អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ពលីជីវិតសម័យសង្គ្រាមនៅកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើត

0

ខេត្តរតនគិរី៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ៩អដ្ឋិធាតុ ដែលបានពលីជីវិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមរបស់កម្ពុជា នាជាង៤០ឆ្នាំកន្លងទៅនេះ ត្រូវបានគណៈកម្មការរុករក គាស់ និងលើកអដ្ឋិធាតុ ខេត្តរតនគីរី នៃប្រទេសកម្ពុជា និងគណៈកម្មការខេត្តកន្ទូម នៃប្រទេសវៀតណាម បានរៀបចំធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ប្រទេសកំណើតខ្លួនវិញ ក្រោយការរុករកឃើញ នាពេលកន្លងមកនេះ។
ពិធីជូនដំណើរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនេះ បានប្រារព្ធធ្វើនៅស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។ ពិធីនេះទៀត ធ្វើឡើងក្រោមការអញ្ជើញជាអធិបតី ពីសំណាក់ អភិបាលរងខេត្ត និង ជាប្រធានគណៈកម្មការរុករក គាស់លើកអដ្ឋិធាតុ ខេត្តរតនគីរី លោក គិត ទ្រី និងអនុប្រធានគណៈកម្មាធិការប្រជាជន និងជាប្រធានគណៈកម្មការរុករក គាស់លើកអដ្ឋិធាតុខេត្តកន្ទូម វៀតណាម លោក ង្វៀន ហឿយថាប ដែលមានការចូលរួមពីមន្ត្រីខេត្ត ក្រុង សិស្សានុសិស្ស រួមទាំងកងកម្លាំងពាក់ព័ន្ធដ៏ច្រើន ផងនោះដែរ។
អភិបាលរងខេត្តរតនគីរី លោក គិត ទ្រី បានមានប្រសាសន៍ថា «យើងនឹងបន្តអនុវត្តន៍ នូវប្រពៃណីសាមគ្គីភាព មិត្តភាព ភាតរភាព និងសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបក្សរដ្ឋាភិបាល និងប្រជាជនវៀតណាមជារៀងរហូត ព្រមទាំងខិតខំប្រែក្លាយចំណងមេត្រីភាព ដែលមានជាប្រវតិ្តសាស្រ្តនេះ ឲ្យទៅជាមូលបទញ៉ាំងប្រទេសជាតិយើងទាំងពីរ កាន់តែមានកាលានុភាព និងពលានុភាព កសាងប្រទេសជាតិរបស់ខ្លួន បានរីកចម្រើនរុងរឿងជានិរន្តន៍ និងម្យ៉ាងវិញទៀត ដោយឈរលើខ្លឹមសារ នៃកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងស្មារតី នៃកិច្ចប្រជុំ រវាងគណៈកម្មការរុករក គាស់លើកអដ្ឋិធាតុ ខេត្តរតនគីរី និងគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តកន្ទូម ដែលបានធ្វើឡើងកន្លងមក រដ្ឋបាលខេត្តរតនគីរី និងនៅបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីខេត្តកន្ទូម ធ្វើការរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជាបន្តទៅទៀតផងដែរ»៕