0

ព្រះវិហារ: ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក កាលពីរសៀលថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញចុះត្រួតពិនិត្យ មើលការហូបចុក ស្នាក់នៅ របស់សិក្ខាកាម ដែលបាននិងកំពុងហ្វឹកហ្វឺន នៅទីបញ្ជាការ កងឯកភាពហ្វឹកហ្វឺន និងទីបញ្ជាការ វរសេនាតូចរថក្រោះ កងពលធំអន្តរាគន៍លេខ៣។ នៅក្នុងដំណើរនោះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធប្រមាណជាង២០នាក់។

ជាមួយគ្នានោះ ឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានធ្វើការ ផ្តាំផ្ញើរទៅដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ពិសេសខិតខំហ្វឹកហ្វឺនរៀនសូត្រ ស្តាប់គ្រូឧទេសនោម ក្រោយពេលដែលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ។ ទន្ទឹមនឹងនោះប្អូនៗកូនចៅសិក្ខាកាមទាំងអស់ ត្រូវចេះថែរក្សាសុខភាព ហូបមានអនាម័យ សម្រានក្នុងមុង និងហូបទឹកឱ្យបានច្រើន។ ព្រោះថានៅពេលហ្វឹកហ្វឺន ធ្វើឱ្យខ្លួនប្រាណយើងចេញញើសខ្លាំង ស្របទៅនិងអាកាស់ធាតុក្តៅផង នោះអាចធ្វើឲ្យយើងអស់កម្លាំង ហើយវិលមុខ ខ្យល់ចាប់កើតឡើងជាយៈថាហេតុ។

យោងតាមរបាយការណ៍ហ្វឹកហ្វឺនឆ្នាំ២០១៩ បានបញ្ជាក់ថា ការរៀបចំហ្វឹកហ្វឺនមានពីវគ្គ ១/រយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្តា ឆ្នាំ២០១៩ ដោយចែកចេញជាពីវគ្គ មុខវិជ្ជារួមមាន÷ បំប៉នជំនាញវិស្វកម្ម និងជំនាញរថក្រោះ។

២/រយៈពេល២ខែ ចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ចែកចេញជាពីវគ្គដូចគ្នា ដោយមុខវិជ្ជារួមមាន÷ វគ្គបំប៉នជំនាញគ្រូបង្គោល បំប៉នជំនាញយុទ្ធវិធីថ្មើរជើង និងយុទ្ធដំណើរទ័ពថ្នាក់វរសេនាតូច គិតចាប់ពីខែឧសភានេះ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការរៀបចំឡើងដោយការិយាល័យហ្វឹកហ្វឺន កងពលធំអន្តរាគមន៍លេខ៣។

ស្របតាមផែនការកំណែទម្រុងកងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (2019-2023)ដែលកងទ័ពជើងគោកបានដាក់ចេញកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ។ ដើម្បីឲ្យនាយ ពលទាហាន មានសមត្ថភាពគ្រប់គ្រាន់ នូវបណ្តាមុខជំនាញ យុទ្ធវិធីបច្ចេកទេស គោរពនិងអនុវត្តឱ្យបានត្រឹមត្រូវ នូវវិន័យសណ្តាប់ធ្នាប់ បទបញ្ជា ក៏ដូចជាលក្ខត្តិកៈទូរទៅ របស់កងយោធពលខេមរភូមិន្ទ ក្នុងការងារ និងភារកិច្ចការពារជាតិមាតុភូមិ៕សួនលីណា