ពិធីវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើងនិងយុទ្ធដំណើរទ័ពជូននាយទាហាននិងពលទាហាន

0

កំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធី បើវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើងនិងយុទ្ធដំណើរទ័ពជូននាយទាហាននិងពលទាហាន ចំណុះឲ្យយោធភូមិភាគទី៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង អគ្គមេបញ្ជាការងបញ្ជាការដ្ឋានកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងប្រតិភូអមដំណើរ រួមទាំងមេបញ្ជាការង និងនាយទាហានជាច្រើនរូប បានធ្វើនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុក​ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅក្នុងបរិវេណវរសេនាតូចលេខ១ ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៩។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ពីដំណើរ​ការបើកវគ្គហ្វឹកហ្វឺន តាមផែនការរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ តាមផែនការថ្នាក់លើកំណត់ ដែលមានសិក្ខាមដាក់ចុះ១០០នាក់ បានរៀបចំហ្វឹកហាត់ដល់កងកម្លាំង ផ្នែកសឹករងស្រុកក្រុងទាំង៨ និងវរសេនាតូចទាំង២ នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បំប៉នយុទ្ធវិធី ខ.គ ថ្មើរជើងនិងយុទ្ធដំណើរទ័ព ដើម្បីបំពេញសមត្ថភាពបន្ថែម ដល់យោធិនឲ្យក្លាយទៅជា ឧបករណ៍ដ៏រ៉ឹងមាំ ក្នុងការចូលរួមរក្សាសន្តិសុខ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងប្រឆាំងដាច់ខាតចំពោះក្រុម ឬសកម្មភាពទាំងឡាយណាដែលមានចេតនា ប្រឆាំងមកលើរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ឲ្យដឹងថា រយះពេលហ្វឹកហ្វឺនមានចំនួន៤៥ថ្ងៃ ដែលបានចាប់ផ្តើមពី ថ្ងៃទី១១ខែឧសភា ដល់ថ្ងៃទី២៤ខែមិថុនាឆ្នាំ ២០១៩  សិក្ខាមចំនួន១០០នាក់ គណកម្មការគ្រប់គ្រងវគ្គ១៥​នាក់ ក្រុមគ្រូយោធាចារ្យចំនួន១៨នាក់ ក្រុមបំរើចំនួន៥នាក់ ក្នុងចម្ងាយយុទ្ធដំណើរ៣២គីឡូម៉ែត្រ ក្នុងតំបន់ ព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងបានទទួលកញ្ចប់ថវិការសម្រាប់បំប៉ន ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងមួយថ្ងៃ៣០០០រៀល បន្ថែមលើហូបប្រចាំថ្ងៃដល់សិក្ខាម   ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង អគ្គមេបញ្ជាការងបញ្ជាការដ្ឋានកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បន្ទាប់ពីជំរាបជូនដល់ អង្គពិធីទាំងមូល ស្តីពីសភាពការនយោបាយក្នុងប្រទេស និងក្រៅប្រទេសរួចមក ក៏បានណែនាំផ្តាំផ្ញើរនិងផ្តល់ឳវាទដល់ ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន នូវប្រសាសន៍ដ៏មានអត្ថន័យខ្លឹមសារសំខាន់ៗសម្រាប់ការអនុវត្តរួចមក ឯកឧត្តម ពៅ ហេង បានមានប្រសាសន៍កោតសរសើរ ចំពោះឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានស្នាដៃលេចធ្លោជាងគេបង្អស់ក្នុងការដឹកនាំបញ្ជាដល់នាយទាហាន និងពលទាហាន រួមទាំងមន្រ្តីក្រោមឳវាទទាំងអស់ ឲ្យទទួលបាន វិន័យនិងសេចក្តីថ្លៃថ្នូរ ទាំងការកសាងបន្ទាយ និងការទំនាក់ទំនងល្អជាមួយជាតិអន្តរជាតិ ជាពិសេសគឺការងារ របស់អតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ បានសាងសង់ផ្ទះ និងដោះស្រាយជូនដល់អតីតយុទ្ធជនគ្រប់រូបដែល ជួបនិងការលំបាក រួមទាំងការងារផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ នូវសកម្មភាពចុះជួយអតីតយុទ្ធជន ដ៏រស់រវើករបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាគំរូដ៏ល្អផងដែរ។ ​ដោយ  ប៊ុន រដ្ឋា