អតីតយុទ្ធជនពិការនៅស្រុកស្ទោងបានទទួលអំណោយថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន  សែនជាខ្នងផ្ទះទីលើកទី ១២០ 

0

កំពង់ធំ៖ អតីតយុទ្ធជនពិការ លោក ឯក  លន់  បានទទួលខ្នងផ្ទះលើកទី ១២០ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា   បានផ្តល់ជូនអតីតយុទ្ធជពិការ ដែលមានជីវភាពខ្វះខាត តាមរយះ ឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានសាងសង់រួច និងមានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ  សាងសង់ពីឈើ  ខ្ពស់ផុតពីដី  រនាបនិងជញ្ជាំងក្តារ  ប្រក់ស័ង្កសី  ដែលបានចំណាយថវិកាក្នុងការ សាងសង់អស់ទឹកប្រាក់ចំនួន៧,២៥០,០០០ រៀល  ។

ការប្រគល់ផ្ទះជូនអតីតយុទ្ធជនពិការ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពូជាខេត្តកំពង់ធំ នៅរសៀលថ្ងៃ ពុធទី ១៥ខែ ឧសភា ឆ្នាំ២០១៩ ដែលជាអំណោយខ្នងផ្ទះលើកទី ១២០ របស់សម្ដេចតេជោហ៊ុន  សែន សម្រាប់អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានផ្តល់ជូនលោក លោក ឯក  លន់  ជាអតីតយុទ្ធជនពិការ មានភរិយាឈ្មោះ ផៃ  វ៉េត អាយុ៣៧ ឆ្នំាមាន កូនតូចៗនៅក្នុងបន្ទុកចំនួន២នាក់  បច្ចុប្បន្នរស់នៅភូមិកោះ ឃុំទ្រា  ស្រុកស្ទោង  ខេត្តកំពង់ធំ ។លោក ឯក  លន់  មានអាយុ ៤៣ឆ្នំា  ធ្លាប់បម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨៩ នៅអង្គភាពកងពលតូចលេខ ១២ ឈរជើងនៅតំបន់អានសេះស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយបានត្រូវរបួសពិការនៅឆ្នាំ១៩៩៧ បច្ចុប្បន្ន លោកនិងភរិយារស់នៅជ្រកកោនផ្ទះតូចចង្អៀត ជាមួយបងប្អូនហើយ ប្រកបមុខរបរនេសាទត្រី សម្រាប់ចិញ្ចឹមគ្រួសារ រស់នៅក្នុងជីវភាពលំបាកខ្វះខាត  ។នៅក្នុងពិធីប្រគល់ផ្ទះជូនលោក លោក ឯក  លន់  ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ  បានឧបត្ថម្ភជូនបន្ថែម មានអង្ករ៥០ គ.ក មីយើង២កេស ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ  មុងជ្រលក់ថ្នាំចំនួន ២និងថវិកាចំនួន ២១០,០០០  រៀលផងដែរ   ។អាជ្ញាធរដែនដីនិង ប្រជាពលរដ្ឋ បានចូលរួមអបអរសាទរ ចំពោះក្រុមគ្រួសាររបស់លោក ឯក លន់ អតីត យុទ្ធជនពិការ ដែលបានទទួលផ្ទះថ្មីពីសម្តេចតេជោហ៊ុន សែន  ដែលសម្តេចបានយកចិត្តទុកដាក់មកលើ អតីតយុទ្ធជន គ្រប់រូបដែលកំពុងតែជួបនិងការលំបាក និងមានជីវភាពខ្វះខាត ត្រូវបានមើលថែរពីសមាគម អតីតយុទ្ធជនខេត្តកំពង់ធំ ដែលដឹកនាំដោយឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះជួយ ដោះស្រាយគ្រប់ទិសទី ធ្វើឲ្យអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ មិនអស់សង្ឃឹមចំពោះការលះបង់កន្លងមក។

ដោយ  ប៊ុន រដ្ឋា