មានន័យថាខ្សែរផ្លូវនេះ នៅតែបន្តការកសាង និងស្ថាបនាដ៏ដែល ដោយផ្អែកទៅតាមកញ្ចប់ថវិកាឆ្នាំនីមួយៗ។

ជាក់ស្តែងក្នុងឆ្នាំ២០១៨ ដែលក្រសួងបានអនុវត្តកន្លងមក គិតត្រឹមតែកញ្ចប់ថវិកាដែលមាន ហើយនៅឆ្នាំ២០១៩នេះ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងដំណើរការកសាងជាបន្ត តាមកញ្ចប់ថវិកាមាន។

ជាមួយគ្នានោះ លោកហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្នឃុំយាងទទួលបានការកសាងនិងស្ថាបនារួចរាល់ជាស្ថាពរពីក្រសួងអភិវឌ្ឍន៍ជនបទចំនួន៧គីឡូកន្លះហើយ(ស្មើនិង៧៥០០ម៉ែត្រ)។ លោកបន្តថា នៅឆ្នាំ២០១៩នេះឃុំយាង និងទទួលបានគំរោងសាងសង់ផ្លូវលំក្រាលគ្រួសក្រហមប្រវែង៧គីឡូម៉ែត្របន្តទៀត៕សួនលីណា