សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុប្រារព្ធសន្និបាតបូកសរុបការងាអាណត្ថិទី៤និងលើកទឹសដៅការងារអាណត្តិទី៥ (២០១៩-២០២៥)

0

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ ចន្ទ ១០កើត ខែពិសាក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុប្រារព្ធសន្និបាតបូកសរុបការងាអាណត្ថិទី៤និងលើកទឹសដៅការងារអាណត្តិទី៥ (២០១៩-២០២៥)។
អង្គសន្និបាតបានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី៥ ដែលមានសមាសភាព ១៣រូប ស្រ្តី ០៣រូប និងសមាសភាពបំរុង ០២រូប ស្រ្តី ០១រូបផងដែរ។
យោងកំណត់ហេតុកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការសាខា អាណត្តិទី៥ បានសម្រេចឯកភាពគ្នាជាឯកឆន្ទ ជ្រើសរើស ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ជាប្រធាន ឯកឧត្តម លូ គីមឈន់ អនុប្រធាន ឯកឧត្តម មាង ស៊ីណេត អនុប្រធាន លោកជំទាវ គឹម ញ៉ អនុប្រធាន លោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិក និងលោក ណុប ហេង ជាលេខាធិការគណៈកម្មាធិការសាខា។
ចំណែក ឯកឧត្តម អ្នកឧកញ៉ា កុក អាន ជាប្រធានកិត្តិយស រួមទាំងអនុប្រធានកិត្តិយសចំនួន ២៨ រូប ស្រ្តី ០២រូប ។

ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៥ ឯកឧត្តម យន្ត មីន បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖១ កាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម២ យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។
៣ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។
៤ ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងខិតខំរកៀរគររកមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
៥ យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។
៦ យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម។

សូមបញ្ជាក់ថា សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសអាណត្តិទី ៥ ឯកឧត្តម យន្ត មីន ប្រធានគណៈកម្មាធិការសាខាអណត្តិទី ៥ ឯកឧត្តម លូ គីមឈន់ អនុប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាប្រធានអង្គសន្និបាត លោកឧកញ៉ា ឡាវ កាង ប្រធានកិត្តិយសសភាពាណិជ្ជកម្មខេត្ត ព្រមទាំង គណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តយុវជនកាយរិទ្ធ អ្នកសង្កេតការ សរុបចំនួន ១៥៥នាក់ នៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ ៕ដោយ សាវ៉ុន