រដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការក្ដៅចំពោះម្ចាស់ការដ្ឋានសំណង់ដែលរំលោភបំពានច្បាប់

0

(ខេត្តព្រះសីហនុ) នៅថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០១៩ ក្រុមការងារចម្រុះដឹកនាំដោយរដ្ឋបាលខេត្តព្រះសីហនុ បានចុះណែនាំម្ចាស់ការដ្ឋានសំណង់ របស់ចិន ដែលសង់រំលោភលើចំណីផ្លូវនៅកណ្ដាលទីក្រុងព្រះសីហនុ។
ការដ្ឋានសំណង់នេះ មន្ត្រីសាលាក្រុងព្រះសីហនុ និយាយថាបានចុះណែនាំចំនួន៤ដងមកហើយ តែគ្មានប្រសិទ្ធភាព ដោយក្រុមជាងនៅតែបន្តការងារដោយរលូន។ក្រោយមានការរិៈគន់ច្រើននៅថ្ងៃ១៧ឧសភា២០១៩ នេះរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះហាមឃាត់និងបញ្ជាអោយរុះរើចេញវិញម្តង។

បើតាមលោក លី ចិត្តនិយម ប្រធានការិយាល័យអភិវឌ្ឍន៍ខេត្តព្រះសីហនុ និយាយថា ទីតាំងសំណង់របស់ក្រុមហ៊ុនចិននេះបានសង់រំលោភចូលលើដីចំណីផ្លូវប្រវែង 3,7 m ។ក្រៅពីការរំលោភលើចំណីផ្លូវសំណង់នេះក៏បានសង់ឡើងលើធ្វើអោយប៉ះបង្គលនិងខ្សែអគ្គិសនីផងដែរ។ចំពោះមុខ លោក លី ចិត្តនិយម ស្នើឲ្យម្ចាស់ការដ្ឋានសំណង់រុះរើចេញដោយខ្លួនឯង។ប្រសិនជាម្ចាស់សំណង់មិនអនុវត្តតាម រដ្ឋបាលខេត្តព្រះសីហនុនឹងចុះរុះរើ និងចាត់វិធានការទៅតាមផ្លូវច្បាប់។

លោកបានបញ្ជាក់ថា អាជ្ញាធរសំដែងការស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ដែលបានមកដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុក៏ប៉ុន្តែលោកទទូចស្នើសុំឲ្យវិនិយោគិនទាំងអស់ត្រូវគោរពទៅតាមច្បាប់របស់កម្ពុជា។គួរបញ្ជាក់ផងដែរថាកន្លងមកក្រុមការងារចម្រុះបានចុះហាមឃាត់និងបញ្ជាឲ្យធ្វើការរុះរើចេញនូវសំណង់រំលោភច្បាប់ជាច្រើនកន្លែងដែលម្ចាស់សំណង់មួយចំនួនចេះតែលួចសង់រំលោភច្បាប់។ស្ថានភាពសំណង់នៅក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះ ក្នុងរដ្ឋបាលរបស់ឯកឧត្តម យន្តមីន អភិបាលខេត្តព្រះសីហនុ រយៈកាល 3 ឆ្នាំចុងក្រោយនេះការវិនិយោគលើវិស័យសំណង់បាននឹងកំពុងមានសន្ទុះខ្លាំងគួរកត់សំគាល់។
សំណង់តូច ធំៗជាច្រើនកំពុងតែបណ្ដែតខ្លួនយ៉ាងព្រោងព្រាត។សភាពបែបនេះបានធ្វើអោយខេត្តព្រះសីហនុប្រែប្រួលមុខមាត់យ៉ាងលឿន។រីឯជីវភាពអ្នកខេត្តព្រះសីហនុ ក៏មានភាពប្រសើរឡើងជាលំដាប់។ ភាពក្រីក្ររបស់ពលរដ្ឋត្រូវបានកាត់បន្ថយផងដែរ។បើទោះបែបនេះក្តីគេកត់សំគាល់ឃើញថាសំណង់ខ្លះគ្មានច្បាប់ ខ្លះកំពុងរត់ច្បាប់ ខ្លះទៀតមានច្បាប់តែរំលោភច្បាប់។ដើម្បីដោះស្រាយបញ្ហាទាំងនេះរដ្ឋបាលខេត្តព្រះសីហនុ បានចេញ សជណ ណែនាំជាបន្តបន្ទាប់ដើម្បីជម្រុញម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសសំណង់និងគោលការណ៍ច្បាប់។តែយ៉ាងណាម្ចាស់ការដ្ឋានសំណង់ខ្លះមិនទាន់បានចូលរួមអនុវត្តអោយបានត្រឹមត្រូវនៅឡើយ។

ជុំវិញការងារនេះដែ លោក លី ចិត្តនិយមបង្ហាញជំហរយ៉ាងមុតមាំថាក្នុងនាមជាប្រធានក្រុមកាងារ លោកប្តេជ្ញាបន្តបេសកកម្មនេះដោយអនុវត្តទៅតាមច្បាប់និងសេចក្តីជូនដំណឹង ទាក់ទិនវិស័យសំណង់ របស់អភិបាលខេត្តព្រះសីហនុ ដើម្បីធានាបរិស្ថានល្អនិងសុខដុមនីយកម្មជាមួយអ្នកជិតខាងនិងសាធារណៈ។លោកក៏បានសំណូមពរឲ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវតែគោរពទៅតាមច្បាប់៕ (សាវ៉ុន)