ប្រជាពលរដ្ឋ នៅភូមិដាច់ស្រយាល ភូមិអន្លង់ក្រពើ ស្រុកព្រៃនប់ ត្រេកអរបានទទួលទំនប់បង្ហៀរស្ទាក់ទឹកទុកប្រើប្រាស់ពីអភិបាល

0

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលដំណើរការសាងសង់ទំនប់បង្ហៀរទឹក ស្ថិតនៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ជាប់ជើងភ្នំកំចាយ) ដើម្បីស្ទាក់ទឹកទុកជូនប្រជាពលរដ្ឋប្រើប្រាស់ និងដាំដំណាំផ្សេងៗ។

តំណាងប្រជាពលរដ្ឋរស់នៅភូមិអន្លង់ក្រពើ និយាយថា៖អ្នកភូមិរីរាយសប្បាយចិត្ដណាស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្ដព្រះសីហនុ ដែល តែងតែបានចុះមកដល់មូលដ្ឋាន ដឹងពីសុខទុក្ខរបស់ពួកគាត់ និងជួយដោះស្រាយបញ្ហាប្រឈមនានាទាន់ពេលវេលា ជាពិសេសបានផ្តល់ជូននូវទំនប់បង្ហៀរស្ទាក់ទឹកទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងជាផ្លូវឆ្លងកាត់សម្រាប់អ្នកភូមិឆ្លងកាត់ដឹកផលិតផកសិកម្មទៅលក់នៅទីផ្សារផងដែរ។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ មានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋយើងមានការជឿងជាក់មកលើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្ដទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាំងពីទីក្រុងរហូតដល់ទីជនបទដាច់ស្រយាលឲ្យមានសវុត្ថិភាព និងជីវភាពរស់នៅសមរម្យ។ បន្ទាប់ពីបានចុះពិនិត្យមើលឃើញជាក់ស្ដែងពីកង្វះទឹកប្រើប្រាស់នៅតំបន់នេះនៅរដូវប្រាំង រួមទាំងសំណូបពររបស់ប្រជាពលរដ្ឋឲ្យអាជ្ញាធរមូលដ្ឋាន និងខេត្ដជួយដោះស្រាយបញ្ហាប្រឈមនេះ ឯកឧត្ដម បានប្រជុំក្រុមការងារថ្នាក់ខេត្ដរៀបចំធ្វើទំនប់បង្ហៀរស្ទាក់ទឹកនេះជូនពួកគាត់ សម្រាប់ជួយសម្រួលដល់ការខ្វះខាតទឹករបស់បងប្អូនប្រជាពលរដ្ឋ សត្វ នឹងដាំដំណាំនៅរដូវប្រាំង។ ទំនប់នេះ អាចធារទឹករហូតដល់រាប់ម៉ឺនម៉ែត្រត្រីគុណ និងបានផ្ដល់ផលប្រយោជន៍ពីរយ៉ាង គឺទី១.បានទឹកប្រើប្រាស់ទាំងរដូវប្រាំង និងវស្សា និងទី២ បានជាផ្លូវធ្វើដំណើរឆ្លងកាត់ក្នុងភូមិកាន់តែមានភាពងាយស្រួល។

ជាមួយនេះដែរ លោក អ៊ុក សាវឿន មេឃុំតានៃ បាមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្ដទុកដាក់ និងជួយដោះស្រាយនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋលោកក្នុងមូលដ្ឋានភូមិអន្លង់ក្រពើ ដែលនៅដាច់ស្រយាល តែងជួបនូវការខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំងនោះ។
លោក ប្ដេជ្ញាចិត្ដនឹងបន្ដខិតខំប្រឹងប្រែងធ្វើសកមម្មភាពបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដោយចុះជាប់មូលដ្ឋាន និងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈ ទេសៈ រិះរកវិធីសាស្ត្រនានាក្នុងការអភិវឌ្ឍភូមិដ្ឋាន ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានសមរម្យ និងល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ផងដែរថា ភូមិអន្លង់ក្រពើ មានប្រជាពលរដ្ឋរស់នៅចំនួនជាង ១៥០គ្រួសារ ប្រកបរបរធ្វើចំការ អស្រ័យអនុផលព្រៃឈើ ដុតធ្យូង ជាដើម។ល។ ភូមិនេះជាភូមិដាច់ស្រយាលនៅជាប់ជើងភ្នំកំចាយ មានចំងាយប្រមាណ១០០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។