អភិបាលខេត្តកំពង់ធំប្រគល់ឯកសណ្ឋាន១៣៥កំប្លេរ ជូនប្រជាការពារសង្កាត់ស្រយូវ ក្រុងស្ទឹងសែន

0

កំពង់ធំ៖ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា សន្តិសុខស្ថេរភាពនៅក្នុងមូលដ្ឋាន មិនអាចកើតឡើងនោះទេ បើសិនជាគ្មានការចូលរួមពីបងប្អូនប្រជាការពារ ដែលជាម្ចាស់ទឹកម្ចាស់ដី ចូលរួមទប់ស្កាត់រាល់បទល្មើសនានាបានដែរ ហើយក៏គ្មានភាពជោគជ័យណា បានដោយងាយៗនោះទេ បើគ្មានកិច្ចសហការ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ពីកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន។

ពិធីប្រគល់ឯកសណ្ឋានជូនដល់ប្រជាការពារចំនួន១៣៥នាក់ ត្រូវបានធ្វើឡើងនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដែលមានលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន លោកញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន និងអាជ្ញាធរ ភូមិ ឃុំ ក្រុមប្រឹក្សាចូលរួម នៅក្នុងបរិវេណវត្តស្រយ៉ូវ ។

អភិបាលខេត្តកំពង់ធំ បានកោតសរសើរបងប្អូប្រជាការពារ និងត្រូវបានលើកកម្ពស់ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្រុង ដោយបានចាត់ទុក   ប្រជាការពារជាកម្លាំងពិសេស ក្នុងកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ច និងជាសេនាធិការឲ្យសមត្ថកិច្ចដ៏សំខាន់ ដើម្បីការពារទប់ស្កាត់បទល្មើស  ប្រជាការពារ បានជួយរក្សាស្ថេរភាពសន្តិសុខភូមិ ឃុំ បើទោះបីជា ប្រជាការពារពុំមានប្រាក់បៀរវត្តឧបត្ថម្ភក្តី ក៏បងប្អូន ប្រជាការពារ បានខិតខំយកអស់ពីកម្លាំងចិត្តកាយ យល់ដឹងពីកាតព្វកិច្ចរបស់ខ្លួន ការពារសន្តិសុខជូនប្រជាពលរដ្ឋខ្លួន ដើម្បីចូលរួមចំណែក អនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពទាំង៩ចំនុនរបស់រដ្ឋាភិបាល។

នៅក្នុងឳកាសនៃពិធី សំណេះសំណាលជាមួយប្រជាការពារ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ  បាន​សំណូមពរ ឲ្យបងប្អូនប្រជាការពារគោរពនូវតួនាទីភារកិច្ចរបស់ខ្លួន ដោយមិនត្រូវយកតួនាទីទៅប្រព្រឹត្តបទល្មើសខុសច្បាប់ ហាមយកតួនាទីទៅកាងបទល្មើស ហាមសំឡុតគំរាមគំហែងប្រជាពលរដ្ឋស្លូតត្រង់  ប្រជាការពារពុំមានសិទ្ធក្នុងការចាប់ចង ដោយខ្លួនឯង ដោយគ្មានការសហការជាមួយសមត្ថកិច្ចជំនាញបានឡើយ  លុះត្រាតែបទល្មើសជាក់ស្តែង ចាប់ឃាត់ទុកឲ្យសមត្ថកិច្ច ប្រជាការពារពុំមានសិទ្ធកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមន្រ្តី នគរបាលយុត្ថធម៌នោះទេ ពុំសិទ្ធក្នុងការប្រើប្រាស់អាវុធជាដាច់ខាត កុំនោះមិនត្រូវប្រើប្រាស់ ស្លាកសញ្ញា ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ដែលនាំឲ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ និងចៀសវាងជនទុចរិទ្ធក្លែងបន្លំ ប្រព្រឹត្តបទល្មើសផងដែរ ។

ដោយ  ប៊ុន  រដ្ឋា