កុមារគរថ្លង៦០នាក់មកពីវិទ្យាល័យអប់រំពិសេសខេត្តសៀមរាបត្រូវបានបង្រៀនពីវិធីហែលទឹកដើម្បីជួយខ្លួនឯងពីការលង់ទឹក

0

ខេត្តសៀមរាប៖ សាលាបង្រៀនហែលទឹកមើម៉េធ បានសម្រេចចិត្តក្នុងការបង្រៀនដល់កុមាតគរថ្លង់ ចំនួន៦០នាក់ នៅខេត្តសៀមរាប ឲ្យចេះហែលទឹកដើម្បីជួយសង្រ្គោះខ្លួនឯង ក្នុងករណីជួបគ្រោះថ្នាក់ដោយសារទឹក ដោយកុមារគរថ្លង់ទាំងនេះ មកពីវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប ដោយចាប់ផ្តើមបង្រៀនចាប់ក្នុង រយះពេល២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ ២០២០ នៅក្លឹបហែលទឹកខាមបូប៉ិចសៀមរាប ស្ថិតនៅភូមិ សង្កាត់ស្វាយដង្គម ក្រុងសៀមរាប ខេត្តសៀបរាប ។

លោក សារឿន ដរ៉ាគឹមឆាយ  នាយកសាលាមើម៉េធ បានឲ្យដឹងថា គោលបំណងនៃការ បង្កើតកម្មវិធីមនុស្សធម៌នេះ គឺជាការកាត់បន្ថយអត្រាការស្លាប់ដោយសារការលង់ទឹក និងដើម្បីជួយដល់កុមារគរថ្លង់ ដែលគាត់គ្មានឳកាសក្នុងការទទួលបាននូវចំណេះដឹងពីការចេះហែល បានធ្វើឲ្យអត្រាការស្លាប់ដោយសារលង់ទឹកមានកម្រិតខ្ពស់  បើប្រៀបធៀបរវាងប្រទេសអូស្ត្រាលឺ កុមារក្រោមអាយុ១៥ឆ្នាំ បានស្លាប់ដោយសារលង់ទឹកមានចំនួន ៤៣ក្នុងមួយឆ្នាំ ចំណែកកម្ពុជាកុមារស្លាប់ដោយសារលង់ទឹកប្រមាណ ៧២៣នាក់ ។

លោក សារឿន ដរ៉ាគឹមឆាយ  បានបន្តថា មូលហេតុដែលបានផ្តោតលើកុមាតគរថ្លង់នេះ គឺដោយសារតែកុមារគរថ្លង់សឹងតែ០ភាគរយ ដែលគ្មានឳកាសចេះហែលទឹកនិងជួយខ្លួនឯងបាន ដោយសារតែកូនក្មេង និងមនុស្សពេញវ័យធម្មតាស្ទើរតែគ្មានឳកាសចេះហែលទឹកទៅហើយ ចុះទម្រាំតែកុមារគរថ្លង់គាត់នៅតាម មណ្ឌល់ នៅសាលាក៏រឹតតែគ្មានឳកាស ទើបសាលាបានជួយដល់កុមារគរថ្លង់ទាំងនេះ ដើម្បីឲ្យគាត់ចេះការ ពារខ្លួន ចេះវិធីសាស្រ្តរំដោះខ្លួនពីការលង់ទឹក ដោយឡែកបើកុមារធម្មតាបើគាត់លង់ទឹក អាចស្រែកហៅឲ្យគេជួយតែបើកុមារគរថ្លង់គាត់អាចនិងជួយគ្រោះថ្នាក់ដល់ជីវិតបាន ហើយនេះក៏ជាលើកទី១ ដែលសាលាមើម៉េធបានរៀបចំកម្មវិធីមនុស្សធម៌នេះ ដោយមានការគាំទ្រ និងពីអង្គការ JEJU Youth Volunteers ប្រចាំសាធារណៈរដ្ឋកូរ៉េខាងត្បូង និងសាលានៅប្រទេសកាណាដា in SCI Education និងបានចូលរួមសហការជា​មួយសហព័ន្ឋខ្មែរកីឡាហែលទឹក រួមទាំងបានផ្តល់ទីតាំងដោយក្លឹបហែលទឹកខាមបូប៉ិចសៀមរាប សកម្មភាទាំងនេះ បានបង្ហាញពីការចូលរួមកាត់បន្ថយអត្រាអ្នកស្លាប់ដោយសារការលង់ទឹកនៅប្រទេសកម្ពុជាបានមួយកម្រិត។

លោកនាយកសាលាមើម៉េធ បានប្តេជ្ញាចិត្តនិង ជួយជ្រោមជ្រែងដល់វិស័យកីឡាហែលទឹកនេះ និងជួយដល់កុមារគរថ្លង់ ដោយមានកម្មវិធីជាបន្តដើម្បីជួយកាត់បន្ថយនូវអត្រាការស្លាប់ដោយការលង់ទឹក លោកបានបន្តថា សម្រាប់កម្មវិធីលើកក្រោយនេះ និងត្រូវជ្រើសរើសខេត្តណាដែល នៅជាប់ជាមួយដៃទន្លេសាប និងតំបន់ បឹងទន្លេសាប ដើម្បីជួយកុមារឲ្យមានចំណេះដឹងក្នុងការជួយរំដោះខ្លួនឯងពីការលង់ទឹក ចំណែកកុមារដែល ទទួលបានការបង្រៀនហែលទឹក គឺទទួលបាន៩០ភាគរយក្នុងការចេះហែលទឹក ។

ដោយ ប៊ុន រដ្ឋា