នៅ សារី មេឈ្មួញបោកប្រាស់ដុះស្លែ ខាងប្រមូលទិញមើមដំឡូងមីស្រស់ ពីប្រជាកសិករ មិនអោយលុយត្រូវបានចាប់ខ្លួន

0

កំពង់ឆ្នាំង៖ ជនឆបោកឈ្មោះ នៅ សារី ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តព្រះសហីនុ ប្រគល់មកអោយសមត្ថកិច្ចខេត្តកំពង់ឆ្នាំង និង បាននាំខ្លួនមកដល់សាលាដំបូងខេត្ត នៅវេលាម៉ោងជាង១៥រសៀល  ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។

មេឈ្មួញបោកប្រាស់ម្នាក់ ដែលចុះប្រមូលទិញមើមដំឡូងមីស្រស់ ពីប្រជាកសិករ នៅតាមបណ្តាខេត្តនានា មិនអោយលុយនោះ ត្រូវ​បាន​កម្លាំង​សម្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការរុករកឃើញហើយឃាត់ខ្លួន បន្ទាប់ពីដឹងថាជនឆបោកខាងលើនេះ បានគេច​ខ្លួនពីការតាម​ចាប់​របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ហើយមកលាក់ខ្លួន នៅខេត្តព្រះសីហនុ ។

          មេឈ្មូញបោកប្រាស់ដែលត្រូវចាប់ខ្លួននេះឈ្មោះនៅ សារី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំ​ពង់​ឆ្នាំង ។ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបានកាលពីវេលាម៉ោងជាង១៥រសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងភោជនីយ៌ដ្ឋាន ឆ្នេរថ្មី ភូមិបី សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។

          ការចាប់ខ្លួនជនឆបោកម្នាក់នេះធ្វើឡើង ដោយអនុវត្តតាមដីកា អោយនាំខ្លួនរបស់ សាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទព្រហ្មទណ្ឌ ពាក់ព័ន្ធនិងករណីឆបោក រឿងប្រមូលទិញមើមដំឡូងមីស្រស់និងស្ងួត ពីប្រជាកសិករ នៅតាមបណ្តាខេត្តនានា មិនអោយលុយ នាពេលកន្លងមក​ ។ ហើយនៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ តុលាការខេត្តកំពង់ឆ្នាំង បានសម្រេចបញ្ជូន មេឈ្មួញឆបោកនៅ សារី ទៅឃុំខ្លួននៅព័ន្ធនាគារខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៤ និង ១៥នាទី ។

          គួរំឮកថា មានប្រជាពលរដ្ឋជាច្រើននាក់នៅតាមបណ្តាខេត្តនានា បានចាញ់បោកឈ្មួញឈ្មោះ នៅ សារី ដែលចុះទៅប្រមូលទិញមើម​ដំឡូងមី ពីពួកគាត់ហើយមិនអោយលុយ  ដោយមេឈ្មួញម្នាក់នោះ​   ជួលទីតាំងព្រលានយន្តហោះនៅក្នុងខេត្តកំពង់ឆ្នាំង ដែលជា​មូល​ដ្ឋាន​ទ័ពអាកាស សម្រាប់ហាលនិងស្តុកមើមដំឡូងសម្រាប់លក់បន្ត និង បានយកឈ្មោះលោកកែវ វណ្ណដេត ដែលជាមេពញ្ជាការទ័ពអាកាស មក​កាងមុបខរបរនេះផងដែរ ។

          កាលពីរសៀលថ្ងៃទី៣០  ខែមិថុនា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋជិត២០នាក់ មកពីខេត្តពោធិសាត់  ខេត្តព្រៃវែង និង ខេត្តកំពង់ចាម  បានលើក​គ្នាមកទាលុយពីមេឈ្មួញម្នាក់នោះនៅទីតាំងព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង ដោយបាននាំគ្នាឈរកាន់បដារស្រែកទាមទារ​អោយ​បន្រ្តីពាក់ព័ន្ធជួយអន្តរាគមន៍ផងដែរ  ។

          ប្រជាពលរដ្ឋបានអោយដឹងថា លុយដែលឈ្មោះនៅសារីជំពាក់ពួកគាត់ក្នុងម្នាក់ៗមានចំនួនរាប់ពាន់ដូល្លា ហើយមានរយះពេលរាប់​ខែនិងខ្លះទៀតរាប់ឆ្នាំមកហើយ ទោះបីពួកគាត់មកទារជាច្រើនលើកក៏ឈ្មោះនៅ សារី និង ប្រពន្ធមិនដែលសងបានមួយរៀលមួយសេនដែរ ហើយ​​មានប្រជាពលរដ្ឋនៅក្នុងភូមិ ស្រុករបស់គាត់ ជាច្រើននាក់ទៀត​ ក៏ត្រូវឈ្មោះ នៅ សារី បោកប្រាស់​ទីញមើមដំឡូង​មីមិន​អោយលុយដូច​ពួក​គាត់ដែរ ។      ប្រភពដោយឡែកមួយទៀតបានអោយដឹងថា ឈ្មោះនៅ សារី រកស៊ីមុខរបរនេះបានយកឈ្មោះកែវ វណ្ណដេត ជា​មេ​បញ្ជា​ការ​ទ័ព​អាកាស នៅពីក្រោយខ្នង និងបានជួលអគារនិងទីតាំងព្រលានយន្តហោះ នៅក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ហាលសម្ងួតមើម​ដំឡូង ​និង ស្តុក​មើមដំឡូងមី ដែលគេប្រមូលទិញបានពីតាមបណ្តាខេត្តនានាផងដែរ  ។ ទីតាំងនេះត្រូវឈ្មោះនៅ សារី ជួលក្នុងតម្លៃ២ម៉ីន​ដុល្លា​ក្នុងមួយឆ្នាំ ហើយក្នុងកិច្ចសន្យាមានរយះពេល៣ឆ្នាំ ។

 

aapsara 11[21-16-45]

aapsara 11[21-17-30] aapsara 11[21-17-57]