សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងត្រៀមបង្កើតទីតាំងអុំទូកទេសចរណ៍ព្រៃអភិរក្ស ដើម្បីធានានូវការទទួល ភ្ញៀវទេសចរណ៍ក្នុងរដូវវស្សា

0

សៀមរាប៖ ឃុំកំពង់ឃ្លាំង គឺជាឃុំមួយស្ថិតនៅប៉ែកខាងទន្លេសាប ៦ខែគោក ៦ខែលិចទឹកទូទាំងឃុំ ឃុំកំពង់ឃ្លាំងមានប្រជាប្រិយភាព ទាំងរដូវវស្សានិងរដូវប្រាំង និងបានទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត ដោយមន្តស្នេហ៍ធម្មជាតិ រួមទាំងភាពញញឹមរាក់ទាក់ពីបងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងបឹងទន្លេសាប និងសម្រស់ដ៏ស្រស់ស្អាតគ្រប់រដូវកាល ស្ថិតនៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប។

ដោយមានការខិតខំយកចិត្តទុកដាក់ ពីសំណាក់គណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង និងមានការគាំទ្រពីអាជ្ញាធរខេត្ត អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន និងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ខេត្តបានជម្រុញឲ្យ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង អភិវឌ្ឍន៍ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំប្រកបដោយ ភាពរីចំរើន រហូតមានការណូតតូចធំ ជាង១០០គ្រឿង សម្រាប់ការធានាបាននូវការបំរើសេវាកម្មផ្នែកទេស​ចរណ៍ ដល់ភ្ញៀវដែលបានអញ្ជើញមកទស្សនាទេសចរណ៍ធម្មជាតិ ក្នុងឃុំកំពង់ឃ្លាំង ។

លោក សរ ប៊ុនចំរ៉ុង តំណាងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង បានមានប្រសាសន៍ថា  .. សហគមន៍បានដំណើរការជាង១០ឆ្នាំមកហើយ និងទទួលបានអាជ្ញាប័ណ្ណឲ្យប្រកបអជីវកម្មនៅឆ្នាំ២០១៦ និងមានគោលការអភិវឌ្ឍន៍កន្លែងទេសចរណ៍បន្ថែម លើទីតាំងដែលមានស្រាប់ ដោយរៀបចំមានទីតាំងសម្រាប់ ភ្ញៀវទេសចរណ៍ អុំទូកលេងកំសាន្ត នៅក្នុងដែនព្រៃអភិរក្ស ដែលមានផ្ទៃដី១២ហិចតា ស្ថិតនៅក្នុងភូមិតាច្រនាង ដោយត្រូវបានចំណាយថវិការជិត១ម៉ឺនដុល្លា ក្នុងការសំអាតផ្នែកខាងក្រោមដើមឈើ ដើម្បីងាយស្រួល ដល់ការកំសាន្ត និងការផ្តិតយករូបភាពរបស់ភ្ញៀវទេសចរណ៍ ។

លោក បានបន្តថា ចំណែកបរិស្ថានគឺត្រូវបានអប់រំផ្សព្វផ្សាយ ឲ្យមានការចូលរួមទាំងអស់គ្នា ពីសំណាក់បង ប្អូនប្រជាពលរដ្ឋ ដោយសំអាតនៅតាមមុខផ្ទះរបស់ខ្លួន បញ្ឈប់ការចោលសំរាមចូលព្រែក រួមទាំងការហាល សម្លៀកបំពាក់នៅតាមមុខផ្ទះ ក្នុងនោះក៏បានពង្រឹកការយកចិត្តទុកដាក់លើ ផ្នែកអានាម័យ និងការពារសុវត្តិភាពជូនភ្ញៀវទេស​ចរណ៍ និងមានផ្ទះសំណាក់ចំនួន៦ កន្លែងសម្រាប់ទទួលភ្ញៀវទេសចរណ៍ ដោយមានបំរើសេវាកម្មម្ហូបអាហារតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ ។សម្រស់ដែលធ្វើអាចទាក់ទាញភ្ញៀវទេចរណ៍ គឺនៅរដូវវស្សា ភ្ញៀវទេសចរណ៍ អាចទស្សនាសម្រស់ព្រៃប្រឹក្សាដែលតំម្រៀបត្រៀមត្រាក្នុងផ្ទៃបឹងទន្លេសាប អាចផ្តិតយករូបភាពផ្ទះប្រជាពលរដ្ឋដែលមានការសាងសង់ដ៏ចម្លែកប្លែកពីប្រជាពលរដ្ឋរស់នៅលើគោក រួមទាំងបានជិះការណូតទស្សនាបឹងទន្លេសាបដ៏ធំជាងគេ នៅលើពិភពលោក បានសិក្សាពីវិធីជីវិតរស់នៅ ប្រកបមុខរបរនេសាទត្រី របស់ប្រជាពលរដ្ឋ រួមទាំងតំបន់វប្បធម៌សាសនា វត្តអារាមជាដើម។តំណាងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង បានបង្ហើបពីផលពិបាកខ្លះៗ សម្រាបើសហគមន៍ ដោយ​សារទីស្នាក់ការទេសចរណ៍ មានការបំផ្លាសទីជាច្រើនកន្លែងក្នុងមួយឆ្នាំៗ លោកបានបញ្ជាក់ថា នៅរដូវប្រាំង ទីស្នាក់ការមកនៅមុខវត្តកំពង់ឃ្លាំង ដល់ខែវស្សាទីស្នាក់ការមកនៅទីតាំងព្រៃស្រមោច ដោយសារទឹកជនលិច និងបានសំណូមពរឲ្យឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ទា សីហា អភិបាល ខេត្តសៀមរាប មេត្តាជួយកាយព្រែកដែលមាន ចម្ងាយជាង៨គ.ម ដើម្បីងាយស្រួលដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក្នុងរដូវប្រាំង ដោយសារតែរដូវប្រាំង ទឹកគោករីងខះ មានផលពិបាកក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ។  ដោយ  ប៊ុន​​​​  ​​រដ្ឋា