ឯកឧត្តម អ៊ុន ចាន់ដា ថ្លែង ការហ្វឹកហ្វឺនកងកម្លាំងគឺពង្រឹងសមត្ថភាពជំនាញការធានាសន្តិសុខសណ្តាប់

0

ព្រះវិហារ: អភិបាលខេត្តព្រះវិហារ ដាក់ចេញនូវគោលការណ៍ដឹកនាំមួយចំនួនដល់កងកម្លាំងស្នងការដ្ឋាននគរបាលទាំងអស់ក្នុងខេត្តព្រះវិហារ ដើម្បីធានារក្សាឲ្យបាន នូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បទល្មើសនានាដែលបានកើតឡើង និងកំពុងកើតឡើងក្នុងភូមិសាស្រ្ត របស់ខ្លួនឲ្យបានល្អប្រសើរបន្ថែមទៀត។ ពិសេសត្រូវមានការរៀបចំកម្លាំង ឲ្យឈរជើងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាថា ជាកម្លាំងពិតរបស់ខេត្ត ក្នុងការត្រៀមទប់ស្កាត់បាតុភាពផ្សេងៗ ដែលកើតឡើងភ្លាមភ្លាម និងមិនត្រូវយកកម្លាំង អន្តរាគមន៍នេះ បម្រើផលប្រយោជន៍ឲ្យបុគ្គលណាមួយជាដាច់ខាន។

ការថ្លែងដាក់ចេញនូវគោលការណ៍ដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបង្រ្កាប ទប់ស្កាត់បាតុកម្ម កុបកម្ម ការប្រមូលផ្តុំតវ៉ា នៃកងអន្តគមន៍ពិសេសរយះពេលខ្លី របស់កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីតំណាងនៃអគ្គស្នងការនគរបាលជាតិ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបី រួមនិងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ពិធីនេះបានប្រារព្ធធ្វើឡើងក្នុងបរិវេណមណ្ឌលកីឡាដ្ឋាន ខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា សារសំខាន់នៃការហ្វឹកហ្វឺន គឺដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងមានជំនាញច្បាស់លាស់ ក្នុងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរក្នុងសង្គម ស្របតាមស្ថានភាពបច្ចុប្បន្ននេះ កងកម្លាំងយើងទាំងអស់ត្រូវតែហ្វឹកហ្វឺនជាប្រចាំ។

លើសពីនេះ ក្នុងនាមជាកម្លាំង ដាច់ខាតត្រូវ គោរព និងទទួលខុសត្រូវ អនុវត្តបទបញ្ជារបស់ថ្នាក់លើដាក់ចេញ រួមគ្នាសហការអនុវត្តភារកិច្ច ឲ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសត្រូវទប់ស្កាត់ឲ្យបាននូវចលនាប្រមូលផ្តុំពីសំណាក់ជនអគតិបោកបញ្ឆោត បំផុសបំផុលប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍បក្សពួក ប្រព្រឹត្តអំពើរខុសច្បាប់ ប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែងនាពេលកន្លងទៅ កម្លាំងយើងបានអនុវត្ត ការងារពិតបានទាន់ពេលវេលា និងចាប់មេខ្លោង ដែលញុះញ៉ង់ឲ្យប្រជាពលរដ្ឋ ប្រឆាំងតវ៉ា និងទន្រ្ទានដីព្រៃអភិរក្សសហគមន៍គូលែនព្រហ្មទេព យកធ្វើជាកម្មសិទ្ធខុសច្បាប់ទាំងស្រុង។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានស្នើទៅដល់ស្នងការខេត្តព្រះវិហារ ធ្វើយ៉ាងណាត្រូវមានការហ្វឹកហ្វឺនជាប្រចាំ យ៉ាងហោចណាស់១ឆ្នាំម្តង ដើម្បីឲ្យកម្លាំងនគរបាលយើង កាន់តែមានសមត្ថភាពជំនាញបច្ចេកទេសគ្រប់គ្រាន់ ក្នុងការការពារបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បន្ថែមពីនោះត្រូវពិនិត្យតាមប៉ុស្តិ៍នគរបាល ត្រូវធានាថា គ្រប់ប៉ុស្តិ៍នគរបាលមានសម្ភារៈ អាវុធ និងមធ្យោបាយគ្រប់គ្រាន់ ក្នុងការបម្រើដល់ការអនុវត្តរបស់ពួកគាត់។សូមបញ្ជាក់ថា វគ្គហ្វឹកហឺ្វនបំប៉នអន្តរាគមន៍ពិសេសនេះ ចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ដែលមានសិក្ខាកាមចំនួន ៣៤៧នាក់ ស្រីចំនួន៣៦នាក់។

វគ្គបំប៉ននេះចែកចេញជាបីកង-១កងអន្តរាគមន៍ពិសេស មានភារកិច្ចបង្កាបទប់ស្កាត់បង្រ្កាបអំពើល្មើស និងសកម្មភាពប្រឆាំងខុសច្បាប់ផ្សេងៗ -២កងអន្តគមន៍ជំនួយ មានភារកិច្ចបិទច្រកចេញចូល មិនអោយមានការដឹកស្បៀងអោយបាតុករ និងទី៣កងជំនួយចុងក្រោយ មានភារកិច្ចការពារទីតាំង និងដឹកស្បៀងអោយកងទី១ នឹងទី២៕សួនលីណា