កម្មករ​ម្នាក់​ប្រសូត​បុត្រ​លើ​រទេះ​នៅ​ការដ្ឋាន​សំណង់​

0

ភ្នំពេញ ៖ កម្មការិនី​សំណង់​ម្នាក់​បានប្រសូត​បុត្រ​យ៉ាង​លំបាក​លើ​រទេះរុញ​ឥដ្ឋ​នៅក្នុង​ការដ្ឋាន​សំណង់​បុរី​ពិភពថ្មី ស្ថិតនៅ​តាមផ្លូវ​បេតុង (​ម្តុំ​ផ្សារ​គគីរ​). ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៩​កុ​ម្ភះ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ម្តាយ​ទាន់ពេលវេលា តែ​អកុសល​កូន​ដែល​កើត​ក្នុង​អាយុ​៧​ខែ​បាន​ស្លាប់​។​ ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ​ម៉ុង ចាន់ថា អាយុ​៣១​ឆ្នាំ​និង​ប្តី​ឈ្មោះ​គង់ សុខ អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​-​ឃុំ​ដូង​ស្រុក​រមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្ន​ពួកគាត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ជា​កម្មករសំណង់​។​

លោក​គង់ សុខ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​៤​កន្លះ​ទៀបភ្លឺ​ប្រពន្ធ​គាត់​ដែលមាន​ផ្ទៃពោះ​៧​ខែ ស្រាប់តែ​ឈឺពោះ​យ៉ាងខ្លាំង ។​. ដោយ​គ្មាន​មធ្យោបាយ​គាត់​រួមជាមួយ​មិត្ត​ភក្ត្រ​ក៏​លើក​ប្រពន្ធ​ដាក់​លើ​រទេះដឹក​ឥដ្ឋ​ឆ្ពោះ​មក​ផ្លូវធំ​រក​គ្រូពេទ្យ​។ ខណ​:​ពេលធ្វើ​ដំណើរ​បាន​បន្តិច​ស្រាប់តែ​កូន​គាត់​កើតចេញ​ជើង​មក​មុន​…​។

ភ័យ​ពេក​ក៏​រត់​ទៅទាក់ទង​សន្តិសុខ​យាម​ការដ្ឋាន​ទាក់ទង​ប៉ូលិស ហើយ​ប៉ូលិស​ក៏​ទាក់ទង​គ្រូពេទ្យ​មកជួយ​។​ លោក​គង់ សុខ​បន្តថា ភ្លាមៗ​នោះ​រថយន្ត​សង្គ្រោះ​និង​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង​ក៏បាន​មកដល់ ហើយ​បង្កើត​ទារក​នៅលើ​រទេះរុញ​តែម្តង​។

ការបង្កើត​កូន​ដោយ​គ្មាន​ឧបករណ៍​អាចជួយ​សង្គ្រោះ​ម្តាយ​រួច​ផុតពី​គ្រោះថ្នាក់ តែ​អកុសល​កូន​ដែល​កើត​មិន​គ្រប់​ខែ​បាន​ស្លាប់ រួច​ដឹក​មក​មន្ទីរពេទ្យ​សង្គ្រោះ​បន្ថែមទៀត​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ដែល​បាន​ជួយសង្គ្រោះ​ប្រពន្ធ​របស់លោក​រួចផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ទោះ​បីកូន​របស់លោក​បាន​ស្លាប់​ក៏ដោយចុះ​៕ ​Image1