ឃាត់ខ្លួនអ្នកញៀនល្បែង៣នាក់ទៅតុលាការខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ សមត្ថកិច្ចមនគបាលខណ្ឌប្ញស្សីកែវ បានបញ្ជូនជនខ្លួនសង្ស័យ ចំនួន៣នាក់ ទៅកាន់សាលាដំបូងរាជធានីនៅភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ពន្ធ័ករណីបើកលេងល្បែងភ្នាល់ស៊ីសង(ជល់មាន់)ដោយខុសច្បាប់។

សូមរំលឹកថា អ្នកញៀនល្បែងស៉ីសង់ជល់មាន់ជាច្រើននាក់ បាននាំគ្នារត់ចែងជើងគ្នា ក្នុងនោះមាន៣នាក់រត់មិនទាន់គេ ក៏ត្រូវឃាត់ខ្លួនជាប់ដោយកម្លាំងនគរបាល ប៉ុស្ដិ៍ទួលសង្កែទី១ បន្ទាប់ពីទទួលបានបទបញ្ជាដើម្បីបង្ក្រាបពីលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ។

ការលបឆ្មក់ឡោមព័ទ្ធបង្ក្រាបសង្វៀនជល់មាន់ ហើយឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែង ចំនួន៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួន ខាងលើនេះ បានអនុវត្តឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចដីឡូគ្មានលេខមួយកន្លែង តាមផ្លូវលំ ក្នុងក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបសង្វៀនជល់នេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមអ្នកញៀនល្បែងផ្សេងទៀត ដែលរត់ចែកជើងគ្នា, កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ សហការ និងកម្លាំងខណ្ឌ បានដកហូតវត្ថុតាងពាក់ព័ន្ធ រួមមាន៖ មាន់៧ក្បាល, ជញ្ជីង១, ស្កុតរំខ្នាយមាន់១០ដុំ, និងខ្នាយដែក ចំនួន២ (១គូ) ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត បានឲ្យដឹងផងដែរថា ជនសង្ស័យដែលឃាត់ខ្លួនទី១. ឈ្មោះ មក កេង អាយុ៣៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម១០ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១, ទី២. ឈ្មោះ សៀក ផានី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ និងទី៣. ឈ្មោះ កែ ប៊ុនធៀន អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ៕