VIDEO ​អា​ហ្ស​ង់​ទីន​បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជួប​អាល្លឺម៉ង់​បន្ទាប់ពី​ ​ឈ្នះ​ហូ​ឡង់​ដោយ​បាល់​ប៉េ​ណា​ល់​ទី​

0

​នៅ​ទីបំផុត​ក្រុមបាល់ទាត់​ម្ចាស់​ទ្វីប​គឺ​តុង​ហ្គោ​អា​ហ្ស​ង់​ទីន​បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវ​ជួប​ជាមួយ​ក្រុម មកពី​តំបន់​អឺរ៉ុប​គឺ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ បន្ទាប់ពី​អា​ហ្ស​ង់​ទីន​ប្រកួត​ឈ្នះ​ក្រុម​មច្ចុរាជ​ពណ៌​ទឹកក្រូច​ហូ​ឡង់ ដោយ​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល​៤-២ ។​ ​ការប្រកួត​រវាង​អា​ហ្ស​ង់​ទីន​និង​ហូ​ឡង់​កាលពី​យប់មិញ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កីឡាដ្ឋាន Arena de Sao Paulo ដែលមាន​ទស្សនិកជន​ចូលរួម​ទស្សនា​ផ្ទាល់​ប្រមាណ ៦៣២០០ នាក់​ដែលមាន​លោក​អាជ្ញាកណ្តាល គូ​នី​ត កា​គឺ (Cuneyt Cakir) សញ្ជាតិ​ទួរគី​ជា​អ្នក​កាត់សេចក្តី ។​

​ក្នុងការ​ប្រកួត​នេះ​ក្រុម​អា​ហ្ស​ង់​ទីន​ជា​អ្នក​មានឱកាស​សម្រុក​ច្រើនជាង​នៅ​តង់​ទី​១​ប៉ុន្តែ​ពួកគេ​មិនមាន​ឱកាស ស៊ុត​បញ្ចូល​ទី​ក្រុម​ហូ​ឡង់​ឡើយ​។​លុះ​ចូលដល់​តង់​ទី​២​ក្រុម​ហូ​ឡង់​បាន​ផ្លាស់ប្តូរ​ទម្រង់​លេង ហើយ​មានឱកាស​វាយបក ទៅ​ក្រុម​អា​ហ្ស​ង់​ទីន​វិញ តែ​មិនមាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​ដូចគ្នា ។ ចប់​ការប្រកួត​ទាំងពីរ​តង់​ក្រុម​ទាំងពីរ​ស្មើគ្នា​០-០ ។​ ​ការប្រកួត​បាន​ឈានដល់​ម៉ោង​បន្ថែម​១៥​នាទី​ពីរដង​ប៉ុន្តែ​ក្រុម​ទាំងពីរ​នៅតែ​មិនអាច​បំបែក​ពងមាន់​បាន​រហូត ដល់​ការប្រកួត​ឈានដល់​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ។ សម្រាប់​ការ​ស៊ុត​ប៉េ​ណា​ល់​ទីនេះ​ក្រុម​អា​ហ្ស​ង់​ទីន​គឺ​ធ្វើ​បានល្អ​ជាង​ដោយបាន​យកឈ្នះ​ហូ​ឡង់​ក្នុង​លទ្ធផល​៤-២ ។

អា​ហ្ស​ង់​ទីន​ស៊ុត​មិនមាន​ភ្លាត់​គ្រាប់​ណាមួយ​ឡើយ​ប៉ុន្តែ​ហូ​ឡង់​ស៊ុត​មិន​ចូល​ពីរ​គ្រាប់​ដោយ​កីឡាករ រុន វីឡា (Ron Vlaar) និង​កីឡាករ វ៉េ​ស្លី ស្នាយ​ឌ័​រ (Wesley Sneijder) ។​ ​គួរ​បញ្ជាក់ថា ការប្រកួត​ដណ្តើម​លេខ​៣​រវាង​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ជាមួយ​ហូ​ឡង់​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ (​ម៉ោង​៣​ទៀបភ្លឺ​) ចំណែក​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​អាល្លឺម៉ង់ និង​អា​ហ្ស​ង់​ទីន នៅ​ថ្ងៃអាទិត្យ​ទី​១៤ (​ម៉ោង​២​យប់​) ៕