លោកស្នងការនគរបាលខេត្តកំពង់ធំប្រជុំពង្រឹងសមត្ថភាពជំនាញនៃអធិការដ្ឋាននគរបាលស្រុកសន្ទុក

0

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីពង្រឹងសមត្ថភាពជំនាញនៃអធិការដ្ឋាននគរបាលស្រុកសន្ទុក មានការចូលរួមលោកស្នងការរង លោកស្រីនាយរងការិយាល័យ លោកអធិការ អធិការរង នាយ នាយរងផ្នែក នាយនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងមន្ត្រីនគរបាលចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកសន្ទុកជាង១០០នាក់ថ្ងៃទី ២៩ ខែ មេសាឆ្នាំ២០១៩។

បន្ទាប់ពី លោកវរសេនីយ៍ទោ ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក បានអានបញ្ជាក់ពី របាយការណ៍ស្ថានភាពកងកម្លាំងនគរបាលរួចមក លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានកោតសរសើរ ចំពោះកងកម្លាំង ដែលបានគោរពនូវវិន័យ និងសេចក្តីថ្លៃថ្នូរតាមបទបញ្ជាលេខ០០៦ របស់នគរបាលជាតិ រួមទាំងបានណែនាំ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ចំណុះអោយអធិការដ្ឋាននគរបាលស្រុកសន្ទុក ខិតខំប្រឹងប្រែងចូលរួមកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សង្គមដើម្បីធានាបានសុវត្ថិភាពល្អ ទូទាំងភូមិសាស្ត្រស្រុកសន្ទុក បន្តទៀត។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មានប្រសាសន៍ ផ្តល់នូវបទពិសោធន៍ ដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក ដែលជាគន្លឹះសំខាន់ៗក្នុងការ អនុវត្តន៍ កិច្ចការងារជាប្រចាំថ្ងៃ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងបានណែនាំដល់កម្លាំងជំនាញ បន្តការហ្វឹកហ្វឺន របៀប​​​ពន្លត់អគ្គិសនី និងវិធីសាស្ត្រសង្រ្គោះជាបឋម ដើម្បីពង្រឹងសមត្ថភាពក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍ ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋប្រកបប្រសិទ្ធភាព ជាពិសេសបន្តការផ្សព្វផ្សាយបំផុសដល់មហាជនឲ្យចូលរួមចលនាបង្ការ-ពន្លត់អគ្គិភ័យ  និងបង្កើនការប្រុងប្រយ័ត្ន គ្រប់ពេលវេលាចំពោះ អ្វីៗជាដើមចមដែលផ្ដើមអោយមាន​គ្រោះថ្នាក់អគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងធុប ប្រេងសាំង ចរន្តអគ្គិសនី ។ល។

លោកស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរ ឲ្យកងកម្លាំងទាំងអស់ត្រូវប្រកាន់ភ្ជាប់ការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានរឹងម៉ាំជានិច្ច ដើម្បីចូលរួមចំណែកក្នុងការបំពេញកិច្ចការងារជាប្រចាំថ្ងៃ ព្រមទាំងអនុវត្តនូវគោលការណ៍ បទបញ្ជារបស់ថ្នាក់ដឹកនាំ សម្រេចបានជោគជ័យ និងភាពរីកចម្រើន សម្រាប់អង្គភាព ឆ្លៀតក្នុងឱកាសនេះលោក ស្នងការនគរបាលខេត្ត បានប្រគល់ ឱសថមួយចំនួនដល់អធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីទុកសម្រាប់ព្យាបាលជម្ងឺ ដល់កងកម្លាំងផងដែរ។  ដោយ ប៊ុន រដ្ឋា