រដ្ឋបាលខេត្តក្រចេះ  រៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ដែលកំពុងប្រតិបត្តិការ

0

ក្រចេះ៖  យោងតាមសេចក្ដីជូនដំណឹងលេខ៥៤៩ស.ជ.ណចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩របស់ ក្រសួងមហាផ្ទៃ  នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩រដ្ឋបាលខេត្តក្រចេះបានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម-អង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍ ដែលកំពុងប្រតិបត្តិការនៅក្នុង ខេត្តក្រចេះក្រោមអធិបតីភាព ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ។

វេទិកានេះដែរមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តនិងអង្គការមិនមែន រដ្ឋាភិបាលសមាគមនិងសហគមន៍ មូលដ្ឋានភាពជាដៃគូជាពិសេសធ្វើយ៉ាងណាឱ្យមានភាពស្និទ្ធស្នាល  យល់ពីគ្នាទៅវិញទៅមកដើម្បី ការរួមគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ។

លោក ថាច់ មេត្រី អ្នកសម្របសម្រួលដៃគូរសហគមន៍ក្នុងខេត្តក្រចេះ បានលើកឡើងថា អង្គការសង្គមស៊ីវិលក្នុងខេត្តក្រចេះ ប្រមាណជាង៤០ តែអង្គភាពសមាគមដែលកំពុងដំណើរការមានតែ២៦ប៉ុណ្ណោះ ដោយអង្គការខ្លះបានបម្លែងខ្លួនទៅជាស្ថាប័នមីក្រូហិរញ្ញវត្ថុ រកប្រាក់ចំណេញនិងអង្គការខ្លះទៀតអស់គម្រោងគាំទ្រ  បច្ចុប្បន្នអង្គការទាំង២៦បានចងក្រងជាក្រុមមួយដែលមានឈ្មោះថាបណ្ដាញអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ថា(KNN (Kratié NGO Network) បណ្ដាញ នេះបង្កើតឡើងក្នុងគោលបំណងជួយសម្របសម្រួលដល់ការបំពេញនាទី របស់សមាជិកឱ្យកាន់តែ មានប្រសិទ្ធភាពជាបណ្ដុំព័ត៌មាន ការចែករំលែកចំណេះដឹងបទពិសោធន៍និងធ្វើជាតំណាងដល់ សមាជិកក្នុងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ។

លោកបន្តថា អង្គការនីមួយៗបាននឹងកំពុងបំពេញបេសកកម្មយ៉ាងមមាញឹកស្របទៅតាមទស្សនៈវិស័យនិងគោលការណ៍ របស់ខ្លួននៅក្នុងទឹកដីខេត្តក្រចេះទាំងមូលដែលទទួលបានលទ្ធផលជាផ្លែផ្កា ដូចជាការសាងសង់សាលារៀន និងគាំទ្រដល់កុមារមេត្រីនៅទីជនបទដាច់ស្រយាលគាំទ្រដល់ គ្រួសារទីទ័លក្រឱ្យមានលទ្ធភាព បញ្ចូនកុមារតូចៗបានទៅសាលារៀនគាំទ្រសកម្មភាពនៅតាម មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តក្រចេះជួយដល់គ្រួសារក្រីក្រអាចទទួលបានសេវា ព្យាបាលជំងឺដោយឥតគិតថ្លៃ សេវាពន្យារកំណើតការការពារជម្ងឺឆ្លងមេរោគអេដស៍ជម្ងឺគ្រុនចាញ់គាំទ្រ  ដល់ដំណើរកាអភិវឌ្ឍសហគមន៍ព្រៃឈើសហគមន៍នេសាទ សហគមន៍ការពារធម្មជាតិសហគមន៍ កសិកម្មក្រុមអេកូទេសចរណ៍ធម្មជាតិ ការអភិរក្សនិងអភិវឌ្ឍតំបន់ទេសភាពទន្លេមេគង្គ ក្រុមមុខ សញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ច ក្រុមសន្សំប្រាក់និងក្រុមមុខរបរផ្សេងៗទៀតដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន  គាំទ្រសកម្មភាពរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយផ្ដល់កញ្ចប់មនុស្សធម៌ដល់ជនរងគ្រោះពីទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ គាំទ្រគម្រោងនានា ។

ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះមានប្រសាសន៍ថា អង្គវេទិកាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ចំពោះរដ្ឋបាលខេត្ត  អង្គការមិនមែនរដ្ឋាភិបាល សមាគមនិងសហគមន៍មូលដ្ឋា គឺ ដើម្បីពិគ្រោះយោបល់រកបញ្ហាទាំងអស់ដែល ត្រូវរួមគ្នាសម្របសម្រួលដោះស្រាយរាល់បញ្ហាដែល កើតមាននៅក្នុងខេត្តទាំងមូលឈរលើជំហរសាមគ្គី យោគយល់គ្នាស្របតាមច្បាប់ស្ដីពីសមាគមនិង អង្គការមិនមែនរដ្ឋាភិបាលដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០១៨កន្លងទៅ ។

ឯកឧត្ដម មានប្រសាសន៍បន្តរថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់អង្គការជាតិនិងអន្តរជាតិ ដែលធ្វើសកម្មភាពក្នុងប្រទេសកម្ពុជានិងមិនអនុញ្ញាតដាច់ខាតនូវអំពើនិងសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈហើយអំពីទាំងនោះមិនត្រូវបានទទួលស្គាល់ជាសិទ្ធិនយោបាយ និងសេរីភាពក្នុងការបញ្ចេញមតិនោះឡើយ ។

ឯកឧត្ដម អភិបាលខេត្តមានប្រសាសន៍ថាពេលកន្លងមកនៅក្នុងខេត្តក្រចេះ មានអង្គការមិនមែន  រដ្ឋាភិបាលសមាគមនិង សហគមន៍មូលដ្ឋានមួយចំនួនធំបានអនុវត្តបានល្អប្រសើរធ្វើសកម្មភាពស្របទៅតាមគោលការណ៍ ច្បាប់និងលក្ខន្តិកៈរបស់ខ្លួនដែលបានតំកល់នៅក្រសួងមហាផ្ទៃ ។ ក៏ប៉ុន្ដែមានអង្គការមួយចំនួនតូច  ដែលទាក់ទងការអភិរក្សសត្វព្រៃ ព្រៃឈើនិងបរិស្ថានធនធានធម្មជាតិដែលបានអនុវត្តផ្ទុយពីលក្ខន្តិកៈរបស់ខ្លួនតាំងខ្លួនជាសមត្ថកិច្ចដើររកលុយពីប្រជាពលរដ្ឋ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់ ហើយអង្គការខ្លះទៀតមានភាពលំអៀងទៅកាន់គណបក្សនយោបាយដែលប្រឆាំង ជាមួយរដ្ឋាភិបាលដោយចោទប្រកាន់ថារាជរដ្ឋាភិបាលជាអាយ៉ង ហើយរាជរដ្ឋាភិបាលជារាជរដ្ឋាភិបាលខុសច្បាប់ ៕ប៊ុន មនោ