អភិបាលខេត្តព្រះសីហនុ បានធានាអះអាងការពារសុវត្ថិភាពសន្តិសុខនិងផលប្រយោជន៍របស់ក្រុមហ៊ុនវិនិយោគទាំងឡាយដោយយកច្បាប់ជាគោល»

0

ព្រះស៊ីហនុ នៅព្រឹកថ្ងៃទី 30 ខែមេសាឆ្នាំ 2019 សណ្ឋាគារខ្នាតអន្តរជាតិមួយ(សណ្ឋាគារ តុង យៀន)នៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យដំណើរការ ក្រោមវត្តមានគណៈអធិបតីលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន បានសំដែងការស្វាគមន៍និងគាំទ្រចំពោះវិនិយោគិនទាំងឡាយដែលបានមកបោះទុនវិនិយោគនៅលើទឹកដីខេត្តព្រះសីហនុ ។ឯកឧត្តម យន្ត មីន បានរំលេចបន្ថែមថាបច្ចុប្បន្នខេត្តព្រះសីហនុ ដោយសារចរន្តនៃការវិនិយោគ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើអោយប្រទេសជាតិមានសន្តិភាពសន្តិសុខល្អនិងស្ថេរភាពនយោបាយ បានជំរុញឲ្យអ្នកវិនិយោគជាតិអន្តរជាតិចូលមកដាក់ទុន ទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ប្រកបដោយការជឿជាក់។
ការវិនិយោគទាំងនេះ
បាននិងកំពុង ហើយធ្វើអោយខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនស្ទើរមិននឹកស្មាន។ឯកឧត្តម យន្ត មីន បានគូសបញ្ជាក់ថាសន្តិភាពសន្តិសុខនិងស្ថេរភាពនយោបាយបានជំរុញឲ្យវិនិយោគិនបរទេសនាំគ្នាចូលមកបណ្ដាក់ទុននៅខេត្តព្រះសីហនុច្រើន និងបានធ្វើឲ្យខេត្តនេះមានការអភិវឌ្ឍយ៉ាងលឿន។

ទន្ទឹមនោះឯកឧត្តម យន្ត មីន បានស្នើឲ្យក្រុមហ៊ុនវិនិយោគទាំងឡាយក្នុងទឹកដីខេត្តព្រះសីហនុ គួរបរិច្ចាគធនធានរបស់ខ្លួនខ្លះតាមលទ្ធភាពដើម្បីចូលរួមកែលំអហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុឲ្យបានល្អប្រសើរ។
អភិបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ថាស្វាគមន៍អ្នកវិនិយោគស្របច្បាប់ទាំងអស់។ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមបានប្រកាសធានាការពារយ៉ាងម៉ត់ចត់ចំពោះសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់ជូនអ្នកវិនិយោគទាំងឡាយរួមទាំងភ្ញៀវទេសចរផងដែរ ដោយយកច្បាប់ជាគោល។

គួរបញ្ជាក់ថាខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជាខេត្តបំពង់កសេដ្ឋកិច្ចនិងជាខេត្ត ឧស្សាហកម្មគំរូពហុបំណងតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា។តាមរយៈទស្សនៈវិស័យនិងគោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម យន្ត មីន មានសុទិដ្ឋិនិយមថានៅថ្ងៃអនាគតខេត្តព្រះសីហនុនឹងក្លាយទៅជាទីក្រុងដ៏ស៊ីវិល័យមួយរបស់កម្ពុជា។(វ៉ុន)