ឯកឧត្តម ស្រី ឌឹកអង្គភាពរឹងមាំបានលុះត្រាតែអង្គភាពនោះមានសាមគ្គីភាពផ្ទៃក្នុងល្អ

0

ព្រះវិហារ: មេបញ្ជាការរង កងទ័ពជើងគោកបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលកងពលតូចអន្តរាគមន៍លេខ៧ សម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ ជាពិសេសការបែងចែកតួនាទីភារកិច្ច បានច្បាស់លាស់តាំងពីនាយ រហូតដល់ពលទាហាន ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

ប្រសាសន៍វាយតម្លៃ និងកោតសរសើររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាខែមេសា និងដាក់ចេញទិសដៅអនុវត្តបន្តការងារយោធាខែឧសភា ឆ្នាំ២០១៩ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧។ ដោយពិធីនេះបានប្រារព្ធធ្វើឡើងក្នុងបរិវេណទីបញ្ជាការវរសេនាតូច៣៧២ នាព្រឹកថ្ងៃអង្គារទី៣០ ខែមេសា ឆ្នាំ២០១៩ ក្រោមការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងការិយាល័យជំនាញ មកពីតាមបណ្ដាវរៈសេនាតូចចំណុះ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៧/លេខ៨/ និងលេខ៩។

ឯកឧត្តមមេបញ្ជាការ ថ្លែងបន្តថា អង្គភាពមួយរឹងមាំបាន លុះត្រាតែអង្គភាពនោះមានសាមគ្គីភាពផ្ទៃក្នុង ព្រមជាមួយនិងការបែងចែកតួនាទីភារកិច្ចបានច្បាស់លាស់ នោះនឹងសម្រេចបានលទ្ធផលជោគជ័យរាល់បទបញ្ជាដែលថ្នាក់លើដាក់ចេញ ហើយប្រគល់ជូន។

បន្ថែមពីនោះមេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ក៏មិនភ្លេច ការផ្តាំផ្ញើរបន្ថែម ទៅដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅគ្រប់បណ្តាអង្គភាពទាំងអស់ ក្នុងទិសទី១ ប្រាសាទព្រះវិហារ ត្រូវខិតខំបន្តការកែច្នៃជីវភាពរស់នៅ ធ្វើយ៉ាងបំផុសបំផុល ឲ្យមានការប្រឡងប្រណាំង លេីគ្រប់វិស័យ ទាំងវិស័យការបង្កបង្កើនផល ដាំដំណាំយុទ្ធសាស្ត្រ និងការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ ក៍ដូចជានៅតាមបណ្តាអង្គភាពនីមួយៗ ដេីម្បីជួយទ្រទ្រុងក្នុងជីវភាព កាត់បន្ថយបានពីភាពក្រីក្រ៕សួនលីណា